(ភ្នំពេញ)៖ លោក ងួន ញ៉ិល អនុប្រធានទី២នៃរដ្ឋសភា និងជាប្រធានគណៈកម្មការ រៀបចំមហាសន្និបាតលើកទី៩ នៃសភាតំបន់អាស៊ីបានបញ្ជាក់ឲ្យដឹងថា រដ្ឋសភាត្រៀមរៀបចំមហាសន្និបាតលើកទី៩ នៃសភាតំបន់អាស៊ី នៅថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦។
លោក ងួន ញ៉ិល បានបន្តថា មហាសន្និបាតលើកទី៩ នៃសភាតំបន់អាស៊ីនឹងរៀបចំ នៅលើទឹកដីអង្គរ នាខេត្តសៀមរាប ជាខេត្តដែលសំបូរទៅ ដោយភាពទាក់ទាញជាច្រើន មិនចាញ់រាជធានីភ្នំពេញ និង បណ្តាខេត្តជាច្រើនទៀត។
លោក ងួន ញ៉ិល អនុប្រធានទី២ នៃរដ្ឋសភាបានលើកឡើង នៅក្នុងកិច្ចប្រជុំមួយ ដើម្បីផ្សព្វផ្សាយសេចក្តីសម្រេច និងការអនុវត្តការងារជាក់ស្តែង ក្នុងការត្រៀមរៀបចំមហាសន្និបាតលើកទី៩ នៃសភាតំបន់អាស៊ី ដែលរៀបចំឡើងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា។
លើកឡើងនៅក្នុងកិច្ចប្រជុំនោះ លោក ងួន ញ៉ិល បានបញ្ជាក់ឲ្យដឹងថា នៅក្នុងភារកិច្ចរៀបចំមហាសន្និបាតលើកទី៩នេះ មិនខុសពីមហាសន្និបាតលើកទី៨នោះទេ គឺគណៈកម្មការរៀបចំមហាសន្និបាត បានសម្រេចបង្កើតអនុគណៈកម្មការចំនួន៦ ដែលមានអនុគណៈកម្មការទទួលបន្ទុកផ្នែកហិរញ្ញវត្ថុ និងផ្គត់ផ្គង់ អនុគណៈកម្មការទទួលបន្ទុកផ្នែកឯកសារ និងកិច្ចការប្រជុំ អនុគណៈកម្មការ ទទួលបន្ទុកផ្នែកដឹកជញ្ជូន អនុគណៈកម្មការទទួលបន្ទុក ផ្នែកសន្តិសុខ អនុគណៈកម្មការទទួលបន្ទុកផ្នែកពិធីការ និង អនុគណៈកម្មការទទួលបន្ទុកផ្នែកព័ត៌មាន និងICT។
គួរបញ្ជាក់ថា រដ្ឋសភាកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះ មហាសន្និបាតលើកទី៨ នៃសភាតំបន់អាស៊ី(APA) ម្តងរួចមកហើយ កាលពីចុងឆ្នាំ២០១៥ ប៉ុន្តែសភាតំបន់អាស៊ី បានតម្រូវឲ្យប្រទេសទទួលធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាត គឺទទួលរៀបចំពីរឆ្នាំជាប់គ្នា ដូច្នេះរដ្ឋសភាកម្ពុជា ទទួលរៀបចំ មហាសន្និបាតសភា តំបន់អាស៊ីលើកទី៨ និងលើកទី៩។
សភាតំបន់អាស៊ី (APA) គឺជាសមាគមប្រមូលផ្តុំស្ថាប័នសភា ក្នុងតំបន់អាស៊ីមួយ ដែលមានប្រភពដើមឈ្មោះថា សមាគមន៍សភាតំបន់អាស៊ី ដើម្បីសន្តិភាព ហៅកាត់ថា AAPP។ សមាគមនេះ បានប្តូរឈ្មោះមកជាសភាតំបន់អាស៊ី (APA) វិញ នៅឆ្នាំ២០០៦។ សភាតំបន់អាស៊ីបច្ចុប្បន្ន មានសមាជិកចំនួន៤២ ប្រទេសសមាជិកអ្នកសង្កេតការណ៍ចំនួន១៦ប្រទេស និងអង្គការជាដៃគូចំនួន១០៕