(ភំ្នពេញ)៖ នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបជាមួយលោក មីកាមិ ម៉ាសាហ៉ីរ៉ុ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ដែលនឹងត្រូវបញ្ចប់អណត្តិ ជាមួយនឹងគណៈប្រតិភូជប៉ុន ដើម្បីសំដែងការគួរសម និងជម្រាបលា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

ក្នុងជំនួបនេះលោករដ្ឋមន្ត្រី បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះលោកឯកអគ្គរដ្ឋទូតជប៉ុន និងគណៈប្រតិភូ និងបានអបអរសាទរលោកឯកអគ្គរដ្ឋទូត ដែលបានបំពេញបេសកកម្មដ៏ជោគជ័យជាប្រវត្តិសាស្រ្តនៅកម្ពុជា។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរ ចំពោះលោកឯកអគ្គរាជទូត នូវសមិទ្ធិផលនានា ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ និងធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែមានភាពស្អិតរមួត និងកាន់តែរីកចម្រើនបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន សម្រាប់ការបរិច្ចាគវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ចំនួនប្រមាណ ១.៣លានដូស តាមរយៈយន្ដការ COVAX ក៏ដូចជាការផ្តល់ជំនួយហិរញ្ញប្បទាន និងបច្ចេកទេសក្នុងការគាំទ្រ ដល់គម្រោងអភិវឌ្ឍន៍នានា ដើម្បីជួយស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ១៩។

ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់ លោករដ្ឋមន្ត្រី បានបង្ហាញនូវការគាំទ្រ ចំពោះគំនិតផ្ដួចផ្ដើមទាំងឡាយរបស់ភាគីជប៉ុន ដើម្បីជំរុញគាំទ្រដល់ការលើកកម្ពស់ភាពធនរឹងមាំរបស់ច្រវ៉ាក់ផ្គត់ផ្គង់តំបន់ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចិរភាព និងបរិយាបន្ន។ ក្នុងនោះដែរ លោករដ្ឋមន្ត្រីក៏បានជំរុញ និងលើកទឹកចិត្តឱ្យមានការវិនិយោគបន្ថែម ពីសំណាក់វិនិយោគិន និងធុរជនជប៉ុនមកកាន់តំបន់អាស៊ាន ជាពិសេសមកកាន់កម្ពុជាផ្ទាល់តែម្ដង។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយនឹង ឯកអគ្គរដ្ឋទូតថ្មីរបស់ជប៉ុន ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ផ្អែកលើការជឿទុកចិត្តដ៏រឹងមាំ រវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ទៅកាន់ដំណាក់កាលថ្មីមួយទៀត និងឆ្ពោះទៅខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី១០ នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងជប៉ុននៅឆ្នាំ២០២៣។

លោកឯកអគ្គរដ្ឋទូត បានកោតសរសើរនូវការទទួលបានជោគជ័យដ៏ត្រចះត្រចង់ ក្នុងការដឹកនាំធ្វើជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២ ជាពិសេសបានកោតសរសើរចំពោះលោករដ្ឋមន្ត្រីផ្ទាល់ ដែលបានទទួលជោគជ័យក្នុងការធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលទទួលបានលទ្ធផលគួរជាទីមោទនៈ។

ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ផងដែរនូវកិច្ច សហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងប្រទេសទាំងពីរ នឹងបានជឿជាក់យ៉ាង មុតមាំថា កិត្តិនាមរបស់កម្ពុជានឹងកាន់តែត្រូវបានទទួលស្គាល់ក្នុងតំបន់ និងសាកលលោក បន្ទាប់ពីការទទួលបានភាពជោគជ័យ ក្នុងការធ្វើជាប្រធានអាស៊ានក្នុងឆ្នាំនេះ។

ក្នុងជំនួបនេះ ភាគីទាំងពីរបានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការបង្កើនទំនាក់ទំនងដ៏យូរអង្វែង និងការពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សំដៅពង្រឹង និងជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