(ភ្នំពេញ)៖ លោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៧ ខែមិថុនានេះ បានថ្លែងជំរុញឲ្យគណនេយ្យករ នៅកម្ពុជា បំពេញការងារ និងភារកិច្ចរបស់ខ្លួន គោរពក្រមសីលធម៌វិជ្ជាជីវៈគណនេយ្យ និងសវនកម្ម ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ។
ការថ្លែងរបស់លោក ងី តាយី រដ្ឋលេខាធិកាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាស្នងការរាជរដ្ឋាភិបាល ប្រចាំវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា ធ្វើឡើងក្នុងឱកាស ដែលលោកអញ្ជើញជាធិបតី ក្នុងមហាសន្និបាទប្រចាំឆ្នាំលើកទី១៣ នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ។
លោក ងី តាយី បានថ្លែងថា វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងនិងជំរុញ ឲ្យសមាជិករបស់ខ្លួន គោរពក្រមសីលធម៌វិជ្ជាជីវៈ គណនេយ្យនិងសវនកម្ម ដែលជាកត្តាដ៏សំខាន់មួយក្នុងចំណោម កត្តាសំខាន់ផ្សេងទៀត ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
លោកសង្កត់ធ្ងន់ថា «រាជរដ្ឋាភិបាលបានចាត់ទុកវិស័យនេះ គឺជាសរសរស្តម្ភមួយសម្រាប់ អភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ប្រកបដោយចេរភាព នៅកម្ពុជានិងជាវិស័យដែលបានផ្តល់នូវក្របខណ្ឌចំបាច់ ដើម្បីរៀបចំព័ត៌មានហិរញ្ញវត្ថុ សម្រាប់គ្រប់វិស័យទាំងអស់ ដោយតម្រូវឲ្យគ្រប់ សហគ្រាស អង្គភាពអាជីវកម្ម រៀបចំរបាយការណ៍ហិរញ្ញវត្ថុ តាមក្របខណ្ឌនៃការរាយការណ៍ ហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជាសម្រាប់ សហគ្រាសធុនតូច និងមធ្យម»។
លោករដ្ឋលេខាធិការបន្ថែមទៀតថា ការដាក់ឲ្យអនុវត្តស្តង់ដាររបាយការណ៍ ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា គឺជាគោលបំណងលើកស្ទួយ និងជំរុញឲ្យមានតម្លាភាព គណនេយ្យភាព អភិបាលកិច្ចល្អ ភាពជឿទុកចិត្ត និងភាពអាចប្រៀបធៀប បាននៃព័ត៌មានហិរញ្ញវត្ថុរបស់ សហគ្រាសអាជីវកម្ម ក៏ដូចជាតិទាក់ទាញការវិនិយោគ និងមូលធនមនុស្សពីប្រទេសក្នុងតំបន់ និងសាកលលោក។
លោក ខូយ គឹម លេង ប្រធានវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា បានថ្លែងថា វិទ្យាស្ថាននេះ គឺជាស្ថាបនតែមួយគត់ដែល ត្រូវបានបង្កើតឡើង ក្នុងគោលបំណងគ្រប់គ្រង និងលើកកម្ពស់វិជ្ជាជីវៈ គណនេយ្យ និងសវនកម្មនៅកម្ពុជា។ រហូតមកដល់ពេលនេះ វិទ្យាស្ថានមានសមាជិកសរុបចំនួន ២៨៨ ក្នុងនោះរួមមានសមាជិក ដែលជាក្រុមហ៊ុនចំនួន៥៣ និងសមាជិកដែលជាបុគ្គល២៣៥នាក់។
លោកបន្តទៀតថា បច្ចុប្បន្នវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា បាននឹងកំពុងរៀបចំបង្កើតកម្មវិធីសិក្សា គណនេយ្យករ ជំនាញថ្នាក់ជាតិ ដោយរំពឹងថា កម្មវិធីនេះ នឹងដាក់ឲ្យដំណើរការ នៅចុងឆ្នាំ២០១៦នេះ បន្តសហការជាមួយ សាកលវិទ្យាល័យក្នុងស្រុក ដើម្បីរួមចំណែកកែលម្អ កម្មវិធីសិក្សាឲ្យស្របទៅនឹងកម្មវិធីសិក្សាអន្តរជាតិ និងបន្តផ្សព្វផ្សាយ និងលើកកម្ពស់វិជ្ជាជីវៈ គណៈនេយ្យនៅ កម្ពុជា។
លោក ងី តាយី បានថ្លែងនូវមូលវិចារជូនក្រុមប្រឹក្សាភិបាល ដែលបានស្ម័គ្រចិត្តដឹកនាំ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា និងស្នើឲ្យថ្នាក់ដឹកនាំ និងសមាជិក វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា រិះរកយន្តការ ឬមធ្យោបាយសមស្របណាមួយ ក្នុងការប្រមូលគណនេយ្យករ មានគុណវុឌ្ឍិ ឲ្យក្លាយជាសមាជិក សមាជិការបស់ខ្លួន បានច្រើនបន្ថែមទៀត និងជំរុញការងាររៀបចំកម្មវិធី សិក្សាជំនាញគណនេយ្យករ ជំនាញ់ថ្នាក់ជាតិឲ្យ សម្រេចបានឆាប់រហ័ស ដើម្បីសម្រេចបានយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ២០១១-២០២០ របស់រាជរដ្ឋាភិបាល៕