(រតនគិរី)៖ លោក មាស ហាក់រស្មី ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរមុខងារសាធារណៈខេត្តរតនគិរី ជំនួសលោក វ៉ាន់ សោភា ដែលទទួលភារកិច្ចថ្មី។ ពិធីប្រកាសចូលកាន់តំណែងនេះប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំអគារA សាលាខេត្តរតនគិរី ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈលោក ព្រុំ សុខា និងអភិបាលខេត្តរតនគិរីលោក ញ៉ែម សំអឿន។

ថ្លែងក្នុងឱកាសនោះ លោកអភិបាលខេត្តរតនគិរី បានជំរុញប្រធានមន្ទីរមុខងារសាធារណៈ ដែលទើបឡើងកាន់តំណែង ត្រូវខិតខំបំពេញការងារប្រកបដោយវិជ្ជាជីវៈ ខិតខំឲ្យអស់ពីសមត្ថភាពក្នុងស្មារតីទទួលខុសត្រូវ ចំពោះថ្នាក់ដឹកនាំ ក្រសួង និងថ្នាក់ដឹកនាំខេត្តលើវិស័យរបស់ខ្លួន។ ជាពិសេសត្រូវខិតខំយកចិត្តទុកដាក់លើមន្ត្រីក្រោមឱវាទរបស់ខ្លួន ដែលជាកត្តាសំខាន់ក្នុងការអនុវត្តតួនាទីភារកិច្ចឲ្យទទួលបានលទ្ធផលល្អប្រសើរ និងមានការបែងចែកភារកិច្ច ដល់មន្ត្រីរបស់ខ្លួន និងត្រូវមានផែនការច្បាស់លាស់មានរបបប្រជុំមានរបបរាយការណ៍ និងសុំយោបល់ថ្នាក់ដឹកនាំ នៅពេលមានបញ្ហាដែលត្រូវនាំគ្នាដោះស្រាយដើម្បីបន្តនិរន្តរភាពការងារ នឹងត្រូវរក្សាសាមគ្គីឯកភាពផ្ទៃក្នុងឲ្យបានល្អ ត្រូវមានរបៀបរបបបំពេញការងារឲ្យបានត្រឹមត្រូវតាមនីតិវិធី និងសេចក្តីណែនាំផ្សេងៗ ក្នុងការការពារផលប្រយោជន៍មន្ត្រីរាជការស៊ីវិល ដោយផ្អែកលើច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ឬលិខិតបទដ្ឋានគតិយុទ្ធជាធរមាន។

សំណេះសំណាលឱកាសនោះដែរលោក ព្រុំ សុខា បានផ្ដាំផ្ញើឲ្យលោកប្រធានមន្ទីរ ដែលទើបនឹងឡើងកាន់តំណែង សូមធ្វើការសហការឲ្យបានល្អជាមួយថ្នាក់ដឹកនាំខេត្តក៏ដូចជាបណ្ដាអង្គភាព មន្ទីរជុំវិញខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដើម្បីសម្រេចលទ្ធផលល្អ ក្នុងភារកិច្ចរបស់ខ្លួន។

ទទ្ទឹមនោះត្រូវបន្តដឹកនាំនិង ខិតខំអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យសកម្មសំដៅសម្រេចបាននូវជោគជ័យធំៗបន្ថែមទៀតតាមទិសដៅនិងបេសកកម្មរបស់ក្រសួងមុខងារសាធារណៈជាពិសេសត្រូវ ធ្វើជាសេនាធិការឱ្យបានរឹងមាំជូន រដ្ឋបាលខេត្តលើវិស័យមុខងារសាធារណៈ និងកិច្ចការកំណែទម្រង់រដ្ឋបាលសាធារណៈ។

លោករដ្ឋមន្ត្រីបានបន្តថា មន្ត្រីរាជការទាំងអស់ត្រូវ យកចិត្តទុកដាក់អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវតួនាទីភារកិច្ចរបស់មន្ទីរមុខងារសាធារណៈ ដើម្បីធ្វើជាសេនាធិការយ៉ាងសកម្ម ជូនដល់រដ្ឋបាលខេត្តលើវិស័យមុខងារសាធារណៈនិង កំណែទម្រង់រដ្ឋបាលសាធារណៈសំដៅដល់ការកសាងរដ្ឋបាលសាធារណៈឱ្យកាន់តែមានភាពឆ្លើយតបប្រសិទ្ធភាព និងជំនឿទុកចិត្តព្រមជាមួយការលើកកម្ពស់វប្បធម៌សេវាសាធារណៈ ឆន្ទៈម្ចាស់ការភក្ដីភាព និងមនសិការវិជ្ជាជីវៈ របស់មន្ត្រីរាជការ។

ក្នុងឱកាសនោះលោករដ្ឋមន្ត្រី បានកោតសរសើរចំពោះស្នាដៃទាំងឡាយដែលលោក វ៉ាន់ សោភា អតីតប្រធានមន្ទីរមុខងារសាធារណៈខេត្ត រួមជាមួយមន្ត្រីរាជការ នៃមន្ទីរមុខងារសាធារណៈខេត្តរតនគិរីសម្រេច នាពេលកន្លងមកបានធ្វើឲ្យអង្គភាព មានការរីកចម្រើន និងសម្រេចបានសមិទ្ធផលជាបន្តបន្ទាប់ផងដែរ៕