(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអនុញ្ញាតឲ្យប្រតិភូមកពីសាកលវិទ្យាល័យ Prince of Songkla University នៅខេត្តប៉ាតានី នៃប្រទេសថៃ ដឹកនាំដោយលោកបណ្ឌិត Roflee Weahama ជាព្រឹទ្ធបុរស មហាវិទ្យាល័យវិទ្យាសាស្ត្រឥស្លាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ជំនួបនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នាការិយាល័យរបស់លោកទេសរដ្ឋមន្ដ្រីផ្ទាល់ ក្នុងរាជធានីភ្នំពេញ។ ក្នុងជំនួបខាងលេី ធ្វើឡើងក្នុងគោលបំណងដើម្បីរឹតបន្តឹងទំនាក់ទំនងរវាងភាគីទាំងពីរឲ្យកាន់តែប្រសើរឡើង។

ក្នុងឱកាសនោះ លោក អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណចំពោះប្រតិភូមកពី សកលវិទ្យាល័យ Prince of Songkla University ដែលបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជានាពេលកន្លងមក។ លោកក៏បានស្នើឲ្យផ្តល់អាហារូបករណ៍ បន្ថែមទៀតសម្រាប់សិស្សានុសិស្សកម្ពុជា ជាពិសេសលើជំនាញទូទៅ ដើម្បីបង្កើនធនធានមនុស្ស សម្រាប់សហគមន៍ឥស្លាមកម្ពុជា។

ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ក៏បានស្នើឲ្យប្រតិភូនៃសកលវិទ្យាល័យខាងលើ សូមបន្តសហការជួយពង្រឹងវិស័យហាឡាលកម្ពុជា ដោយផ្ដល់កម្មវិធីវគ្គបណ្តុះបណ្តាលខ្លីៗ អំពីវិទ្យាសាស្ត្រហាឡាល សម្រាប់ប្រតិភូហាឡាលកម្ពុជា ដើម្បីឲ្យវិស័យនេះកាន់តែមានភាពរីកចម្រើននៅកម្ពុជាផងដែរ។

ជាមួយគ្នានោះ លោកបណ្ឌិត Roflee Weahama បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយ ដែលបានមកទស្សនកិច្ចនៅកម្ពុជា។ លោកបណ្ឌិត បានសន្យាថា នឹងខិតខំធ្វើយ៉ាងណាដើម្បីពង្រឹងទំនាក់ទំនងរវាងភាគីទាំងពីរឲ្យកាន់តែរឹងមាំ និងបន្តជួយគាំទ្រអភិវឌ្ឍវិស័យអប់រំសម្រាប់សហគមន៍ឥស្លាម តាមដែលអាចធ្វើទៅបាន។

សូមជម្រាបថា និស្សិតកម្ពុជាមានចំនួន២៥នាក់ហើយ ដែលបានបញ្ចប់ការសិក្សាពី សកលវិទ្យាល័យខាងលើ ដែលបច្ចុប្បន្ននេះបាននិងកំពុងបម្រើការងារនៅតាមស្ថាប័នរដ្ឋ និងឯកជនជាច្រើននៅកម្ពុជា៕