(ភ្នំពេញ)៖ មេសហជីពធំៗ៣ បានបញ្ចេញមតិសម្តែងការមិនពេញចិត្តចំពោះ សកម្មភាពអង្គការសង់ត្រាល់របស់ លោក មឿន តុលា ដែលបានធ្វើសកម្មភាពបំពានលើការងារសហជីព តាមរយៈការអូសទាញសមាជិកសហជីព និងផ្តល់ថវិកាគាំទ្រឱ្យសហជីពផ្តាច់ខ្លួនបង្កើតសហជីពថ្មីជាដើម។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ហៅកាត់ថា CUMW បានសង្កេតឃើញថា អង្គការសង់ត្រាល់ពេលនេះ បានដើរតួនាទីដូចសហជីព ខណៈដែលខ្លួនជា អង្គការសង្គមស៊ីវិលដែលចុះបញ្ជីនៅក្រសួងមហាផ្ទៃ ដែលអាចធ្វើសកម្មភាពទាក់ទងនឹងច្បាប់កំណត់ប៉ុណ្ណោះ។ ប៉ុន្តែសង់ត្រាល់បែរជាទៅធ្វើសកម្មភាពសហជីព ខុសនឹងគោលការណ៍ច្បាប់ដែលចុះបញ្ជី។

«ខ្ញុំមិនគាំទ្រទេ ព្រោះច្បាប់ថាអង្គការ គឺធ្វើសកម្មភាពឱ្យស្របតាមអ្វីដែលខ្លួនបានចុះបញ្ជី យើងមិនគាំទ្រអង្គការណាដែលធ្វើបែបនេះទេ»។ នេះជាការបញ្ជាក់របស់ លោក ប៉ាវ ស៊ីណា។

លោកអះអាងថា អង្គការសង់ត្រាល់ បានអូសទាញសមាជិករបស់លោក នៅរោងចក្រមួយក្នុងខេត្តបន្ទាយមានជ័យ ឱ្យផ្តាច់ខ្លួន ហើយបង្កើតសហជីពថ្មីមួយ ដែលលោកទាមទារឱ្យបញ្ឈប់សកម្មភាពបែបនេះ ហើយស្នើឱ្យក្រសួងមហាផ្ទៃ ត្រូវត្រួតពិនិត្យសកម្មភាពអង្គការនេះ។

លោកបញ្ជាក់ថា៖ «យើងអត់មានអំណាចអ្វីដែលហាមឃាត់ទេ មានតែស្ថាប័នដែលមានការអនុញ្ញាត ទើបមានសិទ្ធិ និងវិធានការតាមនីតិវិធី»

ចំណែក លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានចាត់ទុកថា អង្គការសង់ត្រាល់ បានលូកចូលជ្រៅពាក់ព័ន្ធនឹងវិជ្ជាជីវៈខាងសហជីព ក៏ដូចជាចងក្រងសហជីព ដែលមិនមែនជាកិច្ចការងាររបស់សង់ត្រាល់ជាដើម។ លោកថា សង់ត្រាល់ ពិតជាបានជ្រៀតជ្រែកធ្ងន់ធ្ងរ ដោយក្នុងនោះរាប់ទាំងការផ្តល់ហិរញ្ញវត្ថុផ្សេងៗនៅតាមបណ្តារោងចក្រមួយចំនួន។

«បច្ចុប្បន្ននេះ យើងឃើញថា សង់ត្រាល់មិនមែនជាអង្គការឯករាជ្យទេ គឺហាក់ពាក់ព័ន្ធនឹងឧបាយកលផ្សេងៗ អាចនឹងឈានទៅដល់ការរៀបចំបង្កើតគណបក្សក៏ថាបាននៅថ្ងៃខាងមុខ»។ នេះជាការអះអាងរបស់ លោក ហ្វា សាលី។

