(ភ្នំពេញ)៖ ក្រោយមានការដាក់ឱ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានមួយរយៈពេលកន្លងពេលមក និងមានគម្រោងបើកឱ្យដំណើរការសាងសង់ផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-បាវិត នាពាក់កណ្តាលឆ្នាំ២០២៣ខាងមុខនេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ​ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ទៀតថា មកដល់ពេលនេះមានក្រុមហ៊ុនធំៗចំនួន៤ ទៀតហើយ បានស្នើសុំក្រសួង ដើម្បីសិក្សាធ្វើផ្លូវល្បឿនលឿនមួយខ្សែទៀត ពីភ្នំពេញទៅខេត្តសៀមរាប។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបង្ហើបដូចនេះនាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងពិធីប្រគល់-ទទួលយានយន្តអគ្គិសនី នៅទីស្ដីការក្រសួង និងដោយមានការចូលរួមពីលោកស្រី ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន រួមទាំងមានតំណាងក្រុមហ៊ុនឯកជន និងមន្ត្រីជំនាញរបស់ក្រសួង ជាច្រើនរូបទៀតផងដែរ។

លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា «ក្រៅពីផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក៏មានក្រុមហ៊ុន៤ បានស្នើសុំសិក្សាធ្វើផ្លូវល្បឿនលឿនភ្នំពេញ ទៅសៀមរាប, សូមជម្រាបថា មានក្រុមហ៊ុន ៤ បានស្នើសុំសិក្សា តែមិនទាន់មានលទ្ធផលផ្តល់ជូនមកក្រសួងនៅឡើយទេ ខ្ញុំជឿជាក់ថា ថ្ងៃមុខយើងនឹងមានផ្លូវល្បឿនលឿនភ្នំពេញទៅសៀមរាប ផងដែរ»

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមទៀតថា ការសម្រេចបានការសាងសង់សង់ផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងព្រះសីហនុ និងមានគម្រោងជាបន្តបន្ទាប់ រួមទាំងមានក្រុមហ៊ុនផ្សេងៗ បានស្នើសុំសិក្សាធ្វើផ្លូវល្បឿនលឿន ជាបន្តបន្ទាប់ទៀតដូចនេះ ក៏ដោយសារតែប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវ៉ៃរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ទើបធ្វើឱ្យបណ្តាក្រុមហ៊ុនក្នុង និងក្រៅប្រទេស ហ៊ានបណ្តាក់ទុកជាមួយប្រទេសកម្ពុជាដូចនេះ៕