(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោក វ៉ែន រតនៈ ជំនួយការលោកបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានរៀបចំពិធីបញ្ចុះឋមសិលាសាងសង់អគារសិក្សា ១ខ្នង កម្ពស់ ៣ជាន់ មាន១២បន្ទប់ សាលាបឋមសិក្សាអារញ្ញ ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងឱកាសបញ្ចុះបឋមសិលា ដើម្បីសាងសង់អគារសិក្សានេះ អភិបាលខេត្តកំពង់ឆ្នាំង និងលោក វ៉ែន រតនៈ បាននាំអំណោយចែកអំណោយដល់ប្រជាពលរដ្ឋ ប្រមាណ៣០០គ្រួសារផងដែរ។

យោងតាមរបាយការណ៍របស់សាលាក្រុងកំពង់ឆ្នាំង បានបញ្ជាក់ថា សាលាបឋមសិក្សាអារញ្ញ ស្ថិតក្នុងភូមិស្រែព្រីងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង បច្ចុប្បន្ន មានអគារសិក្សាចំនួន៣ខ្នង ស្មើនឹង១២បន្ទប់ ដែលមានសភាពចាស់ទ្រុឌទ្រោម ពុកផុយស្ទើរទាំងស្រុង មានសិស្សានុសិស្ស សរុបចំនួន២៨០នាក់ ស្រី១២៤នាក់ និងមានគ្រូបង្រៀនសរុបចំនួន ១៥នាក់។

ជាក់ស្តែងនៅនេះសាលាបឋមសិក្សាអារញ្ញ បានទទួលសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ដល់អគារសិក្សាចំនួន១ខ្នង មានកម្ពស់៣ជាន់ ស្មើនឹង១២បន្ទប់ អគារសិក្សាមួយខ្នងនេះត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាទៅតាមប្រពៃណី ក្រោមអធិបតីភាពថ្នាក់ដឹកនាំសំខាន់ៗ និងព្រះសង្ឃ រួមទាំងគណៈកម្មការអាចារ្យ ដើម្បីសុំសេចក្តីសុខក្នុងការសាងសង់ប្រកបដោយភាពសុខសាន្ត។

ក្នុងឱកាសនោះលោក វ៉ែន រតនៈ ជាជំនួយការលោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានពាំនាំនៅប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ដល់បងប្អូនប្រជាពលរដ្ឋ សិក្សានុសិស្ស និងលោកគ្រូអ្នកគ្រូផងដែរ។

បន្ទាប់មកលោកក៏បានថ្លែងកោតសរសើរដល់វិស័យអប់រំ ដែលលោកគ្រូអ្នកគ្រូបានខិតខំយកចិត្តទុកដាក់បង្ហាត់បង្រៀនដល់សិស្សានុសិស្សមានការចេះដឹង និងបានឡើងថ្នាក់ជាបន្តបន្ទាប់រហូតសិស្សខ្លះមកដល់ពេលនេះ បានក្លាយជាមន្ត្រីរាជការ និស្សិតបញ្ញាវ័ន គឺសុទ្ធសឹងតែចេញពីសាលាបឋមសិក្សា ក្នុងនោះក៏មានទាំងសាលាបឋមសិក្សាអារញ្ញនេះផងដែរ។

លោកក៏បានកោតសរសើរដល់ការរីកចម្រើនរបស់ខេត្តកំពង់ឆ្នាំង ក្រោមស្នាដៃអភិវឌ្ឍន៍របស់លោក ស៊ុន សុវណ្ណារិទ្ធិ ដែលកសាងបាននូវសមិទ្ធផលជាច្រើនដូចជាហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំសោភ័ណភាពទាំងក្នុងក្រុង ទាំងនៅតាមទីប្រជុំជននានា ទាំងសន្តិសុខភូមិឃុំមានសុវត្ថិភាព ពិសេសប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាទៅចាក់វ៉ាក់សាំងទាំងមនុស្សចាស់រហូតដល់កុមារ ដែលមកដល់ពេលនេះជំងឺកូវីដ១៩ ពុំមានឆ្លងចូលក្នុងសហគមន៍នោះឡើយ។