ទោះជាយ៉ាងណា លោកមិនប្តឹងអង្គការសង់ត្រាល់នេះទេ ប៉ុន្តែអំពាវនាវឱ្យអង្គការនេះបញ្ឈប់សកម្មភាពខាងលើជាបន្ទាន់ ហើយស្នើឱ្យក្រសួងត្រួតពិនិត្យសកម្មភាពដែលបង្កើតចលនាណាមួយខុសនឹងវិជ្ជាជីវៈ និងច្បាប់។

ជាមួយគ្នា​នេះដែរ លោក គង់ អាទិត្យ ប្រធានសម្ព័ន្ធសហជីពស៊ីខៅឌូ ក៏បានសម្តែងការមិនពេញចិត្តនឹងសកម្មភាពអង្គការសង់ត្រាល់ដែរ។ លោកយល់ឃើញថា រវាងអង្គការ និងសហជីព គួរបែងចែកការងារ និងការទទួលខុសត្រូវ ទាក់ទងនឹងការងារសង្គមឱ្យបានច្បាស់លាស់។ ប៉ុន្តែរឿងសម្រេចចិត្តយ៉ាងណាវាជារឿងផ្ទៃក្នុងរបស់អង្គការនេះ។ លោកថា ប្រសិនបើអង្គការ ចេះតែបំពានការងារសហជីព នោះច្បាស់ជាបង្កើតឱ្យមានជម្លោះជាមិនខាន។ ទោះជាយ៉ាងណា លោកមិនគិតថា សកម្មភាពសង់ត្រាល់ ជាការធ្វើនយោបាយទេ។

សូមបញ្ជាក់ថា សហភាពសហជីព និងសហព័ន្ធសហជីព ដែលមានសំឡេងនិងសមាជិកលើសលប់នៅប្រទេសកម្ពុជា​ បានដាក់លិខិតទៅលោក មឿន តុលា នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) ដោយសម្តែងការខកចិត្តជាខ្លាំងបន្ទាប់ពីបានទទួលព័ត៌មាន និងពិនិត្យឃើញជាក់ស្តែងជាបន្តបន្ទាប់ថា បុគ្គលដែលបានតាំងខ្លួនជាមន្ត្រីរបស់អង្គការ CENTRAL បានកំពុងធ្វើចលនាលួចលាក់ក្នុងការញុះញង់អូសទាញតំណាងសហជីពមូលដ្ឋាន ជាសមាជិករបស់គេ។

សហភាពសហជីព និងសហព័ន្ធសហជីពទាំងនោះ បានអះអាងថា មន្ត្រីរបស់អង្គការ CENTRAL បានកំពុងធ្វើចលនាលួចលាក់ក្នុងការញុះញង់អូសទាញតំណាងសហជីពមូលដ្ឋាន ជាសមាជិករបស់ពួកគេ ដែលបានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាល និងសិក្ខាសាលានានា របស់អង្គការ CENTRAL ឲ្យធ្វើការផ្តាច់ខ្លួនទៅបង្កើតសហជីពថ្មី តាមរយៈការសន្យាផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ។

សហភាពសហជីព និងសហព័ន្ធសហជីពទាំងនោះ ចាត់ទុកថា សកម្មភាពលួចលាក់ទាំងអស់នេះ ធ្វើឲ្យមានការបែកបាក់សាមគ្គីភាព និងឯកភាពក្នុងចលនាកម្មករនិយោជិត និងធ្វើឲ្យសំឡេងឯកភាពរួមរបស់សហជីពចុះទន់ខ្សោយ ដែលផ្ទុយពីទិសដៅរួម និងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេទាំងអស់គ្នា ដែលជាយថាហេតុធ្វើឲ្យប៉ះពាល់ និងខូចខាតផលប្រយោជន៍បច្ចុប្បន្ន និងអនាគតរបស់កម្មករនិយោជិតនៅកម្ពុជា។ លើសពីសកម្មភាពទាំងនេះ គឺផ្ទុយទៅនឹងគោលការណ៍ទូទៅនឹងការលើកកម្ពស់ចលនាកម្លាំងកម្មករនិយោជិត និងអាចឈានទៅរំលោភច្បាប់ជាធរមាន៕