(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានប្រកាសថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ រាជរដ្ឋាភិបាលនឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តសារជាថ្មីឡើងវិញ បន្ទាប់ពីអាក់ខានដោយសារជំងឺកូវីដ១៩។

ការថ្លែងបញ្ជាក់យ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញបិទព្រឹត្តិការណ៍កីឡាជាតិលើកទី ៣ និងកីឡាជនពិការជាតិលើកទី ១ ឆ្នាំ២០២២ នាពហុកីឡដ្ឋានមរតកតេជោ នៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកានេះ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការដែល «គុនល្បុក្កតោ» របស់កម្ពុជា ឆាប់ទទួលបានការចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ក៏មានចំណែកនៃការរៀបចំបង្ហាញក្បាច់គុននេះ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាពេលកន្លងមកផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំក៏សូមបញ្ជាក់ជូនចំពោះបងប្អូនជនរួមជាតិ នៅទូទាំងប្រទេសឲ្យបានជ្រាបថា នៅចូលឆ្នាំខ្មែរ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ យើងនឹងធ្វើអង្គរសង្ក្រាន្តសារជាថ្មីម្តងទៀត ពេលនោះសង្ឃឹមថាកីឡាល្បុក្កតោរបស់យើង នឹងក្លាយទៅជានិមិត្តរូបដ៏សំខាន់ នៃការជួបជុំនៅក្នុងអង្គរសង្ក្រាន្តនៅពេលនោះ»

សូមជម្រាបថា ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ការរៀបចំព្រឹត្តិការណ៍ត្រូវបានខកខានប្រារព្ធរយៈពេល២ឆ្នាំ។ ប៉ុន្តែសម្រាប់ឆ្នាំ២០២៣ ខាងមុនេះ រាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យ អាជ្ញាធរខេត្តសៀមរាប សហការគ្នាជាមួយស្ថាប័នពាក់ព័ន្ធ រៀបចំអង្គរសង្ក្រាន្ត នៅតំបន់រមណីយដ្ឋានអង្គរឡើងវិញ ក្នុងការទាញយកភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្តសប្បាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងត្រូវរៀបចំឡើងរយៈពេល៣ថ្ងៃ នៅថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២៣៕