(កំពត)៖ ប្រជាពលរដ្ឋប្រមាណ៣២គ្រួសារ មកពីភូមិរលួស និងភូមិកែបថ្មី នៃឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ បាននាំគ្នាមកតវ៉ានៅមុខសាលាខេត្តកំពត ពាក់ព័ន្ធបញ្ហាដីធ្លី ដែលស្ថាប័នពាក់ព័ន្ធមិនបានចេញប័ណ្ណកម្មសិទ្ធ និងមិនបន្តការវាស់វែងឲ្យពួកគាត់។
ប្រជាពលរដ្ឋ ដែលឡើងនៅចំពោះមុខប្រធានមន្ទីរបរិស្ថានខេត្ត លោក ស៊ុយ ធា និងលោក វិត វឌ្ឍនា នាយកទីចាត់ការអន្តរវិស័យសាលាខេត្តកំពត ដោយសុំស្នើទៅលោក ចាន់ ចេស្តា អភិបាលខេត្តកំពត ជួយអន្តរាគមន៍ធ្វើយ៉ាងណាជួយចេញប័ណ្ណកម្មសិទ្ធដីធ្លី ដល់ពួកគាត់ ដែលវាស់វែងរួចរាល់ហើយ តាំងពីសារាចរលេខ០១ របស់រាជរដ្ឋាភិបាលកម្ពុជាមកមម្ល៉េះ និងសុំឱ្យវាស់វែងបន្តដី ដែលនៅសេសសល់មិនទាន់បានវាស់ ដែលស្ថិតក្នុងឃុំបឹងទូក និងឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។
ក្នុងនោះដែរ លោក ស៊ុយ ធា ប្រធានមន្ទីរបរិស្ថានខេត្ត បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋវិញថា រឿងពាក់ព័ន្ធដីធ្លីរបស់ពលរដ្ឋខាងលើ ខាងអាជ្ញាធរខេត្ត បានដាក់សំណើរជូនទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីសម្រេចជូនប្រជាពលរដ្ឋរួចរាល់អស់ហើយ ហើយលោកសង្ឃឹមថា សម្តេចតេជោ ពិតជាសម្រេចជូនប្រជាពលរដ្ឋ ដែលមិនទាន់បានកម្មសិទ្ធ និងវាស់វែងដីដែលនៅសេសសល់បន្តទៀត៕