(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីពិទ ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ដែលរៀបចំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ធ្វើឡើង ក្រោមពាក្យស្លោក «កីឡានាំមកនូវសន្តិភាពនិងការអភិវឌ្ឍ» មានរយៈពេលប្រមាណ ១២ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១៖

* សម្តេចតេជោ ហ៊ុន សែន អបអរសាទរដល់ជ័យលាភី ដែលបានខិតខំហ្វឹកហាត់ និងខិតខំប្រឹងប្រែងក្នុងការប្រកួត រហូតដល់ទទួលបានជ័យជំនះជាទីមោទនៈនេះ

* សម្តេចតេជោ ហ៊ុន សែន យកឱកាសនេះ អបអរសាទរចំពោះការដាក់បញ្ចូលល្បែង «គុនល្បុក្កតោ» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ យើងនឹងធ្វើអង្គរសង្ក្រាន្តសារជាថ្មីឡើងវិញ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ចាប់តាំងពីឆ្នាំ២០០៨ មកដល់ពេលនេះ យើងបានបញ្ចូលជាបន្តបន្ទាប់ ទៅក្នុងបេតិកភណ្ឌពិភពលោក ទាំងរូបិយ និងអរូបិយ

* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជានឹងបញ្ចូលទ្រព្យសម្បត្តិដូនតាខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកបន្តបន្ទាប់ថែមទៀត

* សម្តេចតេជោ ហ៊ុន សែន ប្រកាសចូលរួមប្រកួតអុក នៅឆ្នាំ២០២៤ ខាងមុខ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិតជាមានមោទនភាពចំពោះការរៀបចំពិធី និងដំណើរ ការនៃការប្រកួតដ៏ល្អនេះ ដែលបានទាក់ទាញអ្នកទស្សនាផ្ទាល់ជាង៤ម៉ឺននាក់ និងអ្នកទស្សនាតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរាប់លាននាក់ផងដែរ ។

* សម្តេចតេជោ ហ៊ុន សែន សូមកោតសរសើរដល់ថ្នាក់ដឹកនាំ និងគណៈកម្មាធិការរៀបចំការប្រកួត ជាពិសេសសិល្បករ-សិល្បការិនី និងយោធិនបញ្ជាការដ្ឋាន- អង្គរក្សចំពោះកិច្ចខិតខំប្រឹងប្រែងហ្វឹកហាត់ និងការសម្ដែង ប្រកបដោយ ទេពកោសល្យ ដែលនេះបង្ហាញនូវកិច្ចសហការល្អ ក្នុងស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ។

* សម្តេចតេជោ ហ៊ុន សែន សូមរំលឹកដល់ក្មួយៗកីឡាករ-កីឡាការិនីថា ការឈ្នះចាញ់ពីការប្រកួតកីឡា គឺជាមេរៀននិងបទពិសោធន៍ សម្រាប់ក្មួយៗ ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរ ដើម្បីលើកកម្ពស់ជំនាញវិជ្ជាជីវៈកីឡាបន្ថែមទៀត ។ ផ្ទុយទៅវិញ ការអាក់អន់ចិត្ត ឬ ការបាក់ទឹកចិត្តដោយសារការចាញ់ក្នុងការ ប្រកួតអាចធ្វើឱ្យក្មួយៗបាត់បង់នូវការតស៊ូនិងការខិតខំប្រឹងប្រែង បន្តដើម្បីយកឈ្នះក្នុងការប្រកួតនៅពេលអនាគត។ ចំពោះអ្នកឈ្នះត្រូវបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីរក្សាគុណផលកីឡារបស់ខ្លួនសម្រាប់ឈានដល់ការដណ្តើម បានជ័យជំនះជូនជាតិមាតុភូមិក្នុងការប្រកួតកម្រិតអន្តរជាតិ ។

