(ភ្នំពេញ)៖ នៅល្ងាចថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីពិទ ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ដែលរៀបចំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ធ្វើឡើង ក្រោមពាក្យស្លោក «កីឡានាំមកនូវសន្តិភាពនិងការអភិវឌ្ឍ» មានរយៈពេលប្រមាណ ១២ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា។

ការប្រកួតកីឡាជាតិលើកទី៣ រៀបចំឡើងនៅរាជធានីភ្នំពេញ, ខេត្តកំពត, ព្រះសីហនុ, កែប និងខេត្តសៀមរាប លើ ៣៨ប្រភេទកីឡា, ៣៥៦វិញ្ញាសា, និងមានប្រតិភូកីឡាសរុប ៤,៣៣៦នាក់។ ដោយឡែកការប្រកួតកីឡាជនពិការជាតិលើកទី១ មានប្រតិភូកីឡាមកពីរាជធានី-ខេត្តចំនួន១៥ សរុប ២២២នាក់, មាន ៧ប្រភេទកីឡា និង ៤៩វិញ្ញាសា រួមមាន អត្តពលកម្ម ហែលទឹក បាល់បោះជិះរទេះ បាល់ទះអង្គុយ វាយសី វាយកូនឃ្លីលើតុ និងបូស្យា។

យោងតាមរបាយការណ៍របស់គណៈកម្មការប្រកួត បានឱ្យដឹងថា ក្រោមការប្រកួតដ៏ស្វិតស្វាញរយៈប្រមាណ១២ថ្ងៃនេះ ក្រសួងមហាផ្ទៃឈរនៅចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយសរុប ២១៤មេដាយ (មាស១០៤, ប្រាក់៦១, សំរឹទ្ធិ៤៩), ក្រសួងការពារជាតិឈរនៅចំណាត់ថ្នាក់លេខ២ ទទួលបានមេដាយសរុប១២៤ (មាស៦០, ប្រាក់៣៣, សំរឹទ្ធិ៣១), ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយសរុប៧៧ (មាស២៩, ប្រាក់២៤,សំរឹទ្ធិ៧៧), ខេត្តព្រៃវែង ឈរនៅចំណាត់ថ្នាក់ទី៤ ទទួលបានមេដាយសរុប៧៤ (មាស១៧, ប្រាក់២៨, សំរឹទ្ធិ២៩) ហើយខេត្តសៀមរាប ឈរនៅចំណាត់ថ្នាក់លេខ៥ ទទួលបានមេដាយសរុប៥៨ (មាស១៥, ប្រាក់២២, សំរឹទ្ធិ២១)។

ដោយឡែកលទ្ធផលនៃការប្រកួតកីឡាជនពិការជាតិលើកទី១វិញ ចំណាត់ថ្នាក់លេខ១ បានទៅលើខេត្តកណ្តាល ទទួលបានមេដាយសរុប២៨ (មាស១៥, ប្រាក់៤, សំរឹទ្ធិ៩), ចំណាត់ថ្នាក់លេខ២ បានទៅលើខេត្តស្វាយរៀង ទទួលបានមេដាយសរុប១៣ (មាស៧, ប្រាក់៥, សំរឹទ្ធិ១), ចំណាត់ថ្នាក់លេខ៣ បានទៅលើខេត្តកំពត ទទួលបានមេដាយសរុប៧ (មាស៤, ប្រាក់៣, សំរឹទ្ធិ០), ចំណាត់ថ្នាក់លេខ៤ បានទៅលើរាជធានីភ្នំពេញ ទទួលបានមេដាយសរុប២២ (មាស៣, ប្រាក់៩, សំរឹទ្ធិ១០) និងចំណាត់លេខ៥ បានទៅលើខេត្តកំពង់ស្ពឺ ទទួលបានមេដាយសរុប១០ (មាស៣, ប្រាក់៤, សំរឹទ្ធិ៣)។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាជាតិ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជារៀបចំធ្វើឡើងលើកដំបូងនៅក្នុងឆ្នាំ២០១៦។ ព្រឹត្តិការប្រកួតកីឡាជាតិ និងកីឡាជនពិការជាតិនេះ មានក្នុងគោលដៅលើកកម្ពស់គុណភាពនៃការរៀបចំការប្រកួតកម្រិតជាតិ និងឈានទៅរកស្តង់ដានៃការប្រកួតកម្រិតតំបន់ ព្រមទាំងដើម្បីត្រៀមលក្ខណៈឱ្យបានល្អ និងដណ្តើមមេដាយឱ្យបានច្រើន នៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេលប្រមាណ ៦៤ឆ្នាំមកហើយ។ ព្រឹត្តិការណ៍​​នេះត្រូវបានរៀបចំឡើងមានលំនាំដូចនឹងការប្រកួតកីឡាស៊ីហ្គេមតែម្តង ដើម្បីពង្រឹងសមត្ថភាពគណៈកម្មការរៀបចំការប្រកួតកីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍មួយនេះ។

