(ភ្នំពេញ)៖ បណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងថា ក្រុមប្រឹក្សាជាតិគាំពារសង្គម បានកំណត់អត្តសញ្ញាណគ្រួសារ ដែលត្រូវទទួលប្រាក់ឧបត្ថម្ភពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណាហើយ ដែលក្នុងដំណាក់កាលទី១នេះ មានចំនួនប្រមាណពី៣០ម៉ឺនទៅ៦០ម៉ឺនគ្រួសារ នៅទាំង២៥រាជធានីខេត្ត ដែលរដ្ឋអាចនឹងចាប់ផ្តើមប្រាក់ឧបត្ថម្ភលើកដំបូង នៅមុនដំណាច់ឆ្នាំ២០២២នេះ។
ការលើកឡើងរបស់បណ្ឌិត ចន ណារិទ្ធ ធ្វើឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងការដាក់ឱ្យដំណើរការយន្តការផ្សព្វផ្សាយជាតិគាំពារសង្គម ដំណាក់កាលទី២ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅភោជនីយដ្ឋានទន្លេបាសាក់២។
លោកបណ្ឌិត ចន ណារិទ្ធ បានថ្លែងថា ប្រជាពលរដ្ឋគោលដៅដែលនឹងទទួលការឧបត្ថម្ភ ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដោយសម្ពាធអតិផរណា គឺជាគ្រួសារស្ថិតនៅក្បែរក្រ ដែលកម្មវិធីអាចនឹងជួយទប់ពួកគាត់ កុំឱ្យធ្លាក់ទៅក្នុងភាពក្រីក្រ។
លោកបន្ថែមថា គ្រួសារដែលត្រូវកំណត់អត្តសញ្ញាណ សម្រាប់ការឧបត្ថម្ភសាច់ប្រាក់ ដោយសម្ពាធអតិផរណានេះគឺយោងលើទិន្នន័យអង្កេតសង្គមសេដ្ឋកិច្ចប្រចាំគ្រាធ្វើជាមូលដ្ឋាន ដើម្បីធ្វើការប៉ាន់ស្មានដោយស្ថិតចន្លោះពី៣០ម៉ឺន ទៅ៦០ម៉ឺនគ្រួសារ ដែលទិន្នន័យនេះ គឺមានសង្គត់ភាពជាមួយនឹងការប៉ាន់ស្មាន។
លោកបញ្ជាក់យ៉ាងដូចដូច្នេះថា «ឥឡូវនេះ យើងបានវេចខ្ចប់ទិន្នន័យរួចហើយ នៅក្នុងដំណាក់កាលទី១នេះសិន ដើម្បីកុំឱ្យបងប្អូនប្រជាពលរដ្ឋលោករង់ចាំយូរពេក។ ហេតុនេះយើងធ្វើមួយជំហានសិន ដើម្បីដាក់កម្មវិធីឱ្យអនុវត្ត ដែលជាគោលការណ៍ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិ គាំពារសង្គម កំពុងតែគោរពសុំគោលការណ៍ ដើម្បីចេញសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជាតិ ដើម្បីដាក់ឱ្យអនុវត្តកម្មវិធីនេះ ក្នុងពេលឆាប់ៗខាងមុខ។ [...] ក្នុងមួយខែកន្លងមកនេះ ក្រុមការងារ បានធ្វើការកំណត់អត្តសញ្ញាណគ្រួសារ ដែលត្រូវទទួលបានការឧបត្ថម្ភពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ដើម្បីដឹងពីទីតាំងថាពួកគាត់នៅឯណាខ្លះ និងចំនួនសមាជិកគ្រួសារមានប៉ុន្មាន»។
លោកបានថ្លែងបន្តថា ការដាក់ចេញកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ គឺជាគោលដៅរបស់រាជរដ្ឋាភិបាល ហើយកម្មវិធីនឹងចាប់ផ្តើមការអនុវ ត្តបើកប្រាក់ឧបត្ថម្ភលើកទី១ នៅចុងឆ្នាំ២០២២នេះ។ ប៉ុន្តែយ៉ាងណាមិញ កម្មវិធីនេះអាចនឹងមិនមានរយៈ
យូរនោះទេ ស្របពេលដែលស្ថានភាពសេដ្ឋកិច្ច នៅកម្ពុជាក៏មានលក្ខណៈប្រសើរឡើង ជាបន្តបន្ទាប់ផងដែរ។
កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យអំឡុងពេលមានសម្ពាធអតិផរណា គឺជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់មួយទៀត បន្ថែមពីលើកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩។ កម្មវិធីនេះគឺមានចរិកលក្ខណៈ ជាការឧបត្ថម្ភសាច់ប្រាក់ក្នុងពេលមួយគ្រា ក្នុងអំឡុងពេលមានវិបត្តិ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ។
គួរជម្រាបផងដែរថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលរាជរដ្ឋាភិបាលបានចាប់ផ្តើមអនុវត្តចាប់ខែមិថុនា ឆ្នាំ២០២០ មកទល់នឹងខែវិច្ឆិកា ឆ្នាំ២០២២នេះ មានចំនួន១១ជុំ និង២៩លើក ដោយបានឧបត្ថម្ភដល់គ្រួសារជាង៧០ម៉ឺនគ្រួសារ និងចំណាយប្រមាណជាង ៣ ៤៧៣ ប៊ីលានរៀល ឬប្រមាណជាង៨៦៨លានដុល្លារ៕