(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បាននាំយកថវិកាបេឡាមរណសង្គ្រោះ១៦លានរៀល ទៅប្រគល់ជូនគ្រួសារសព សមាជិកសមាគមអតីតយុវជនកម្ពុជា ដល់លំនៅដ្ឋាន។
ពិធីនេះត្រូវបានប្រារព្ធនៅព្រឹកថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៦ ក្នុងបរិវេណផ្ទះយុទ្ធជនមរណៈ ស្ថិតក្នុងភូមិអូរបាក្រងក្រោម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីមន្ត្រីរាជការជាច្រើននាក់ផងដែរ។
ក្នុងនោះដែរ លោក ញ៉ឹក សារ៉េត ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តពោធិ៍សាត់ បានឲ្យដឹងថា គ្រួសារសព សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដែលមកទទួលប្រាក់បេឡាមរណសង្រ្គោះនាពេលនេះ មាន៤គ្រួសារ គឺទី១គ្រួសារសពឈ្មោះ ឡុង នី ជាប៉ូលីស ទទួលមរណភាព នៅឆ្នាំ២០១៦ ទីលំនៅក្នុងស្រុកកណ្តៀង ទី២គ្រួសារសពឈ្មោះ ឃុំ ឃឿន ជាពលីសេនាជន ទទួលមរណភាព នៅឆ្នាំ២០១៦ ទីលំនៅក្នុងស្រុកកណ្តៀង ទី៣គ្រួសារសពឈ្មោះ យិន សាវឿន ជាពិការយោធា ទទួលមរណភាព នៅឆ្នាំ២០១៦ ទីលំនៅក្នុងក្រុងពោធិ៍សាត់ និងទី៤គ្រួសារសពឈ្មោះ នង ភួន ជាពិការយោធា ទទួលមរណភាព នៅឆ្នាំ២០១៦ ទីលំនៅក្នុងក្រុងពោធិ៍សាត់ ដោយឡែកក្នុងមួយគ្រួសារទទួលបានថវិកា៤លានរៀល។
បន្ថែមពីនេះ លោក ម៉ៅ ធនិន បានពាំនាំនូវការសាកសួរសុខទុក្ខ និងបានចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំបំផុតពីសំណាក់ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដល់គ្រួសារសព ដែលបានបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់ និងព្រមទាំងបានកោតសរសើរ ដល់វីរៈភាពដ៏អង់អាចក្លាហាន ដោយបានលះបង់ នូវកម្លាំងកាយចិត្តក្នុងការ ការពារទឹកដីកន្លងមក។ ជាងនេះទៅទៀត លោកបានផ្តាំផ្ញើដល់គ្រួសារសពសមាគមទាំង៤គ្រួសារ ដែលទទួលបានថវិកានេះ ត្រូវយកទៅប្រើប្រាស់ឲ្យចំគោលដៅ ដើម្បីឲ្យជីវភាពមានការកើនឡើង។
ជាងចុងក្រោយ លោកអភិបាលខេត្ត ក៏បានចែកអំណោយបន្តិចបន្តូចដល់ប្រជាពលរដ្ឋដែលបានចូលរួម១៥០នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ផងដែរ៕