(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លោកស្រី នី ចាន់ធីតា អភិបាលរងខេត្ត និងជាសមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ស្ដីពីការប៉ាន់ប្រមាណភាពងាយរងគ្រោះ និងសមត្ថភាពនៃកម្មវិធីពង្រឹងភាពជាដៃគូ ផ្ដោតលើការបង្ការជំងឺរាតត្បាតផ្សេងៗ ចំនួន៤ខេត្ត រួមមាន ៖ខេត្តត្បូងឃ្មុំ បន្ទាយមានជ័យ ប៉ៃលិន និងខេត្តកណ្ដាល នៅសាលាប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ។

នាឱកាសនោះ លោកស្រី នី ចាន់ធីតា បានមានប្រសាសន៍ថា ៖ បន្ទាប់ពីរដ្ឋបាលខេត្តត្បូងឃ្មុំ បានចាប់បដិសន្ធិឡើង ដែលគិតមកទល់ពេលនេះ មានអាយុកាល៨ឆ្នាំហើយ នៅក្នុងរយៈពេលនេះ សាខាកាកបាទក្រហមខេត្ត បានខិតខំបំពេញតួនាទី ភារកិច្ច ក្នុងបេសកម្មមនុស្សធម៌ ជួយជនរងគ្រោះ និងជនងាយរងគ្រោះ ទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់។

លោកស្រី បានបន្តថា ៖ ជាមួយគ្នានោះ សាខាកាកបាទក្រហមខេត្ត ក៏មានសំណាងបានទទួលជំនួយពីកាកបាទក្រហមហ្វាំងឡង់រយៈពេល៣ឆ្នាំ ម្ដងរួមមកហើយ លើគម្រោងកសាងភាពធន់ក្នុងសហគម៌ ដែលបានដំណើរការពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ទទួលបានជោគជ័យល្អប្រសើរ និងបានធ្វើពិធីបូកសរុបបិទបញ្ចប់ ព្រមទាំងមានការប្ដេជ្ញាចិត្តបន្តនិរន្តរភាពគម្រោង របស់នាយកប្រតិបត្តិសាខារហូតមកដល់សព្វថ្ងៃនេះផងដែរ។ ម្យ៉ាងទៀត នាថ្ងៃនេះទៀតសោធ សាខាកាកបាទក្រហមខេត្ត ពិតជាមានមោទនភាពយ៉ាងក្រៃលែង ដោយបានទទួលនូវជំនួយពីកាកបាទក្រហមហ្វាំងឡង់ជាបន្តទៀត អនុវត្តទៅលើកគម្រោងពង្រឹងភាពជាដៃគូផ្ដោតលើការងារបង្ការជំងឺរាតត្បាតផ្សេងៗ មានរយៈពេល៣ឆ្នាំ គិតចាប់ពីពេលនេះទៅ រហូតសល់ខែមេសាឆ្នាំ២០២៥ខាងមុខ។

លោកស្រី អភិបាលរងខេត្ត គូសបញ្ជាក់ថា ៖ វគ្គសិក្សានេះ មានគោលបំណង ដើម្បីបណ្ដុះបណ្ដាលសិក្ខាកាមទាំងអស់គ្នា ក្នុងការដើរតួនាទីជាគ្រូបង្កោល សម្រាប់ធ្វើការសម្របសម្រួលក្នុងកម្មវិធី ពង្រឹងភាពជាដៃគូ ផ្ដោតលើការងារបង្ការជំងឺរាតត្បាតផ្សេងៗ និង ធានាថាអ្នកចូលរួមទាំងអស់យល់បានពីការវាយតម្លៃ ហានិភ័យសហគមន៍ តាមរយៈអាកាសធាតុឆ្លាតវៃ និងអាចធ្វើការប្រមូលទិន្នន័យបានឆាប់រហ័ស។

ជាចុងក្រោយ លោកស្រី នី ចាន់ធីតា ផ្ដាំផ្ញើដល់សិក្ខាកាមនៃវគ្គបណ្ដុះបណ្ដាលទាំងអស់ នៅក្នុងរយៈពេល៣ថ្ងៃនេះ សូមមេត្តាយកចិត្តទុកដាក់ត្រង់ត្រាប់ស្ដាប់នូវរៀនសំខាន់ៗ ដែលបានធ្វើការសម្របសម្រួលដោយប្រតិភូម្ចាស់ជំនួយ និងក្រុមការងារនៃកាកបាទក្រហមកម្ពុជា ដើម្បីវិលទៅមូលដ្ឋានវិញ នាំយកចំណេះដឹងទាំងនេះគួបផ្សំជាមួយឧបករណ៍វាយតម្លៃ ទៅបណ្ដុះបណ្ដាលបន្ត ដល់អ្នកស្ម័គ្រចិត្តដល់មន្ត្រីសាខា មន្ត្រីអនុសាខា ក្នុងការអនុវត្តគម្រោងងង្គារជំងឺរាតត្បាត នៅក្នុងមូលដ្ឋាននៃខេត្តរៀងៗខ្លួន ឲ្យទទួលបានជោគជ័យ តាមការរំពឹងទុកផងដែរ៕