(ភ្នំពេញ)៖ ថ្មីៗនេះមានជនខិលខូចមួយរូបបានលួចប្រើប្រាស់ឈ្មោះ និងរូបថតរបស់បុគ្គលិកអង្គភាពព័ត៌មាន Fresh News បន្លំផ្ញើសារតាមប្រព័ន្ធអេឡិចត្រូនិក Telegram, WhatsApp ទៅកាន់ថ្នាក់ដឹកនាំ មន្ត្រីអាជ្ញាធរ សមត្ថកិច្ចជាប្រធានស្ថាប័ន ឬអង្គភាពមួយចំនួនដើម្បីសុំការឧបត្ថម្ភថវិកាមួយចំនួន ក្រោមរូបភាពខ្លួនមានការខ្វះខាត។

ជាក់ស្តែងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ជនខិលខូចដដែលរូបនោះបានប្រើឈ្មោះ «សេងវុធ» លេខទូរស័ព្ទ 066 382 881 បានផ្ញើតាម Telegram ទៅកាន់កញ្ញា អ៉ឹម រចនា​ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម ដោយសរសេរខ្លឹមសារយ៉ាងដូច្នេះថា

«ជំរាបបងរចនា សមាជិកា ខុទ្ទកាល័យ ក្រសួងកសិកម្ម ខ្ញុំបាទមកគ្នា២នាក់ បានមកសុំស្នើថវិកាបង រចនា សមាជិកា ខុទ្ទកាល័យ ឯករដ្ឋមន្រ្តីក្រសួងកសិកម្មចាយខ្លះផង»

ភ្លាមៗកញ្ញា អ៉ឹម រចនា​ បានទាក់ទងមកកាន់លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News ពាក់ព័ន្ធរឿងខាងលើ។ លោកអគ្គនាយកបញ្ជាក់វិញថា «ឈ្មោះសេងវុធនេះគឺជាជនខិលខូចដើរឆរបោក ដោយឈ្មោះអង្គភាពព័ត៌មាន Fresh News ទៅសុំលុយពីមន្រ្តីអាជ្ញាធរ សមត្ថកិច្ច ជាច្រើនរូបមកហើយ ធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះស្ថាប័ន Fresh News។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងតាមដានជនរូបនេះ ដើម្បីនាំខ្លួនមកសួរនាំពាក់ព័ន្ធអំពើទុច្ចរិត»

កន្លងមក និងបច្ចុប្បន្ននេះ ជនខិលខូចខាងលើបានបន្តប្រើប្រាស់រូបថត និងឈ្មោះរបស់បុគ្គលិកអង្គភាពព័ត៌មាន Fresh News មួយរូបឈ្មោះ «វុធ» ប្រើលេខទូរស័ព្ទ៖ 077 679 795 ផ្ញើសារតាម Telegram និង WhatsApp ទៅកាន់មន្ត្រីអាជ្ញាធរ សមត្ថកិច្ច និងប្រធានស្ថាប័ន អង្គភាពមួយចំនួនដើម្បីសុំថវិកា ខ្លះ៥០ម៉ឺនរៀល ខ្លះ១០០ដុល្លារ ឬ២០០ដុល្លារ ក្រោមរូបភាពខ្លួនមានការខ្វះខាត ឬត្រូវចុះបំពេញបេសកកម្មតាមខេត្ត ។ល។ ចំពោះលេខទូរស័ព្ទដែលជនខិលខូច ផ្ញើទៅឲ្យមន្ត្រីសម្រាប់ទាក់ទង ឬផ្ញើថវិកាឲ្យជាដើម ពេលទូរស័ព្ទចូល តែមិនមានអ្នកលើកទទួលនោះទេ។

អង្គភាពព័ត៌មាន Fresh News សូមព្រមានដល់បុគ្គលខិលខូច ដែលប្រើប្រាស់ទូរស័ព្ទ 077 679 795 បញ្ឈប់ជាបន្ទាន់នូវសកម្មភាពឆរបោកនេះ ប្រសិនបើនៅតែបន្តប្រើប្រាស់សកម្មភាពបែបនេះទៀត អង្គភាពព័ត៌មាន Fresh News នឹងចាត់វិធានការតាមផ្លូវច្បាប់។

សេចក្ដីប្រកាសនេះ សូមមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច និងសាធារណជនជ្រាបជាព័ត៌មាន។

សូមមេត្តាទាក់ទងមកកាន់ អង្គភាពព័ត៌មាន Fresh News តាមរយៈទូរស័ព្ទ៖ 097 500 0001, 012 90 4444, 088 8003 803៕