(ភ្នំពេញ)៖ លោក រត្ន័ សណ្ដាប់ អ្នកជំនាញអារ្យធម៌ខ្មែរ និងអ្នកនិពន្ធសៀវភៅប្រវត្ដិក្បាច់ប្រដាល់ខ្មែរ បានថ្លែងថា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ជិតបំណាច់ឆ្លងឆ្នាំសកលខាងមុខនេះ ចំពោះប្រជាជាតិខ្មែរយើង ទាំងក្នុង និងក្រៅប្រទេស ពិតជាមានសេចក្ដីសាទររំភើបរីករាយ ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលក្បាច់គុនល្បុក្កតោ ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់បញ្ចូលជាបេតិកភណ្ឌអរូបីរបស់មនុស្សជាតិ នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី១៧ នៅទីក្រុង Rabat នៃព្រះរាជាណាចក្រ Morocco នាពេលនេះ។

ព្រោះសិល្ប:ក្បាច់ល្បុក្កតោនេះ បានបង្ហាញអំពីអត្ដសញ្ញាណជាតិ ក្នុងចំណោមសិល្ប:ដទៃដែលបានចាប់បដិសន្ធិ តាំងពីសម័យព្រេងនាយរៀងមក។

លោក រត្ន័ សណ្ដាប់ បន្ដថា បើនិយាយអំពីប្រវត្ដិក្បាច់គុនល្បុក្កតោនេះ គឺជាក្បាច់គុនមួយប្រភេទដែលដូនតាខ្មែរបានយកត្រាប់តាមទម្រង់ចលនាសត្វតោ ឬខ្លា ។ បើពោលឲ្យចំទៅគឺជាក្បាច់គុនដែលដូនតាខ្មែរ «យកក្បាច់តោសម្លាប់តោ» ហ្នឹងឯង ព្រោះតែហេតុនេះទើបមានពាក្យបុរាណដំណាលប្រដូចមនុស្ស ដែលមានកម្លាំងខ្លាំងក្លាថា «ខ្លាំងដូចតោ»។ ជាក់ស្ដែងនៅតាមប្រាង្គប្រាសាទនានា ពិសេសប្រាសាទសំបូរព្រៃគុក នាស.វ.ទី៧ ក្រុមប្រាសាទ ខាងត្បូងយាយព័ន្ធ បានបង្ហាញអំពីក្បាច់គុនល្បុក្កតោ ដែលមនុស្សកំពុងប្រយុទ្ធជាមួយនឹងសត្វតោយ៉ាងរស់រវើកនិងស្វាហាប់ជាទីបំផុត។

ដោយពាក្យ «ល្បុក្ក» សំដៅបុក, កាច់ ឬវាយ និង «តោ» សំដៅកម្លំាងខ្លាំង។ ដូចនេះក្បាច់គុននេះត្រូវមានជំហរដងខ្លួនខ្ពស់ផង ទាបផង និងចាំបាច់ត្រូវមានឧបករណ៍ប្រើជាអាវុធដើម្បីជាគ្រឿងការពារផង ប្រយុទ្ធផង មានដូចជា ដាវ ដំបង និងខែលដៃជាឫស្ស៊ី ។

ហេតុនេះដោយក្បាច់គុនល្បុក្កតោ មានភាពអស្ចារ្យយ៉ាងដូច្នេះហើយ ទើបបុព្វបុរសខ្មែរបានដាក់ឲ្យបម្រើក្នុងវិស័យកងទ័ព ដើម្បីការពារជាតិ មាតុភូមិ រហូតក្លាយជាចក្រភពនាសម័យអង្គរដ៏រុងរឿង។

ទន្ទឹមនឹងនេះលោក រត្ន័ សណ្ដាប់ ក៏បានសាទរផងដែរដល់លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដែលបានដាក់ក្បាច់គុនល្បុក្កតោ ឲ្យបម្រើក្នងវិស័យកងទ័ព ដើម្បីរក្សាកេរ្ដិ៍មរតកដូនតាខ្មែរយើង ទុកឲ្យកុលបុត្រកុលធីតាខ្មែរ ជំនាន់ក្រោយៗទៀតតរៀងទៅ៕