(កំពង់ចាម)៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ ខេត្តកំពង់ចាម បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន ៤០០គ្រួសារ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម។

ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីលោក គន់ សុភា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម តំណាងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម, លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ, លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង១២ នៃស្រុកបាធាយ, លោក ចេង រ័ត្ន ប្រធានក្រុមប្រឹក្សាស្រុកបាធាយ, លោក ផេង សុផល អភិបាលនៃគណៈអភិបាលស្រុកបាធាយ, លោក លោកស្រី គណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាលស្រុក ប្រធានការិយាល័យចំណុះ និងជុំវិញស្រុក លោក លោកស្រី ព្រមទាំងប្រជាពលរដ្ឋជាច្រើនរូប។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេ តែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពរដ្ឋនៅគ្រប់ទីកន្លែងទាំងអស់ មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោករដ្ឋមន្ត្រី បានគូសរំលេចថា នៅស្រុកបាធាយ តែងតែមានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្ថិតនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋជាប់ជានិច្ច ដោយកន្លងមកក្រុមការងារបានចូលរួមដោះស្រាយទុក្ខលំបាកជាច្រើនរបស់បងប្អូនប្រជាពលរដ្ឋជាច្រើន រួមមាន៖ ការចូលរួមឧបត្ថម្ភនូវថវិកាដល់ ក្រុមគ្រួសារវិជ្ជមានជំងឺកូវីដ១៩ សមាជិកគ្រួសារដែលកំពុងធ្វើចត្តាឡឺស័ក សមាជិកគ្រួសារទទួលមរណៈភាព ស្រ្តីឆ្លងទន្លេ និងចូលរួមក្នុងវិស័យ ពុទ្ធចក្រជាដើម...។ ជាងនេះទៅទៀត ក្រុមការងារ បានផ្តល់ជូននូវរថយន្តសង្គ្រោះបន្ទាន់ចំនួន ៤គ្រឿង សម្រាប់ប្រជាពលរដ្ឋនៅស្រុកបាធាយទាំងមូលប្រើប្រាស់ជាប្រយោជន៍តាមការចាំបាច់ជាក់ស្តែង ដោយពុំគិតកម្រៃអ្វីទាំងអស់ ដើម្បីរួមចំណែកក្នុងការជួយ សម្រួលជីវភាព និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ហើយជាបន្តបន្ទាប់ ព្រមទាំងបានប្រឹងប្រែងរដោះស្រាយរាល់បញ្ហា និងសំណូមពរនានាក្នុងមូលដ្ឋាន ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅទូទាំងស្រុកបាធាយផងដែរ។

លោករដ្ឋមន្ត្រីបន្ថែមថា កន្លងមកថ្មីៗនេះ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារ ទឹកជំនន់នៅស្រុកបាធាយចំនួន ២,៥១៧គ្រួសារ បានទទួលអំណោយជាស្រូវពូជរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ម្តងរួចហើយ។ ថ្ងៃនេះ តាងនាមឱ្យក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ ឯកឧត្តម នាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ចំនួន ៤០០គ្រួសារ ក្នុងស្រុកបាធាយ បន្ថែមទៀត។ គ្រួសារនីមួយៗទទួលបាន៖ អង្ករ ចំនួន១បាវ, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ និងត្រីខ ១យួរ។

លោក ប៉ាន សូរស័ក្តិ បញ្ជាក់ថា «នេះជាសក្ខីភាពបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដែលសម្តេចជានិច្ចកាលតែងតែណែនាំឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់ជាប់ជាប្រចាំគិតគូរ និងចូលរួមដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាជន ដើម្បីលើកកម្ពស់ជីវភាពឱ្យកាន់តែប្រសើរ ស្របតាមគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ ឆ្នាំ២០២២-២០២៧ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល សំដៅធានាឱ្យប្រជាជនគ្រប់រូបទទួលបានស្បៀងអាហារគ្រប់គ្រាន់ និងពូជស្រូវគ្រប់គ្រាន់សម្រាប់បង្កបង្កើនផលបន្តទៀត»

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីសមិទ្ធផល និងផ្លែផ្កានៃសន្តិភាព ដែលបានធ្វើឱ្យប្រទេសកម្ពុជាមានការទទួលស្គាល់ យ៉ាងទូលំទូលាយទាំងថ្នាក់ជាតិ តំបន់ និងសកលលោក ព្រមទាំងទទួលបានការកោតសរសើរ និងជោគជ័យជាបន្តបន្ទាប់ តួយ៉ាងដូចជាភាពជោគជ័យរបស់កម្ពុជាក្នុងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានទាក់ទាញទំនុកចិត្តមេដឹកនាំ កំពូលៗរបស់ពិភពលោក មកកាន់ប្រទេសកម្ពុជាយើងជាដើម។ ហេតុនេះ វាជាការចាំបាច់បំផុត ដែលប្រជាពលរដ្ឋគ្រប់រូបត្រូវការពារ ឱ្យបានដាច់ខាតនូវសុខសន្តិភាព និងថែរក្សាការពារសមិទ្ធផលដ៏ថ្លៃថ្លាទាំងនេះ ឱ្យបានគង់វង្សជារៀងដរាប បន្តកសាងប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនក្លាយជាប្រទេសជឿនលឿនមួយក្នុងតំបន់ ជាសង្គមប្រកបដោយអរិយធ៌ម និងសេចក្តីស្រឡាញ់ ដោយគ្មានការកើតឡើងជាថ្មីនូវសង្គ្រាម អំពើប្រល័យពូជសាសន៍ និងការបាក់បែកផ្ទៃក្នុងជាតិដូចមុនទៀតឡើយ។

នៅកិច្ចបញ្ចប់ក្នុងពិធីនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តវិធានការសុខាភិបាល ដោយការពាក់ម៉ាស់ រក្សាគម្លាត លាងសំអាតដៃជាមួយអាល់កុល ឬសាប៊ូ ព្រមទាំងបន្តទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញឱ្យបានគ្រប់ៗគ្នា។ ម្យ៉ាងទៀតប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ត្រូវទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីមានសិទ្ធពេញលេញក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជាពិសេសសូមបោះឆ្នោតជូនគណបក្សប្រជាជនបន្ដទៀត ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាអគ្គមគ្គទេសក៍ដ៏ឆ្នើម ដែលនៅជាមួយបងប្អូនប្រជាពលរដ្ឋជារៀងរហូត ដើម្បីបន្តការពារសន្តិភាព សុភមង្គល ជូនប្រជាពលរដ្ឋ បន្តសកម្មភាពបម្រើប្រជាពលរដ្ឋ ព្រមទាំងកសាងសមិទ្ធផលនានា និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