Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខណ្ឌ៧មករា ដឹកនាំក្រុមការងារ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវ និងជួសជុលលូ

17-06-2016 16:05

(ភ្នំពេញ)៖ លោក លឹម សុភា អភិបាលខណ្ឌ៧កមរា នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យការដ្ឋាន សាងសង់ផ្លូវនិងជួសជុលលូ២កន្លែង ដើម្បីឆ្លើយនឹងតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន។

ក្នុងនោះដែរអាជ្ញាធរខណ្ឌ៧មករា បានប្រឹងប្រែង ក្នុងកិច្ចការជំហានដំបូង រដូវការមកដល់ គឺវិធានរំដោះទឹកឲ្យផុតខណៈដែលមានភ្លៀង ខ្លាំងម្តងៗផ្លូវមួយចំនួនក្នុងមូលដ្ឋាន ត្រូវបានលិចទឹក បើតាមការសង្កេតនោះ ទោះជាមានការជួសជុល និងសាងសង់លូធំៗរយៈពេល កន្លងមកដោយ សាលារាជធានីភ្នំពេញក៏ដោយ ប៉ុន្តែមិនអាចទប់ទល់ឈ្នះ ទៅនឹងទំហំជំនន់ ទឹកភ្លៀងម្តងៗ។

ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននេះហើយ ទើបអាជ្ញាធរខណ្ឌ៧មករា កំពុងខិតខំប្រឹងប្រែងបន្តជីកប្រព័ន្ធលូ គឺដូរលូចាស់ ដាក់លូថ្មី ដែលមានទំហំធំជាងមុន ហើយមានលក្ខណៈបច្ចេកទេស និងគុណភាពប្រសើរជាងមុន ដើម្បីឆ្លើយតបទៅនឹង កំណើនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌ៧មករានេះ។

លោក លឹម សុភា អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បានបញ្ជាក់ថា អាជ្ញាធរខណ្ឌបានចុះទៅពិនិត្យផ្លូវបេទីម ចាក់កៅស៊ូប្រណីត នៅលើកំណាត់ផ្លូវខ្សែទី១ ផ្លូវលេខ១១៨ ដែលផ្លូវនេះកែងនឹងផ្លូវលេខ២១៥ និងបន្តដល់ផ្លូវលេខ២៧១ ដែលមានប្រវែង៤៥២ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្ពស់៥សង់ទីម៉ែត្រ។

ជាមួយគ្នានោះដែរ លោកអភិបាល ក៏បានដឹកនាំក្រុមការងារ ចុះពិនិត្យការដ្ឋានជីកផ្លាស់ប្តូរ លូចាស់ដាក់លូថ្មី មានគុណភាពស្តង់ដារ ដែលអាចរំដោះទឹកនៅតំបន់នេះបាន ខែ្សទី២ គឺមានប្រវែងសរុប៥៤៧ម៉ែត្រ លើកំណាត់ផ្លូវលេខ២១៣ ចាប់ពីផ្លូវលេខ១៨២ ដល់ផ្លូវលេខ ៣៣៦ មានប្រវែង៣៨៥ម៉ែត្រ និងកំណាត់ផ្លូវលេខ២០៦ ចាប់ពីផ្លូវលេខ២១៥ ដល់ផ្លូវលេខ២១១ ប្រវែងសរុប១៦២ម៉ែត្រ។

បន្ថែមពីនេះ លោកអភិបាល ក៏សូមសំណូមពរដល់ប្រជាពលរដ្ឋថា ខណៈការដ្ឋានកំពុងសាងសង់នេះ ធ្វើឲ្យមានការអាក់អានក្នុងការធ្វើ ការដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ហើយលោកនឹងខិតខំប្រឹងប្រែង ឲ្យខាងជំនាញធ្វើឲ្យបានប្រញាប់ នៅពេលដែលធ្វើរួចរាល់ទឹកនឹង លែងជន់លិច និងធ្វើឲ្យទីធ្លាផ្លូវនេះល្អប្រសើរជាងមុន។

ជាងចុងក្រោយ លោកអភិបាលក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមថែរក្សាទាំងផ្លូវថ្នល់ និងលូឲ្យបានល្អទាំងអស់គ្នា ពោលគឺ កុំចោលសំរាម ឬរបស់រឹង​ចូលក្នុងមាត់លូ ប្រយោជន៍បញ្ជៀសការកកស្ទះ៕