(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមទៅចែកជូនដល់ ប្រជាពលរដ្ឋក្រីក្រ ចំនួន ១៥គ្រួសារ ក្នុងសង្កាត់ទៀន ខណ្ឌដង្កោ។
អំណោយដែលត្រូវយកទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ទាំង១៥គ្រួសារ ក្នុងឱកាសនោះ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុងឃីត១កញ្ចប់(មុង១+ភួយ១+ក្រមា១+សារ៉ុង១) និងថវិកា៣ម៉ឺនរៀល។
ជាមួយគ្នាព្រះគ្រូ ម៉ា ធារី ចៅអធិការវត្តឬស្សីសាញ់ សង្កាត់ព្រៃស ក៏បានឧបត្ថម្ភបន្ថែមក្នុងមួយគ្រួសារទទួលបាន គ្រឿងឧបភោគ បរិភោគ០១កញ្ចប់ រួមមាន: ស្ករស តែ ទឹកដោះគោ ទឹកក្រូច និងមី។
ក្នុងឱកាសនោះ លោក នុត ពុធដារ៉ា បានផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានលើកឡើងពីការយកចិត្តទុកដាក់របស់សម្តេចដល់ការលំបាករបស់បងប្អូនដែលជានិច្ចកាល សម្តេចបានផ្តាំផ្ញើរឲ្យអជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ និងរាយការណ៍អំពីបញ្ហា ការលំបាក និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសជនក្រីក្រ ជនងាយរងគ្រោះ កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ ជម្ងឺអេដស៍ ចាស់ជរា និងអ្នកជួបគ្រោះមហន្តរាយផ្សេងៗ។
ជាមួយគ្នានេះ លោកអភិបាល ក៏បានពាំនាំការយកចិត្តទុកដាក់របស់លោក ប៉ា សុជាតិវង្ស អភិបាល រាជធានីភ្នំពេញនិងជាប្រធាន សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ផងដែរ។
លោកប្រធានកិតិ្តយសអនុសាខាក៏បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យថែរក្សាសុខភាព តាមរយៈការហូបស្អាត ផឹកស្អាតរស់នៅ ស្អាត អនាម័យការរស់នៅ ដើម្បីឲ្យមានសុខភាពល្អ រស់នៅបានយូរអង្វែងបន្តរង់ចាំមើលការអភិវឌ្ឍរីកចម្រើន របស់ប្រទេសជាតិយើង ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃកម្ពុជា៕