(កណ្ដាល)៖ ក្រុង/ស្រុកទាំង១១ នៃខេត្តកណ្ដាល ដែលមានខ្នងផ្ទះជាក់ស្តែងសរុប២៦៣,៩៦៣ខ្នង បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ទាំងស្រុង១០០%ហើយ។ នេះបើតាមលោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្ត (PWG-RWSSH)។

ក្រុមការងារចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៃក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការដៃគូពាក់ព័ន្ធ ដោយមានកិច្ចសហការពីរដ្ឋបាលខេត្តកណ្ដាល សម្របសម្រួលដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចុះផ្ទៀងផ្ទាត់ទទួលស្គាល់ខេត្តកណ្តាលជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលជាផ្លូវការ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក នុត ពុធដារ៉ា បានឱ្យដឹងថា ក្រុង/ស្រុកទាំង១១ មាន១២៧ឃុំ/សង្កាត់ ស្មើនឹង១០១០ភូមិ បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល១០០% ដោយខ្នងផ្ទះជាក់ស្តែងសរុប២៦៣,៩៦៣ ហើយចំនួនខ្នងផ្ទះដែលបានប្រើបង្គន់អនាម័យផ្ទាល់ខ្លួនសរុប២៥១,៩៥២ ស្មើនឹង៩៥.៤% និងចំនួនខ្នងផ្ទះប្រើបង្គន់អនាម័យរួមសរុប១២,០១១ ស្មើនឹង៤.៦%។

លោក នុត ពុធដារ៉ា បានបន្តថា ប្រជាពលរដ្ឋគ្រប់ខ្នងផ្ទះបានផ្លាស់ប្តូរឥរិយាបទបានដោយប្រើប្រាស់បង្គន់ លាងដៃនឹងសាប៊ូ និងហូបទឹកមានសុវត្ថិភាព ដែលធ្វើឱ្យខេត្តកណ្ដាលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ កន្លងមកនេះ។ ហេតុដូចនេះហើយបានជាក្រសួងអភិវឌ្ឍន៍ជនបទចាត់មន្ត្រីបច្ចេកទេស រួមជាមួយអង្គការដៃគូពាក់ព័ន្ធនានាចុះមកពិនិត្យផ្ទៀងផ្ទាត់ស្ថានភាព ODF នៅក្នុងខេត្តកណ្តាលនាពេលនេះ។

លោក លុន សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា ដើម្បីទទួលបាន ODF នៅថ្នាក់ខេត្ត គឺមិនមែនតែសហគមន៍ទេដែលត្រូវមានបង្គន់អនាម័យប្រើ សូម្បីតាមស្ថាប័នឬអង្គភាពផ្តល់សេវា (សេវាឯកជន សេវាសាធារណៈ និងកន្លែងសាសនា ឬវត្តអារាមជាដើម) ក៏ត្រូវមានបង្គន់អនាម័យ រួមទាំងស្ថានភាពអនាម័យសមរម្យ ដែលក្នុងនោះគេត្រូវអង្កេតលើ៧អញ្ញត្រកម្មអនាម័យនៃអង្គភាពនីមួយៗរួមមាន៖

១. មានបង្គន់អនាម័យដំណើរការ។
២. មានទឹកប្រើគ្រប់គ្រាន់សម្រាប់បង្គន់។
៣. មានកន្លែងលាងដៃ ឬសាប៊ូលាងដៃក្នុងបន្ទប់បង្គន់ ឬក្បែរបង្គន់។
៤. មានបែងចែកបន្ទប់បង្គន់ប្រុស ឬស្រីផ្សេងៗគ្នា។
៥. មានការសម្អាតអនាម័យល្អក្នុងបន្ទប់បង្គន់រាប់បញ្ចូលទាំងធុងសំរាម។
៦. មានជម្រាលសម្រាប់ជនពិការចូលបង្គន់។
៧. មានការសម្អាត និងទុកដាក់សំរាមសមរម្យក្នុងបរិវេណអង្គភាព៕