ព្រឹត្តិការណ៍នេះក៏មានគោលបំណងផ្តល់ឱកាសដល់សហព័ន្ធកីឡាជាតិទាំងអស់អភិវឌ្ឍសមត្ថភាពមន្ត្រីបច្ចេកទេស ដែលបានបណ្តុះបណ្តាលរួចហើយ ដោយផ្តល់ ឱកាសដល់មន្ត្រីទាំងនោះបានចូលរួមក្នុងការរៀបចំ និងការកាត់សេចក្តីការប្រកួត ជាក់ស្ដែងនៅលើ ទីលានប្រកួត។

បន្ថែមពីលើនោះ ការប្រកួតនេះក៏ជាការផ្តល់ឱកាសដល់កីឡាករ កីឡាការិនី បានចូលរួមប្រកួត និងវាស់ស្ទង់គុណផលកីឡា ព្រមទាំងទទួលបានបទពិសោធន៍នៃការប្រកួត,ផ្តល់ឱកាសដល់រាជធានី ខេត្តទាំង៥ ដើម្បីសាកល្បងរៀបចំទីតាំង សម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម, តាមដាន និងត្រួតពិនិត្យការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡា។

ជាមួយគ្នានេះព្រឹត្តិការណ៍ប្រកួតកីឡាជាតិនេះ ក៏ជាការសាកល្បងការរៀបចំពិធីបើក និងពិធីបិទ សម្រាប់ត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅឆ្នាំ២០២៣ផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីកម្ពុជា តែងតែអញ្ជើញជាអធិបតីក្នុងពិធីបើក និងបិទនូវព្រឹត្តិការណ៍កីឡានេះ ដើម្បីលើកទឹកចិត្តដល់អ្នករៀបចំការប្រកួត និងកីឡាករ កីឡាការិនី ក៏ដូចជាអត្តពលិកទាំងអស់។ ជាពិសេសផ្តល់នូវទស្សនាទាននានា ដើម្បីពង្រឹងសមត្ថភាពដល់គណៈកម្មការរៀបចំការប្រកួត ប្រតិភូកីឡា កីឡាករ កីឡាការិនី និងអត្តពលិក ធ្វើយ៉ាងណាប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវស្មារតីកីឡា «កីឡាក្នុងសុខសន្តិភាព មិត្តភាព និងសុខភាព»។

ព្រឹត្តិការណ៍បិទកីឡាជាតិនៅថ្ងៃនេះ នឹងមានព្រឹត្តិការណ៍សិល្បៈជាច្រើនអមជាមួយផងដែរ មិនខុសពីពេលបើកព្រឹត្តិការណ៍នោះឡើយ។ ទស្សនីយភាពសិល្បៈដែលនឹងបង្ហាញក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ មានដូចជា៖ ការសម្តែងបទចម្រៀង «មហាគ្រួសារកីឡា», ការសម្តែងឧបករណ៍តន្ត្រីបុរាណខ្មែរ «សំឡេងព្រលឹងតន្ត្រីបុរាណខ្មែរ», ក្បួនដង្ហែអបអរសាទរ «គុនល្បុក្កតោ» ត្រូវបានចុះបញ្ជីបេតិកភណ្ឌអរូបិយនៃមនុស្សជាតិ, ទស្សនីយភាពចម្រៀង «ល្ខោនខោលសន្តិភាព» សម្តែងដោយលោក ងួន ចាន់ដេវិត, ទស្សនីយភាព «ពន្លឺអនាគតតេជោសន្តិភាព», ចម្រៀង «រស់ជាខ្លួនឯង» ដោយលោកស្រី ឱក សុគន្ធកញ្ញា, ទស្សនីយភាពចម្រៀង «Time To Rise» ដោយលោក ម៉ាន់ វណ្ណដា។ បន្ទាប់មកមានពិធីពន្លត់ភ្លើងគប់ អមដោយការអុជកាំជ្រួច និងក្បាច់រាំអន្តរជាតិ។

ព្រឹត្តិការណ៍បិទនេះ ក៏មិនខុសពីការបើកនោះដែរ គឺនឹងប្រព្រឹត្តឡើងយ៉ាងមហោឱឡារឹកជាទីបំផុត ដោយមានមហាជនចូលរួមសរុបជាង ៤ម៉ឺននាក់៕