* សម្តេចតេជោ ហ៊ុន សែន មានសុទិដ្ឋិនិយម និងសូមអបអរសាទរចំពោះក្រុមកីឡាករ-កីឡាការិនីក្រសួងស្ថាប័ន និងរាជធានី-ខេត្ត ដែលបាន ទទួលចំណាត់ថ្នាក់ល្អ និងមេដាយច្រើនជាងគេ។ ខ្ញុំសូមលើកទឹកចិត្តឱ្យបន្តយកចិត្តទុកដាក់ពង្រឹងសមត្ថភាពជំនាញកីឡា និង បំផុសចលនាកីឡាក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួនឱ្យកាន់តែរីកចម្រើនថែមទៀត។ ចំពោះក្រសួងស្ថាប័ន រាជធានី-ខេត្តដែលទទួលបាន លទ្ធផលមិនល្អ សូមបន្តយកចិត្តទុកដាក់កែលម្អ និងខិតខំប្រឹងប្រែងបន្ថែម ដើម្បីសម្រេចបានលទ្ធផលល្អក្នុងការប្រកួតកីឡាជាតិលើកទី ៤ និងកីឡាជាតិជនពិការលើកទី២ នៅឆ្នាំ២០២៤ខាងមុខ។

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងជាញឹកញាប់នៅក្នុងព្រិត្តិការណ៍កីឡាវិស័យកីឡាដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងទំនាក់ទំនង ការបង្កើនសាមគ្គីភាព និងការលើកកម្ពស់មូលធនសង្គមដែលទាំងនេះ គឺជាកត្តាកំណត់ដ៏សំខាន់ក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធផលខ្ពស់។ ការរៀបចំ និងការចូលរួមក្នុងការប្រកួតកីឡាបង្កើនការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងកីឡាករ-កីឡាការិនី ក៏ដូចជាក្រសួង ស្ថាប័ន និងរាជធានី-ខេត្ត ដែលបានចូលរួមក្នុងការប្រកួតទាំងអស់។

* ជាងនេះទៀតកីឡាក៏រួមចំណែកដល់ការកាត់បន្ថយភាព តានតឹងក្នុងអារម្មណ៍ បញ្ចៀសបាននូវការប្រព្រឹត្តិបញ្ហាសង្គមនានា ដូចជាការប្រើប្រាស់ថ្នាំញៀន និងអំពើហិង្សា រក្សាបាននូវកម្លាំងកាយរឹងមាំ និងការលើកកម្ពស់សុខភាពល្អ ដែលជាកត្តាកំណត់ដ៏សំខាន់សម្រាប់បង្កើនផលិតភាពពលកម្ម និង ភាពរឹងមាំនៃសេដ្ឋកិច្ចជាតិ ។ ជារួម កីឡាជួយពង្រឹងសុខភាពផ្លូវកាយរឹងមាំ លើកកម្ពស់សុខភាពផ្លូវចិត្ត បង្កើនផលិតភាពការងារ បង្កើនបញ្ញាឈ្លាសវៃ លើកកម្ពស់គុណភាពជីវិតនិងមានសុភមង្គលក្នុងក្រុមគ្រួសារ ព្រមទាំងលើកកម្ពស់សុខដុមនីយកម្មក្នុងសង្គមទាំងមូល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីជំរុញលើកកម្ពស់វិស័យកីឡាកម្ពុជា និងត្រៀមខ្លួន សម្រាប់ការប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ ខ្ញុំសូមផ្តល់នូវទស្សនៈនិងចំណុចគន្លឹះមួយចំនួនដូចខាងក្រោម ៖

១. ក្រសួងស្ថាប័ន និងអាជ្ញាធររាជធានី-ខេត្តដែលមិនទាន់ មានក្រុមកីឡាចូលរួមប្រកួត ត្រូវបង្កើតអង្គភាពកីឡា ឬ សមាគម កីឡាប្រចាំក្រសួងស្ថាប័ន អាជ្ញាធររាជធានី-ខេត្តរបស់ខ្លួនដោយមានយន្តការគ្រប់គ្រងដឹកនាំច្បាស់លាស់ មានតម្លាភាព ក្នុងការគ្រប់គ្រង និងបង្កើនសមត្ថភាពកីឡាករ-កីឡាការិនីរបស់ខ្លួនជាប្រចាំសម្រាប់ចូលរួមក្នុងការប្រកួតថ្នាក់ជាតិ និង អន្តរជាតិ ។

