Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីអង្គភាពលទ្ធកម្មសាលាខេត្តកំពង់ចាម ចុះពិនិត្យវាយតម្លៃ គម្រោងកសាង និងជួសជុលកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងក្រុងកំពង់ចាម

29-11-2022 11:59

(កំពង់ចាម)៖ ក្រុមការងារអង្គភាពលទ្ធកម្ម នៃសាលាខេត្តកំពង់ចាម នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានចុះពិនិត្យវាយតម្លៃ គម្រោងកសាង និងជួសជុលកែលម្អឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងក្រុងកំពង់ចាម ដែលបានរងការខូចខាតដោយគ្រោះទឹកជំនន់កាលពីឆ្នាំ២០១៩។

តាមមន្ត្រីអង្គភាពលទ្ធកម្ម សាលាខេត្តកំពង់ចាម បានឲ្យដឹងថា ក្រោមការដឹកនាំរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អស់រយៈកាលជាង ៣ឆ្នាំមកនេះ លោកបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធនានា ការជួសជុលកែលម្អ និងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលបានរងការយាយីពីគ្រោះធម្មជាតិ ទឹកជំនន់ កាលពីអំឡុងឆ្នាំ២០១៩។

មន្ត្រីដដែលបានបញ្ជាក់ថា ជាក់ស្តែងនៅថ្ងៃ២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារអង្គភាពលទ្ធកម្ម សាលាខេត្តកំពង់ចាម និងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យវាយតម្លៃ គម្រោងកសាង និងជួសជុលកែលម្អឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួន តាមបណ្តោយសួនច្បារមាត់ទន្លេ ក្រុងកំពង់ចាម រួមមាន៖

រូបសំណាក ព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ, បង្កាន់ដៃក្បាច់, ជញ្ជាំងច្រាំងទន្លេ, សួនផ្កាឈូក, ក្រាលការ៉ូឡាថ្មដុស, ចាក់សាបបេតុង, ការៀបចំកែលម្អសួនច្បារ និងការដាំដើម្បីឈើជាដើម។

មន្ត្រីបានបញ្ជាក់បន្ថែមថា ការកសាងសំណង់ទាំងអស់នេះ ក៏ជាការចូលរួមចំណែក លើកកម្ពស់សោភ័ណ្ឌភាព ក្នុងក្រុងកំពង់ចាម ដើម្បីផ្ដល់ការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ នៅពេលដែលមកទស្សនាកំសាន្ត នៅទឹកដីខេត្តកំពង់ចាម ដែលមានលម្អ ទៅដោយសួនច្បារ និងភ្លើងពណ៌ជាការលើកកម្ពស់សោភ័ណ្ឌភាព ក្នុងក្រុងកំពង់ចាម នឹងសម្រាប់ឈានទៅប្រកួតប្រជែងទីក្រុងស្អាត នាពេលខាងមុខ ផងដែរ៕