(ភ្នំពេញ)៖ ជនសង្ស័យចំនួន២រូប និងគ្រឿងញៀនទម្ងន់ជាង ៥គីឡូក្រាម ត្រូវបានកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបបាន។

មន្ត្រីនគរបាលជាន់ខ្ពស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ប្រាប់បណ្តាញ Fresh News នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងជំនាញ (ក១១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយឧត្តមសេនីយ៍ទោ ស៊ី ផល្លា, ឧត្តមសេនីយ៍ត្រី ជាវ តុលា, វរសេនីយ៍ទោ ផាង គឹមហួត នាយករងមន្ទីរ និងវរសេនីយ៍ឯក សេង ឃុនណាង នាយការិយាល័យ មានការចូលរួមពីកម្លាំងជំនាញរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការ ដឹកនាំសម្របសម្រួលដោយលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ បង្រ្កាប នៅចំណុចផ្ទះជួល ផ្លូវលំ ស្ថិតក្នុងភូមិបឹងខ្នំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះអនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ប្រតិបត្តិការបង្ក្រាបនេះ កម្លាំងជំនាញឃាត់ជនសង្ស័យ២នាក់ ឈ្មោះ ស៊ិន សារ៉ា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ នាក់ ស្រីអូន ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិ ខ្មែរ និងដកហូតវត្ថុតាងសារធាតុញៀនប្រភេទ ម៉េតំហ្វេតាមីន (ICE) ទម្ងន់៥.៥៨គីឡូក្រាម។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី៕