ក្នុងពិធីនោះដែរ លោកអភិបាលខេត្តកំពង់ឆ្នាំង បានលើកឡើងថា ខេត្តកំពង់ឆ្នាំង មានភ័ព្វសំណាងណាស់ ដែលបានទទួលអំណោយជាអគារសិក្សាយ៉ាងច្រើនពីសម្ដេចតេជោ ហ៊ុន សែន តាំងពីថ្នាក់មតេយ្យ រហូតដល់ថ្នាក់វិទ្យាល័យ ថ្ងៃនេះទៀតសោតខេត្តកំពង់ឆ្នាំង បានទទួលអំណោយជាអគារសិក្សាថ្នាក់បឋមសិក្សាថ្មីមួយទៀតមានកម្ពស់៣ជាន់ និងមាន១២បន្ទប់ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ដូច្នេះក្នុងនាមថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការមា តាបិតាអាណាព្យាបាលសិស្ស និងលោកគ្រូអ្នកគ្រូមិនភ្លេចការដឹងគុណ និងថ្លែងអំណរគុណយ៉ាងក្រៃលែង ចំពោះសមិទ្ធផលថ្មីមួយទៀតនេះរបស់សម្ដេចតេជោ ហ៊ុន សែន។

លោកអភិបាលខេត្ត ក៏បានបង្ហាញអំពីវឌ្ឍនភាព នៃការអភិវឌ្ឍនានារបស់ខេត្តរយៈពេលកន្លងមក ដែលលោកបានមកកាន់តំណែងជាអភិបាលខេត្តរយៈពេលមួយឆ្នាំនេះ ទាំងសមិទ្ធផលដែលសម្រេចបាននាបច្ចុប្បន្ន និងលើកផែនការបន្តអភិវឌ្ឍន៍ទៅថ្ងៃមុខ ដែលមានដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំកែលម្អសោភ័ណភាពក្នុងទីក្រុង បរិស្ថាន និងអនាម័យ។ ពិសេស គឺការទំនាក់ទំនងអ្នកវិនិយោគក្រៅប្រទេសឱ្យចូលមកធ្វើការវិនិយោគនៅក្នុងខេត្ត ដើម្បីស្រូបយកកម្លាំងពលកម្មការងារជូនយុវជន ឱ្យមានការងារធ្វើដើម្បីកាត់បន្ថយការចំណាកស្រុក។

បន្ថែមពីនេះ លោក ស៊ុន សុវណ្ណារិទ្ធិ បានគូសបញ្ជាក់ថា ដោយឡែកសមិទ្ធផលថ្មីមួយទៀត ដែលពលរដ្ឋខេត្តកំពង់ឆ្នាំង ទទួលបានគឺរាជរដ្ឋាភិបាលបានសម្រេចចុះបញ្ជីដីធ្លីធ្វើប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋដីនៅតាមបណ្ដោយផ្លូវជាតិលេខ៥ និងកាត់ឆ្វៀលដីតំបន់៣ មួយចំនួនមកជាតំបន់២ កាត់ពីតំបន់២ មកជាតំបន់១ ដើម្បីធ្វើប្លង់កម្មសិទ្ធិជូនពលរដ្ឋបង្កការងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការបែងចែកឱ្យកូនចៅ ឬក៏យកទៅប្រើប្រាស់ផ្សេងៗដែលដីទាំងអស់ខាងលើនេះកន្លងមកមានតែប្លង់ទន់ការងារនេះនឹងអនុវត្តឱ្យបានលឿននៅមុនចូលឆ្នាំខ្មែរមកដល់។

ក្នុងពិធីនោះក៏បានចែកអំណោយ និងថវិកាមួយចំនួនជូនដល់ប្រជាពលរដ្ឋដែលបានអញ្ជើញមកចូលរួមនៅក្នុងពិធីបញ្ចុះបឋមសិលាចំនួន ៣០០នាក់ និងចែកថវិកាជូនសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូជិត ៣០០នាក់៕