(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងការដឹងគុណ និងអរគុណដូនតាខ្មែរគ្រប់ជំនាន់ ដែលខំបន្សល់កេរមរតកទុកឱ្យអ្នកជំនាន់ក្រោយ ហើយសម្តេចប្រកាសថា កម្ពុជានឹងខិតខំដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកបន្តទៀត។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីគណៈកម្មាការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តយល់ព្រមចុះ «គុនល្បុក្កតោ» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចសូមយកឱកាសនេះ ប្រកាសជាថ្មីអំពីជោគជ័យ និងមោទនភាព ដែល «គុនល្បុក្កតោ» កម្ពុជាត្រូវបានដាក់ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ សម្តេចបានលើកឡើង៣ចំណុចទាក់ទងនឹងជោគជ័យនេះ ក្នុងនោះរួមមាន៖

១៖ ដំបូងយើងត្រូវតែអរគុណដល់ដូនតាយើងគ្រប់ជំនាន់ ដែលខំបន្សល់ស្នាដៃ ទុកឱ្យអ្នកជំនាន់ក្រោយ។ បើដូនតាយើង មិនបន្សល់អ្វីទុកឱ្យយើងទេ យើងក៏គ្មានលទ្ធភាពឯណា ដើម្បីយកទៅដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ឬក៏ដាក់ទាំងរូបិយ និងអរូបិយ ផងដែរ។

២៖ យើងគួរតែអរគុណដល់កីឡាករកីឡាការិនី «គុនល្បុក្កតោ»ទាំងអស់ដែលបានខិតខំងើបឈរឡើងប្រមូលដើមទុន ដោយចាប់ផ្តើុមងើបចេញក្រោយការរំដោះនៅឆ្នាំ១៩៧៩ ព្រោះថាអ្វីៗត្រូវបានបំផ្លាញអស់ក្នុងសម័យប៉ុលពត។ សម្តេចបានកោតសរសើរចំពោះកីឡាករកីឡាការិនី គ្រូបង្ហាត់ ដែលបានខិតខំព្យាយាម រក្សានូវអត្តសញ្ញាណជាតិមួយនេះ តាមរយៈការរុញជាបណ្តើររហូតដល់យើងយកក្បាច់គុននេះជាក្បាច់គុននៃកងយោធពលខេមរភូមិន្ទ។ វត្តមានកីឡាល្បុក្កតោ នៅអង្គរសង្ក្រាន្តជារៀងរាល់ឆ្នាំពេលមុននោះ បានជំរុញល្បឿន នៃការដាក់ក្បាច់គុននេះឱ្យទទួលស្គាល់ដោយយូណេស្កូ។ សម្តេចប្រកាសថា ចូលឆ្នាំខ្មែរ ឆ្នាំ២០២៣ ខាងមុខ យើងនឹងធ្វើអង្គរសង្ក្រាន្តសារជាថ្មីឡើងវិញ។

៣៖ សម្តេចបានយកឱកាសនេះ ថ្លែងអំណរគុណចំពោះក្រសួងវប្បធម៌ វិចិត្រ និងសិល្បៈ និងគណៈកម្មាធិការអូឡាំពិកកម្ពុជា ដែលបានខិតខំជំរុញកិច្ចការងារនេះ រហូតដល់បានសម្រេច។ មុនពេលប្រជុំអាស៊ាន សម្តេចក៏បានទទួលរបាយការណ៍រួចហើយអំពីការអនុម័តរបស់អង្គការយូណេស្កូ នៅប្រទេសបារាំង ប៉ុន្តែយើងត្រូវរង់ចាំដោយមិនបំពានរហូតដល់ម្សិលមិញ ដែលគណៈកម្មការគោះជួងទទួលយក «គុនល្បុក្កតោ» កម្ពុជាជាសម្បត្តិអរូបិយមនុស្សជាតិ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសថា យើងនឹងបញ្ចូលថែមទៀតនូវសម្បត្តិដូនតារបស់យើងតែម្តង៕