Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមការងារខេត្តក្រចេះ ចូលរួមពិធីសម្ពោធអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំឆ្លូង ស្រុកឆ្លូង និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋម្ចាស់ឆ្នោត

30-11-2022 08:19

(ឆ្លូង-ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ រួមជាមួយសហការី បានចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំឆ្លូង ស្រុកឆ្លូង និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានជាម្ចាស់ឆ្នោត។

ពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ដោយមានការចូលរួមរបស់ សមាជិករដ្ឋសភា ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្តចុះជួយស្រុកឆ្លូង និងឃុំទាំង៨ ប្រធានគណបក្សស្រុក ប្រធានគណបក្សឃុំ មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ មន្រ្តីអាជ្ញាធរមូលដ្ឋាន និងតំណាងប្រជាពលរដ្ឋតាមខ្នងផ្ទះនៃឃុំឆ្លូង សរុបមានអ្នកចូលរួមប្រមាណជិត ១.២០០នាក់ នាព្រឹកថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។

បន្ទាប់ពីស្តាប់បាយការណ៍សង្ខេបរបស់លោកស្រី គង់ លឹមហូ ប្រធានគណៈកម្មាធិការបក្សស្រុកឆ្លូង ពីវឌ្ឍនភាពការងារមូលដ្ឋានរួចមក លោករដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងមតិកោតសរសើរ វាយតម្លៃខ្ពស់ និងអរគុណដោយស្មោះស្ម័គ្របំផុត ក្នុងនាមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជូនចំពោះបងប្អូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោតនៅក្នុងឃុំទាំង៨ នៃស្រុកឆ្លូង ក៏ដូចជាក្រុង-ស្រុកទាំង៥ នៃខេត្តក្រចេះ រួមជាមួយប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមក។

ក្នុងពិធីសម្ពោធនេះ លោករដ្ឋមន្រ្តីបានថ្លែងរំលឹកជូនបងប្អូនប្រជាពលរដ្ឋពីភាពជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ានលើកនេះដែលព្រះរាជាណាចក្រកម្ពុជាជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ានកន្លងទៅ ដែលបានលើកស្ទួយកិត្យានុភាពរបស់កម្ពុជាឱ្យស្មើមុខ និងស្មើសិទ្ធិជាមួយប្រទេសទាំងអស់លើសកលលោក ហើយបានបង្ហាញឱ្យពិភពលោកដឹងច្បាស់ពីការពិតជាក់ស្តែងនៃសច្ចភាព វឌ្ឍនភាព និងវិបុលភាពរបស់កម្ពុជា ក្រោមម្លប់សុខសន្តិភាព តាមមាគ៌ាដឹកនាំរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។

ទន្ទឹមនោះ លោករដ្ឋមមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានសំដែងការចូលរួមអបអរសាទរជាមួយប្រជាជនក្នុងខេត្តក្រចេះទាំងមូល និងថ្លែងអំណរគុណនិងដឹងគុណជាអនេកប្បការ ចំពោះរាជរដ្ឋាភិបាលកម្ពុជាក្រោមមគ្គុទ្ទេសក៍ដ៏ឈ្លាសវៃនិងភ្លឺស្វាងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានពង្រឹងមិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អ ជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បន្តជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត ជាក់ស្តែងរដ្ឋាភិបាលចិនបានផ្តល់ប្រាក់កម្ចីសម្រាប់ការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្នុងខេត្តក្រចេះ។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីប្រធានក្រុមការងារខេត្តក្រចេះ ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យពូនជ្រុំជំនឿរឹងមាំនេះដោយបេះដូងស្រលាញ់ជឿជាក់បន្តទៀត ហើយចូលរួមយ៉ាងសស្រាក់សស្រាំគាំទ្រគោលនយោបាយ និងចលនាសកម្មភាពរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាក្នុងការគ្រប់គ្រង ប្រយុទ្ធឈ្នះកូវីដ១៩ ដែលអនុញ្ញាតឱ្យយើងបានបើកសេដ្ឋកិច្ច សង្គមជាតិមកកាន់ប្រក្រតីភាពជាធម្មតាឡើងវិញដូចសព្វថ្ងៃ ក៏ដូចជាការរួមគ្នាតស៊ូជម្នះដោះស្រាយរាល់បញ្ហាប្រឈមជាវិបត្តិទាំងឡាយដែលបង្កឡើងដោយការវិវត្តឆាប់រហ័សមិនប្រក្រតីនៃសភាពការណ៍សកលលោកនាពេលបច្ចុប្បន្ន រួមមានជាអាទិ៍៖ ការប្រជែងភូមិសាស្រ្តនយោបាយ ការប្រែប្រួលអាកាសធាតុ និងការអូសបន្លាយសង្គ្រាមនៅអ៊ុយក្រែន។ល។

លោករដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំ បានផ្តាំផ្ញើដល់អង្គពិធីទាំងមូល សូមប្រើប្រាស់អគារស្នាក់ការគណបក្សនេះ ដើម្បីជាគុណប្រយោជន៍នៃការពូនផ្តុំសាមគ្គីភាពស្អិតល្មួតរវាងមន្រ្តីគណបក្សជាមួយប្រជាពលរដ្ឋគ្រប់ស្រទាប់ ពិសេសទំនាក់ទំនងផ្សារភ្ជាប់សុខទុក្ខជិតស្និទ្ធជាប្រចាំ ជាមួយបងប្អូនប្រជាពលរដ្ឋ និងក្រុមញាតិគ្រួសារ គ្រប់ពេលវេលា គ្រប់ទីកន្លែង សំដៅពង្រឹងប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ឈានទៅដណ្តើមជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ ដើម្បីបន្តពង្រឹងបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព វិបុលភាពយូរអង្វែងរបស់សង្គមជាតិ៕