(ភ្នំពេញ)៖ ប្រតិភូអនុសាខាកាកបាទក្រហម ខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ បាននាំយកអំណោយសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាគ្រឿងឧបភោគបរិភោគ និងថវិកា ផ្តល់ជូនប្រជាពលរដ្ឋ ទីទ័លក្រ ចាស់ជរា ចំនួន៥៦គ្រួសារ នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដើម្បីសម្រាលការលំបាកដល់ជីវភាពរស់នៅ ប្រចាំថ្ងៃបានមួយរយៈពេល។
សកម្មភាពមនុស្សធម៌នាំយកអំណោយ ជូនប្រជាពលរដ្ឋក្រីក្រនេះ ដឹកនាំដោយលោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ និងលោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ លោក ហោ វាសនា អភិបាលរងខណ្ឌ លោក ញាណ ចាន់សោភា រួមនឹងចៅសង្កាត់ និងយុវជនខណ្ឌ សង្កាត់ជាច្រើននាក់ បានអញ្ជើញចុះសួរសុខទុក្ខនិងចែកអំណោយ ដល់ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាចំនួន៥៦គ្រួសារ នៅសង្កាត់ ព្រែកឯង ។
លោក ញ្ញាណ ចាន់សោភា នាយករងរដ្ឋបាល បានអោយដឹងថា អំណោយដែលកាកបាទក្រហម នាំយកមកចែកជូននាពេលនេះ រួមមាន៖ អង្ករ១ប៉ាវ មី១កេស ,ទឹកស៊ីអ៊ីវ១យួ ត្រីខ១យួរ, ទឹកត្រី១យួរ ,ទឹកសុទ១កេស និងឃីត១ឈុត (មុង១ ភួយ១ សារុង១ ក្រមា១) ឃីត១កញ្ចប់ និងថវិកា ៣ម៉ឺនរៀលផងដែរ ហើយនេះជាអំណោយដ៍ថ្លៃថ្លា របស់សម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។
ក្នុងឱកាសនោះ លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារ អំពៅ និងជាប្រធាគណៈកម្មាធិការ អនុសាខាកាក បាទក្រហមខណ្ឌបានមានមតិ សំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះដូច្នេះថា អនុវត្តតាមគោលការណ៍ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជានិច្ចជាកាល និងមានការណែនាំបន្ថែមពីប្រធាន សាខាកាកបាទក្រហមរាជធានីភ្នំពេញ អនុសាខាកាកបាទក្រហម ខណ្ឌបានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ទីទ័លក្រ អត់ទីពឹង ពលរដ្ឋងាយរងគ្រោះ ជនរងគ្រោះថ្នាក់ ដោយធម្មជាតិ អ្នកផ្ទុកមេរោគអេដស៍ ដោយបានផ្តល់ជាអំណោយ សង្គ្រោះបន្តបន្ទាប់ទៅតាមលទ្ធភាព ហើយអំណោយដែលយកមក ចែកជូននៅពេលនេះជាអំណោយដ៍ថ្លៃថ្លា របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈអនុសាខាកាកបាទក្រហម ខណ្ឌ មួយផ្នែកបានមកពីសប្បុរសជន និងមួយផ្នែកទៀតបានមកពីរួមចំណែករបស់ គណៈអភិបាលខណ្ឌ ដែលតែងតែប្រកាន់ខ្ជាប់នូវ វប្បធម៌ចែករំលែក។ ថ្វីត្បិតតែអំណោយទាំងនេះមិនបានសមប្រកបទៅតាម ការចង់បានរបស់បងប្អូនតែបានជួយសម្រាលការលំបាកក្នុង ជីវភាពប្រចាំថ្ងៃបានមួយរយៈពេល យ៉ាងណាក៏ដោយអាជ្ញាធរ ខណ្ឌក៏ជាអនុសាខាកាកបាទក្រហមខណ្ឌ និងខិតខំគៀងគរស្វែងរកជំនួយ ពីសប្បុរសជនបន្ថែមទៀត ដើម្បីជួយឧបត្ថម្ភសម្រាល ការលំបាកដល់បង ប្អូនដែលមាន ជីវភាពខ្វះខាត ទីទ័លក្រ ។
លោកអភិបាលខណ្ឌបានបន្តថា អ្វីដែលសំខាន់សូមបងប្អូនខិតខំរកស៊ីទទួលទាន ប្រចាំថ្ងៃទៅតាមអ្វីដែលអាចធ្វើបានតែសូមកុំរកស៊ី មុខរបរណាដែលខុសច្បាប់ និងមិនត្រូវអស់សង្ឃឹមក្នុងជីវិតនោះឡើយ ដើម្បីទ្រទ្រង់ជីវភាព អោយបានប្រសើរឡើង។ លើសពីនេះទៀត សូមអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ទៅលើសុវត្ថិភាពកូន-ចៅ ក្នុងការធ្វើដំណើរតាមដងផ្លូវ ដោយនាំគ្នាគោរព ច្បាប់ចរាចរទាំងអស់គ្នា៕