(ស្វាយរៀង)៖ ក្រុមប្រឹក្សាខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ខ្លួន នៅស្រុករំដួល ដើម្បីដោះស្រាយកង្វល់នានារបស់ប្រជាពលរដ្ឋ។

វេទិកានេះធ្វើឡើងក្រោមអធិបតីភាពលោក ភិន ឆាំ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត។

ចំណុចដែលត្រូវលើកឡើងនៅក្នុងអង្គវេទិកាផ្សព្វផ្សាយពិព្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនេះ ដែលមានការចូលរួមពីមន្ដ្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូបទៀតនោះរួមមាន៖ ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ការងារអភិវឌ្ឍមូលដ្ឋាន ការផ្តល់សេវាសាធារណៈ ការធ្វើអត្តសញ្ញាណប័ណ្ណ និងការចុះសំបុត្រអត្រានុកូលដ្ឋាន សុខភាព អនាម័យ ការងារបរិស្ថាន អគ្គិសនី បោះបង់ការសិក្សា ទំនាស់ដីធ្លី និងការសាងសង់សំណង់ផ្សេងៗ។

លោក ភិន ឆាំ បានលើកឡើងថា អង្គវេទិកានាថ្ងៃនេះពិតជាបានបង្ហាញឱ្យឃើញ ពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លា នៅក្នុងដំណើរការនៃការគាំទ្រ និងជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមក្របខ័ណ្ឌយុទ្ធសាស្ត្រស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗ ឆ្លើយតបទៅនឹងសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោកបានបន្ដទៀតថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនឹងផ្ដល់ឱកាសដល់អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ អាចចូលរួមទទួលព័ត៌មានអំពីសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានា និងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឍមូលដ្ឋាន បញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលខេត្ត ផ្តល់នូវអនុសាសន៍ និងសំណូមពរនានាសម្រាប់ការពិភាក្សា និងតាមរយៈការឆ្លើយតបបានទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែលម្អ និងដោះស្រាយឱ្យកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអាទិភាព និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

នាឱកាសនោះលោក រស់ ផារិទ្ធ បានជំរុញដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តភារកិច្ចតួនាទីរបស់ខ្លួន ក្នុងការបម្រើសេវាសាធារណៈ ទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ក្នុងនោះត្រូវត្រួតពិនិត្យការស្ថាបនាផ្លូវលំជាប្រភេទផ្លូវដីស ក្រាលគ្រួស ចាក់បេតុ នៅមូលដ្ឋានឱ្យបានម៉ត់ចត់បំផុត គឺធ្វើយ៉ាងណាឱ្យក្រុមហ៊ុនស្ថាបនាផ្លូវ ធ្វើឱ្យបានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស ធានាបានផ្លូវល្អជាប់យូរអង្វែង។

បន្ថែមលើសពីនេះ ត្រូវចូលរួមទប់ស្កាត់រាល់បទល្មើសនានា ដូចជា៖ បញ្ហាគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យទទួលបានជោគជ័យបន្ថែមទៀត។

សូមបញ្ជាក់ថា រាល់ការលើកឡើងរបស់ប្រជាពលរដ្ឋ នៅក្នុងវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង នៅពេលនេះត្រូវបានមន្ទីរដែលពាក់ព័ន្ធធ្វើការបកស្រាយ និងដោះស្រាយជូនប្រជាពលរដ្ឋផងដែរ៕