(ភ្នំពេញ)៖ ដើម្បីចូលរួមទប់ស្កាត់ ការកកស្ទះចរាចរណ៍នៅបញ្ជរបង់ប្រាក់ ក៏ដូចជាផ្តល់ភាពងាយស្រួល ជូនដល់អ្នកបើកប​រ នៅលើផ្លូវល្បឿនលឿន ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ផ្តល់នូវការបំពាក់ឧបករណ៍ ETC-OBU ជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ នៅគ្រប់បញ្ជរបង់ប្រាក់ទាំង៨ទីតាំងនៃផ្លូវល្បឿនលឿន។

សូមបញ្ជាក់ដែរថា ឧបករណ៍ ETC-OBU (Electric Toll Collection - On Board Unit) ជាឧបករណ៍ដាក់ភ្ជាប់នឹងរថយន្ត ដើម្បីកាត់លុយដោយស្វ័យប្រវត្តិ នៅតាមច្រកចេញ ដោយមិនចាំបាច់ឈប់នៅបញ្ជរបង់ប្រាក់នោះឡើយ ដោយគ្រាន់តែចេញពីផ្លូវល្បឿនលឿន នៅតាមគន្លង ETC នៅក្នុងល្បឿនដែលបានកំណត់ នោះម៉ាស៊ីននឹងកាត់លុយដោយស្វ័យប្រវត្តិតែម្តង។

ប្រភពពីមន្ត្រីជំនាញក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងទៀតថា ដើម្បីទទួលបានឧបករណ៍ ETC-OBU នេះ សូមប្រជាពលរដ្ឋភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណម្ចាស់យានយន្ត បណ្ណសំគាល់យានយន្ត ឬវិញ្ញាបនបត្រត្រួតពិនិត្យបច្ចេកទេសយានយន្ត (ឆៀក)។ ចំពោះគន្លងនេះប្រជាពលរដ្ឋអាចបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខសម្គាល់យានយន្តជាមុន តាមកម្មវិធីធនាគារក្នុងទូរស័ព្ទដៃ (Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

បច្ចុប្បន្នមានគ្រឹះស្ថានដៃគូ ចំនួន៧ ដែលបានដាក់ឱ្យប្រើប្រាស់នូវកម្មវិធី Mobile Banking ដើម្បីបញ្ចូលសមតុល្យទឹកប្រាក់ តាមរយៈផ្លាកលេខសម្គាល់យានយន្ត ក្នុងនោះរួមមាន៖ ធនាគារ ជីបម៉ុង (Chip Mong Bank) ធនាគារ អេស៊ីលីដា (ACLEDA Bank) ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA Bank) ធនាគារវីង(Wing Bank) និងធនាគារ វឌ្ឍនៈ(VATTANAC Bank) ធនាគារកាណាឌីយ៉ា (Canadia Bank) និង លីហួរវេរលុយ ។

សូមចូលទៅកាន់វែបសាយ ដែលអាចប្រើប្រាស់ធនាគារទូទាត់កម្រៃប្រើប្រាស់ផ្លូវល្បឿនលឿនបានតាម https://ew.mpwt.gov.kh បន្ថែមពីលើជម្រើសការប្រើប្រាស់​គន្លងផ្លូវETC បងប្អូនក៏អាចជ្រើសយកការចេញចូលតាមគន្លងANPR ផងដែរ ដែលតម្រូវឱ្យបញ្ចូលសមតុល្យជាមុនទៅក្នុងផ្លាកលេខដូចគ្នា។ ទំនាក់ទំនងព័ត៌មានពីសេវាកម្ម៖ 1399 ព័ត៌មានទូទៅ៖ 1275 ៕