(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចុះតាមបណ្ដាគោលដៅនានា ដើម្បីពង្រឹងការអនុវត្តច្បាប់ និងផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្ត។
ក្រោយទទួលបានបទបញ្ជា នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក អឿ សុភា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដឹកនាំកម្លាំងរបស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដែលនៅប្រចាំការនៅការិយាល័យមួយក្រុម និងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម, ស្រុកព្រៃឈរ, ស្រុកជេីងព្រៃ និងស្រុកបាធាយ ដោយប្រេីប្រាស់រថយន្ដសេរ៉ែនរបស់ការិយាល័យមួយគ្រឿង និងរថយន្ដរបស់អធិការដ្ឋាននគរបាលស្រុកចុះពង្រឹង ការល្បាតត្រួតពិនិត្យដូចជា៖
*ទី១៖ ពង្រឹងកម្លាំងនៅតាមបណ្ដាគោលដៅ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹតលេខ៣៩ អប្រក
*ទី២៖ ល្បាតត្រួតពិនិត្យ តាមភូមិសាស្ត្រប្រឈមនិងគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងៗកន្លងមកនេះ
*ទី៣៖ ណែនាំដល់កម្លាំងក្នុងក្រុមនីមួយៗ នូវវិន័យកងកម្លាំង
*ទី៤៖ ណែនាំដល់អ្នកប្រេីប្រាស់ផ្លូវ ឲ្យចូលរួមក្នុងការគោរពច្បាប់ចរាចរណ៍
*ទី៥៖ អប់រំណែនាំ និងបិទចំណាំងផ្លាតដល់មធ្យោបាយមួយចំនួន ដែលមានភ្លេីងបំភ្លឺគ្រប់គ្រាន់នៅពេលយប់។
លោកវរសេនីយ៍ឯក អឿ សុភា បានបញ្ជាក់ថា តាមស្ថានភាពជាក់ស្ដែងក្នុងពេលចុះល្បាតឃេីញថា អ្នកប្រេីប្រាស់មួយចំនួនធំមានការយល់ដឹងច្បាស់ និងបានចូលរួមគោរពច្បាប់ចរាចរណ៍ តែនៅមួយចំនួនតូចមិនបានចូលរួមគោរពច្បាប់ ហេីយត្រូវបានជំនាញធ្វេីការអប់រំណែនាំ៕