២. ក្រសួងស្ថាប័ន និងអាជ្ញាធររាជធានី-ខេត្តត្រូវយកចិត្តទុកដាក់ក្នុងការបង្កើតក្រុមកីឡាដែលខ្លួនមានឧត្តមភាព និង ត្រូវរៀបចំការប្រកួតក្នុងក្របខ័ណ្ឌផ្ទៃក្នុង តាមពេលវេលា សមស្របសម្រាប់ពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនី ដើម្បីចូលរួមក្នុងការប្រកួតកីឡាជាតិលើកទី ៤ និងកីឡា-ជាតិជនពិការលើកទី ២ ឱ្យបានកាន់តែច្រើន ។

៣. គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ ត្រូវជំរុញល្បឿននៃការត្រៀមខ្លួនឱ្យបានគ្រប់ជ្រុងជ្រោយជាស្រេច ដើម្បីធានាបាននូវជោគជ័យខ្ពស់ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាកម្រិត អន្តរជាតិដ៏ធំជាប្រវត្តិសាស្ត្រនេះ ។

៤.គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្ត ត្រូវពង្រីកកិច្ចសហការឱ្យបានជិតស្និទ្ធប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធ- តួអង្គតែមួយ ” ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ជាបន្ទាន់សំដៅធានាបានប្រសិទ្ធភាពក្នុងការដឹកនាំ ការគ្រប់គ្រង និងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំនៅឆ្នាំ ២០២៣ ។

៥. ខ្ញុំសូមអំពាវនាវដល់វិស័យឯកជន ក្រុមហ៊ុន សហគ្រាស និងសប្បុរសជនទាំងអស់ សូមចូលរួមដល់មូលនិធិកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ ដើម្បីរួមចំណែកដល់ភាព ជោគជ័យនៃការរៀបចំការប្រកួតកីឡាកម្រិតអន្តរជាតិនេះ។

៦. ខ្ញុំសូមអំពាវនាវដល់ប្រជាជនទាំងអស់ សូមប្រកាន់ខ្ជាប់នូវស្មារតី “ប្រជាជនម្នាក់ជាម្ចាស់ផ្ទះម្នាក់” ពិសេសប្រជាជន នៅតាមរាជធានី-ខេត្ត ដែលត្រូវត្រៀមទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ សូមរៀបចំអនាម័យ ថែរក្សាបរិស្ថានឱ្យបានល្អ និងរៀបចំតុបតែងលម្អ ដើម្បីលើកកម្ពស់សោភ័ណភាពមូលដ្ឋានរបស់ខ្លួន សំដៅលើក មុខមាត់កម្ពុជា និងទាក់ទាញការចាប់អារម្មណ៍របស់ប្រតិភូ-កីឡា និងភ្ញៀវអន្តរជាតិទាំងអស់ ដែលនឹងអញ្ជើញមកចូលរួមការប្រកួតនៅកម្ពុជានៅឆ្នាំ ២០២៣ ខាងមុខនេះ។

៧. ខ្ញុំសូមលើកទឹកចិត្តឱ្យបន្តរៀបចំកម្មវិធីយុទ្ធនាការអប់រំសង្គម “មានអ្វីលើសពីការប្រកួតកីឡា” (Beyond the Games) របស់សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីបង្កើនការយល់ ដឹងអំពីបច្ច័យជាវិជ្ជមាន នៃការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ កីឡាដ៏ធំជាប្រវត្តិសាស្ត្រនេះ សម្រាប់ព្រះរាជាណាចក្រកម្ពុជា។