(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈបានជំរុញឱ្យទីភ្នាក់ងារឯកជនទាំងឡាយដែលជ្រើសរើស បណ្តុះបណ្តាល គ្រប់គ្រង និងបញ្ជូនពលករកម្ពុជាទៅធ្វើការនៅក្រៅប្រទេស ត្រូវការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលករ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការគាំពារពលករខ្មែរនៅបរទេស។

ការជំរុញបែបនេះធ្វើឡើងថ្លែងក្នុងពិធីចុះហត្ថលេខាលើក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា និងពិធីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធវាយតម្លៃសាកល្បង នៃការអនុវត្តក្រមសីលធម៌សម្រាប់ទីភ្នាក់ជ្រើសរើស ឯកជនកម្ពុជា នៅសណ្ឋាគារសាន់វ៉េ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក អ៉ិត សំហេង បានចាត់ទុកក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា ជាឧបករណ៍មួយកំណត់នូវគោលការណ៍គ្រឹះជាមូលដ្ឋានស្របតាមច្បាប់ជាតិ និងបទដ្ឋានការងារអន្តរជាតិសម្រាប់ទីភ្នាក់ងារ ជ្រើសរើសឯកជនកម្ពុជាទាំងអស់អនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងការទទួលខុសត្រូវ និងគោរពក្រមសីលធម៌ខ្ពស់ក្នុងការគ្រប់គ្រង ការជ្រើសរើស ការបណ្តុះបណ្តាល ការបញ្ជូន និងការគ្រប់គ្រងពលករទៅធ្វើការនៅក្រៅប្រទេស។

ក្រមសីលធម៌នេះនឹងរួមចំណែកពង្រឹងប្រសិទ្ធភាពនៃការការពារ ការលើកកម្ពស់សិទ្ធិការងារ ក៏ដូចជាសុខុមាលភាពរបស់ពលករទាំងនៅក្នុងស្រុក និងនៅបរទេស។ លើសពីនេះទៀត ក្រមសីលធម៌នេះនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រការអនុវត្តរបស់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជាប្រកបដោយគណនេយ្យភាពផង ហើយក៏ជាប្រភពដែលមានសារៈប្រយោជន៍សម្រាប់ពលករទេសន្តរប្រវេសន៍ អាចបញ្ជាក់បានអំពីការរំពឹងទុករបស់ពលករ ពីទីភ្នាក់ងារជ្រើសរើស ឯកជនដែលទាក់ទងទៅនឹងបទពិសោធន៍ទេសន្តរប្រវេសន៍ការងាររបស់ពួកគេ។

ក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា និងប្រព័ន្ធវាយតម្លៃសាកល្បងនៃការអនុវត្តក្រមសីលធម៌ទទួលបានការគាំទ្រជំនួយបច្ចេកទេស និងកិច្ចសហប្រតិបត្តិការពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ ILO សមាគម ACRA និងសមាគម MAC ដើម្បីផ្សព្វផ្សាយ និងបង្កើនការយល់ដឹងស្តីពីការជ្រើសរើសពលករប្រកបដោយយុត្តិធម៌ដល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។

លោករដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យទីភ្ញាក់ងារជ្រើសរើសឯកជនទាំងអស់ ដែលបានទទួលអាជ្ញាបណ្ណពីក្រសួងចូលរួមក្នុងការអនុវត្តនូវក្រមសីលធម៌ដ៏មានសារសំខាន់នេះ ដើម្បីបង្ហាញឱ្យឃើញការបេជ្ញាចិត្តខ្ពស់របស់ខ្លួន ក្នុងការការពារសិទ្ធ និងផលប្រយោជន៍ស្របច្បាប់របស់ពលករ។

លោករដ្ឋមន្ត្រីបានបន្តថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបាននិងកំពុងខិតខំបន្តពង្រឹងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ និងពង្រីកកិច្ចសហប្រតិបត្តិការពហុភាគី និងទ្វេភាគី ដើម្បីបើកទូលាយទីផ្សារការងារស្របច្បាប់នៅក្រៅប្រទេស, ទប់ស្កាត់ទេសសន្តរប្រវេសន៍ការងារដោយខុសច្បាប់អំពើជួញដូរមនុស្ស, លើកកម្ពស់ការគាំពារសិទ្ធិនិងផលប្រយោជន៍ សុខភាពនិងសុវត្ថិភាពការងារ, កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ពលករ, ការផ្តល់ការសម្របសម្រួលទំនាក់ទំនងជាមួយគ្រួសារ និងការធ្វើសមាហរណកម្មពលករទេសន្តរប្រវេសន៍ដែលធ្វើមាតុភូមិនិវត្ត តាមរយៈការទទួលស្គាល់ជំនាញ, ការផ្ទេររបបសន្តិសុខសង្គមមកក្នុងប្រទេស, ការផ្តល់ប្រឹក្សាការងារធ្វើ និងការបង្កើតមុខរបរដោយខ្លួនឯង។

បើតាមលោករដ្ឋមន្ត្រី អ៉ិត សំហេង បច្ចុប្បន្នប្រទេសកម្ពុជាមានពលករសរុបចំនួនប្រមាណជាង១លាន២សែននាក់។ បើតាមការប៉ាន់ស្មានពលករកម្ពុជាបានផ្ញើថវិកាមកកម្ពុជាដើម្បីជួយទ្រទ្រង់ជីវភាពក្រុមគ្រួសាររបស់ពួកគាត់ប្រមាណជាង២ពាន់លានដុល្លារក្នុង១ឆ្នាំៗ។ នៅពេលបញ្ចប់កិច្ចសន្យាការងារ និងវិលត្រឡប់មកកម្ពុជាវិញ ពួកគាត់នឹងក្លាយជាធនធានមនុស្សដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ពីព្រោះតាមរយៈការធ្វើការងារនៅបរទេស ពួកគាត់មិនត្រឹមតែអាចរកប្រាក់ចំណូលបានបន្ថែមទេ ថែមទាំងទទួលបាននូវជំនាញ បទពិសោធន៍ ចំណេះដឹងភាសា និងរបៀបរបបរស់នៅក្នុងប្រទេសអភិវឌ្ឍន៍ទៀតផង។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការគាំពារការការពារសិទ្ធ និងផលប្រយោជន៍ពលករខ្មែរនៅបរទេស តាមរយៈកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលនៃប្រទេសទទួល និងការពង្រឹងការអនុវត្តច្បាប់ និងបទដ្ឋាននានាដោយប្រើប្រាស់គោលការណ៍ យន្តការ និងនីតិវិធីជាធរមាន៕