(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តណែនាំដល់បុគ្គលិកមន្រ្តីរាជការក្រោមឱវាទទាំងអស់ បន្តការយកចិត្តទុកដាក់បន្ថែមទៀតលើការបំពេញតួនាទីភារកិច្ចការងារតាមការបែងចែកភារកិច្ច ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផលជូនរាជរដ្ឋាភិបាល និងជាតិមាតុភូមិកម្ពុជា ឱ្យមានការរីកចម្រើនឡើងបន្ថែមទៀត។

លោកទេសរដ្ឋមន្ត្រី ស៊ុន​ ចាន់ថុល បានថ្លែងដូចនេះនាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសដែលលោកបានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំសប្តាហ៍ នៃខែវិច្ឆិកា ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ព្រមទាំងលោក លោកស្រី និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួងជាច្រើនរូប។

កិច្ចប្រជុំក្នុងសប្តាហ៍នេះបានផ្តោតលើរបៀបវារៈធំៗចំនួនពីរ រួមមាន៖ ១៖ បទបង្ហាញស្តីពី ផែនទីបណ្តាញផ្លូវថ្នល់ឆ្នាំ២០២០ និងបញ្ជីសារពើភ័ណ្ឌ ផ្លូវជាតិ និងផ្លូវខេត្ត ដែលមានការរំលេចអំពីសាវតារសង្ខេបនៃការរៀបចំផែនទីបណ្តាញផ្លូវថ្នល់ រួមជាមួយគោលការណ៍នៃការគណនាប្រវែង និងការដាក់លេខ/ឈ្មោះផ្លូវនៅទូទាំងប្រទេស និង ២៖ បទបង្ហាញស្តីពី វឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ដោយបានផ្តោតជាសំខាន់ទៅលើលទ្ធផល នៃការអនុវត្តនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ក្រោយការប្រកាសដាក់ឱ្យដំណើរការសាកល្បង កាលពីអំឡុងខែសីហា ឆ្នាំ២០២២។

បន្ថែមពីនេះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជម្រាបជូនអង្គប្រជុំ អំពីគម្រោងក្រោមកិច្ចសហប្រតិបត្តិការ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយភាគីអន្តរជាតិនានា ដែលក្នុងនោះមានដូចជា៖

១៖ កិច្ចសហការជាមួយភាគីវៀតណាម ក្នុងការកំណត់ទីតាំងតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជាមួយផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ ដែលភាគីទាំងពីរបានបង្ហាញផែនទីទីតាំងចំណុចតភ្ជាប់ដែល មានភាពស៊ីគ្នា និងកំពុងរង់ចាំការរៀបចំលិខិតផ្លូវការជាលាយលក្ខណ៍អក្សរ ដើម្បីឈានទៅរកការអនុវត្តរួមគ្នាបន្ត និងការងារពិនិត្យលទ្ធភាពបើកច្រកព្រំដែននៃប្រទេសទាំងពីរ

២៖ កិច្ចសហការជាមួយភាគីថៃ ក្នុងការរិះរកនីតិវិធីដើម្បីបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀង ដើម្បីបញ្ចៀស និងកាត់បន្ថយការកកស្ទះនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត-អារញ្ញប្រាថេត

៣៖ កិច្ចសហការជាមួយភាគីជប៉ុន ក្នុងការជំរុញនីតិវិធីដេញថ្លៃលើគម្រោងសាងសង់កំពង់ផែសមុទ្រទឹកជ្រៅ (កំពង់ផែស្វយ័តក្រុងព្រះសីហុន) ក្រោមប្រាក់កម្ចីពីរដ្ឋាភិបាលនៃប្រទេសជប៉ុន តាមរយៈ JICA ដែលគ្រោងនឹងសាងសង់នៅឆ្នាំ២០២៣ និងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៥ ឬ២០២៦

៤៖ កិច្ចសហការជាមួយភាគីចិន លើការចុះហត្ថលេខាសម្រាប់កិច្ចព្រមព្រៀងគម្រោងសំខាន់ៗមួយចំនួន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ព្រមទាំងការត្រៀមលក្ខណៈរៀបចំពិធីសម្ពោធ និងពិធីបើកការដ្ឋាខ្សែផ្លូវជាតិអាទិភាព ដែលទទួលបានការឯកភាពពីរាជរដ្ឋាភិបាល

៥៖ ទស្សនីយភាពការដាក់បង្ហាញជាផ្លូវការរូបភាព3D នៃគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មពហុបំណងភ្នំពេញ Phnom Penh Logistics Complex-PPLC ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាន ដែលជាការវិនិយោគសាងសង់ដោយក្រុមហ៊ុននៃប្រទេសសិង្ហបុរី។

ជាមួយគ្នានោះលោកទេសរដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញកិច្ចការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងនាំយកសមិទ្ធផលជាច្រើនជូនក្រសួងផងដែរ៕