ជប៉ុន៖ ក្រុមហ៊ុន Mitsubishi គ្រោងជះលុយ ៦០០លានដុល្លារ ដើម្បីសងជំងឺចិត្តអតិថិជនដែលខ្លួនបានបោកប្រាស
17-06-2016 14:54
(តូក្យូ)៖ ក្រុមហ៊ុនយក្ស Mitsubishi Motors Corp របស់ប្រទេសជប៉ុន ត្រូវបានកាសែតក្នុងស្រុកចុះផ្សាយថា គ្រោងនឹងចំណាយលុយយ៉ាងក្រាស់ក្រែលរហូតទៅ ៦០០លានដុល្លារសហរដ្ឋអាមេរិកឯណោះ ដើម្បីសងជំងឺចិត្ត ទៅដល់អតិថិជន ដែលបានទិញរថយន្តចំនួន៤ ម៉ូដែល ដែលពីដំបូងឡើយក្រុមហ៊ុន បំភ្លើសថាមានបច្ចេកវិទ្យាទំនើប ចុងក្រោយគេមួយចំនួន។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃ សុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០១៦។
កាសែត Nikkei បានចុះផ្សាយថា ក្រុមហ៊ុន Mitsubishi នឹងសងអតិថិនជនម្នាក់ៗនូវទឹកប្រាក់ ១០០,០០០យ៉េន ស្មើនឹង ៩៦០ដុល្លារអាមេរិក។ បន្ថែមពីនេះទៀត ក្រុមហ៊ុននេះក៏គ្រោងនឹងធ្វើការ ទទួលខុសត្រូវចំពោះរថយន្ត ម៉ូដែលចុងក្រោយមួយចំនួន និងរថយន្តពីរម៉ូដែលទៀត ដែលខ្លួនលក់ទៅឲ្យក្រុមហ៊ុន Nissan Motor Co ដែលសុទ្ធសឹង តែបានបំភ្លៃថាជារថយន្តស៊ីសាំងតិចជាងធម្មតា ចំនួន ៦២៥,០០០គ្រឿង។
គួរបញ្ជាក់ថា បើទោះបីជាមានសារព័ត៌មានចេញផ្សាយបែបនេះក្តី ក៏ក្រុមហ៊ុនជប៉ុនខាងលើនេះ មិនទាន់ចេញមុខបកស្រាយណាមួយជាផ្លូវការនោះដែរ៕.