(សៀមរាប)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នារសៀលថ្ងៃទីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានចុះពិនិត្យមើលមន្ទីរពេទ្យ និងដំណើរការសាងសង់អគារពេទ្យមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលជាជំនួយរបស់ជប៉ុន មកដល់ពេលនេះសាងសង់បាន ២៨ភាគរយហើយ គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៣ ខណៈអ្នកជំងឺចូលមកសម្រាកព្យាបាលនៅតែមានចំនួនច្រើន។

នាឱកាសនោះដែរ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានលើកឡើងថា ការពង្រីកអគារនេះឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន។ ដូចនេះជំនួយឧបត្ថមរបស់ប្រទេសជប៉ុន ក្នុងការសាងសង់អគារមន្ទីរពេទ្យ និងការបំពាក់បរិក្ខាពេទ្យទំនើបៗ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីពង្រីកសេវាឱ្យកាន់តែល្អប្រសើរ។ ហើយមកទល់ពេលនេះវឌ្ឍនភាពនៃការសាងសង់អាគារនេះ គឺសម្រេចបាន២៨ភាគរយហើយ បើតាមផែនការអគារមួយខ្នងនេះនឹងរួចរាល់នៅឆ្នាំ២០២៣។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានបន្តថា ក៏ដូចជាគោលដៅរបស់រាជរដ្ឋាភិបាល ការពង្រីកអគារនេះ គឺស្របទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាគោលដៅរបស់រដ្ឋាភិបាល ការធ្វើឱ្យការផ្តល់សេវាសុខាភិបាលនៅក្នុងតំបន់ឱ្យកាន់តែល្អប្រសើរ មានទំនើបកម្មនៃសេវាសុខាភិបាល។ ដោយឡែកនៅពេលអគារនេះសាងសង់នឹងបំពាក់បរិក្ខាពេទ្យទំនើបៗរួចរាល់នៅឆ្នាំ២០២៣ មន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះនឹងក្លាយជាមន្ទីរពេទ្យទំនើបមួយនៅក្នុងតំបន់។

គួរបញ្ជាក់ផងដែរ ដោយមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ (JICA) នៃប្រទេសជប៉ុន ការសាងសង់នូវអគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មួយខ្នងមានផ្ទៃក្រឡាសំណង់ទំហំ ៧,២៦០ម៉ែត្រការ៉េ កម្ពស់៤ជាន់ ប្រវែង២៥ម៉ែត្រ គុណនឹង ៦៩ម៉ែត្រ ដែលបានដំណើរការសាងសង់ចាប់ពីខែធ្នូឆ្នាំ២០២១មក ហើយអគារនេះប្រើប្រាស់សម្រាប់សេវាឯកទេសវះកាត់ សេវាសង្រ្គោះបន្ទាន់ និងសេវាពាក់ព័ន្ធផ្សេងៗជាច្រើនទៀតងដែរ៕