(កំពង់ធំ)៖ លោក សយ អ៉ឹង អគ្គលេខាធិការរងនៃទីស្តីការគណៈរដ្ឋមន្ត្រី និងលោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានរៀបចំពិធីអបអសាទរ ពិធីអហារូបត្ថម្ភថ្នាក់ស្រុក ក្រោមប្រធានបទ «ម្ហូបអាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែល្អប្រសើរ» នៅក្នុងបរិវេណវត្តឃ្លាំងខ្មូត ស្ថិតនៅក្នុងភូមិគោករវៀង ឃុំប្រឡាយ ស្រុកស្ទោងខេត្តកំពង់ធំ។

លោក សយ អុឹង បានថ្លែងថា សុវត្ថិភាពម្ហូបអាហារ គឺជាកិច្ចការយើងទាំងអស់គ្នាហើយ ម្ហូបអាហារមានសុវត្ថិភាព មានសារៈសំខាន់ខ្លាំងណាស់ចំពោះសុខភាព ជីវភាពរស់នៅ និងសុខុមាលភាពរបស់មនុស្សគ្រប់រូប។

លោកបន្តការលើកកម្ពស់សុវត្ថិភាព ម្ហូបអាហារ គឺជាកត្តាសំខាន់សម្រាប់ចីរភាពប្រព័ន្ធស្បៀង ការអភិវឌ្ឍមូលធនមនុស្ស និងជាតម្រូវការ ចាំបាច់ដើម្បីឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ ការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម បានធ្វើឱ្យប្រជាជនផ្លាស់ប្ដូររបៀបរបបរស់នៅ និងការហូបចុកដោយផ្លាស់ប្ដូរពីការ ហូបដើម្បីឆ្អែត មកហូបដើម្បីសុខភាព។

លោកបន្តទៀតថាយុទ្ធនាការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ នឹងត្រូវរៀបចំធ្វើឡើងនៅទូទាំងប្រទេសដោយផ្ដោតលើសកម្មភាពជាច្រើន ដូចជា ការលើកកម្ពស់ការយល់ដឹងជាសាធារណៈ ការពង្រឹងសមត្ថភាពបច្ចេកទេស ការរៀបចំគោលការណ៍ណែនាំ បទប្បញ្ញត្តិបច្ចេកទេសនិងស្តង់ដារ និងការពង្រឹងការអនុវត្តគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ប្រកបដោយបរិយាប័ន្ន តម្លាភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវ ក្នុងនោះយុទ្ធនាការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារនេះ នឹងត្រូវបន្តធ្វើដូចភ្លៀងរលឹម ដើម្បីផ្សព្វផ្សាយជូនប្រជាជនកម្ពុជាគ្រប់រូបបានយល់ដឹងកាន់តែច្បាស់ពីសារៈសំខាន់នៃសុវត្ថិភាពម្ហូបអាហារ និងទទួលបានម្ហូបអាហារមានសុវត្ថិភាពប្រកបដោយអាហារូបត្ថម្ភ ហើយអាជីវកម្មម្ហូបអាហាររបស់យើងត្រូវបានគោរពទៅតាមគោលការណ៍ណែនាំស្តីពីអនាម័យ សុវត្ថិភាព គុណភាព និងនិរន្តរភាពប្រព័ន្ធផលិតកម្មម្ហូបអាហារ។

លោក ព្រឹម រដ្ឋា បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន យុវជន និង ប្រជាពលរដ្ឋគ្រប់រូប សូមចូលរួមជាមួយរាជរដ្ឋាភិបាល ដែលមានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ជាសេនាធិការក្នុងការសម្របសម្រួលលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងប្រព័ន្ធស្បៀង ដើម្បីយើងខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត ធ្វើឱ្យម្ហូបអាហារមានសុវត្ថិភាពសម្រាប់ អ្នកបរិភោគ និងបញ្ជ្រាបការងារសុវត្ថិភាពម្ហូបអាហារទៅក្នុងគោលនយោបាយសុខភាពសាធារណៈ សំដៅ កាត់បន្ថយជំងឺនានាមួយចំនួនបង្កឡើងដោយម្ហូបអាហារមិនមានសុវត្ថិភាព។

លោកបន្តថាការលើកកម្ពស់សុវត្ថិភាព ម្ហូបអាហារនឹងរួមចំណែកដល់ការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងជួយសម្រួលឱកាសធ្វើពាណិជ្ជកម្មអាជីវកម្មម្ហូបអាហារ ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជាឈានឆ្ពោះទៅសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ «ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ»