(ភ្នំពេញ)៖ សហភាពសហជីព និងសហព័ន្ធសហជីព ដែលមានសំឡេងនិងសមាជិកលើសលប់នៅប្រទេសកម្ពុជា​ បានដាក់លិខិតទៅលោក មឿន តុលា នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) ដោយសម្តែងការខកចិត្តជាខ្លាំងបន្ទាប់ពីបានទទួលព័ត៌មាន និងពិនិត្យឃើញជាក់ស្តែងជាបន្តបន្ទាប់ថា បុគ្គលដែលបានតាំងខ្លួនជាមន្ត្រីរបស់អង្គការ CENTRAL បានកំពុងធ្វើចលនាលួចលាក់ក្នុងការញុះញង់អូសទាញតំណាងសហជីពមូលដ្ឋាន ជាសមាជិករបស់គេ។

សហភាពសហជីព និងសហព័ន្ធសហជីពទាំងនោះ បានអះអាងថា មន្ត្រីរបស់អង្គការ CENTRAL បានកំពុងធ្វើចលនាលួចលាក់ក្នុងការញុះញង់អូសទាញតំណាងសហជីពមូលដ្ឋាន ជាសមាជិករបស់ពួកគេ ដែលបានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាល និងសិក្ខាសាលានានា របស់អង្គការ CENTRAL ឲ្យធ្វើការផ្តាច់ខ្លួនទៅបង្កើតសហជីពថ្មី តាមរយៈការសន្យាផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ។

សហភាពសហជីព និងសហព័ន្ធសហជីពទាំងនោះ ចាត់ទុកថា សកម្មភាពលួចលាក់ទាំងអស់នេះ ធ្វើឲ្យមានការបែកបាក់សាមគ្គីភាព និងឯកភាពក្នុងចលនាកម្មករនិយោជិត និងធ្វើឲ្យសំឡេងឯកភាពរួមរបស់សហជីពចុះទន់ខ្សោយ ដែលផ្ទុយពីទិសដៅរួម និងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេទាំងអស់គ្នា ដែលជាយថាហេតុធ្វើឲ្យប៉ះពាល់ និងខូចខាតផលប្រយោជន៍បច្ចុប្បន្ន និងអនាគតរបស់កម្មករនិយោជិតនៅកម្ពុជា។ លើសពីសកម្មភាពទាំងនេះ គឺផ្ទុយទៅនឹងគោលការណ៍ទូទៅនឹងការលើកកម្ពស់ចលនាកម្លាំងកម្មករនិយោជិត និងអាចឈានទៅរំលោភច្បាប់ជាធរមាន។

សហភាពសហជីព និងសហព័ន្ធសហជីពទាំងនោះ ប្រឆាំងដាច់អហង្ការចំពោះការផ្តល់ការគាំទ្រសកម្មភាពអស់ទាំងនេះ ដែលបង្កប់នូវចេតនាទុច្ចរិត និងទាមទារដាច់ខាតឲ្យអង្គការ CENTRAL បញ្ឈប់ជាបន្ទាន់នូវការផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់សកម្មភាពអស់ទាំងនេះ ដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ និងគោលដៅរួមរបស់កម្មករនិយោជិតនៅកម្ពុជា។

សហភាពសហជីព និងសហព័ន្ធសហជីពទាំងនោះ នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះរាល់សកម្មភាពរបស់អង្គការ CENTRAL ហើយបើមិនបញ្ឈប់សកម្មភាអស់ទាំងនេះទេ យើងខ្ញុំទាំងអស់គ្នានឹងចាត់វិធានការម៉ឺងម៉ាត់ដើម្បីការពារដាច់ខាតនូវផលប្រយោជន៍រួមរបស់កម្មករនិយោជិតនៅកម្ពុជាដោយ៖

-  បញ្ឈប់រាល់កិច្ចសហការ និងការចូលរួមក្នុងគម្រោង និងសកម្មភាពបច្ចុប្បន្ន និងទៅអនាគតដែលដែលពាក់ព័ន្ធជាមួយ អង្គការ CENTRAL។

-  ធ្វើការតវ៉ាទៅក្រសួងស្ថាប័នមានសមត្ថកិច្ច ឲ្យពិនិត្យអំពីភាពស្របច្បាប់ នូររាល់សកម្មភាពរបស់អង្គការ CENTRAL។

-  ចាត់វិធានការចំាបាច់ផ្សេងៗ ដែលមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងបញ្ឈប់សកម្មភាព ដែលប៉ះពាល់ដល់ផលប្រយោជន៍រួមនៃចលនាកម្មករនិយោជិតនៅកម្ពុជា។ 

ទន្ទឹមនឹងនេះ សហភាពសហជីព និងសហព័ន្ធសហជីពទាំងអស់ទន្ទឹមរង់ចាំ និងបើកចំហរដល់អង្គការ CENTRAL ដើម្បីបកស្រាយបំភ្លឺ ឬបញ្ជាក់ពីគោលជំហររបស់ខ្លួនលើករណីនេះដោយផ្ទាល់ ឬជាលាយលក្ខណ៍អក្សរ ព្រមទាំងបន្តកិច្ចសហការប្រកបដោយឆន្ទៈ ដែលមានគោលដៅរួមក្នុងការលើកកម្ពស់ និងការពារផលប្រយោជន៍រួមរបស់ចលនាកម្មករនិយោជិតនៅកម្ពុជា៕