(កែប)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ជាមួយប៉មមើលទេសភាពដែលសាងសង់ឡើងដោយក្រសួងបរិស្ថាន សម្រាប់ខេត្តកែបនឹងផ្តល់ឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិនូវឱកាសមើលទេសភាពខេត្តកែបពីលើកំពូលភ្នំដែលពោរពេញដោយទេសភាពដ៏ល្អប្រណីតគឺលំហសមុទ្រនិងឆ្នេរ ប្រជុំកោះ និងសមុទ្រឈើខេត្តកែប។

ការលើកឡើងបែបនេះរបស់លោក នេត្រ ភក្ត្រា នៅក្នុងឱកាសសម្ពាធដាក់ឱ្យប្រើប្រាស់ប៉មមើលទេសភាពមួយកន្លែងនៅក្នុងឧទ្យានជាតិកែប កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក សោម ពិសិដ្ឋ អភិបាលខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។

លោករដ្ឋលេខាធិការ បានចាត់ទុកប៉មមើលទេសភាព នេះថាជាសក្តានុពលថ្មីមួយទៀតរបស់ឧទ្យានជាតិកែប ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅខេត្តដ៏ស្រស់ស្អាតតូចច្រឡឹងមួយនេះ។

ប៉មមើលទេសភាពកម្ពស់ ១២ម៉ែត្រនេះ ស្ថិតបានសាងសង់ឡើងដោយចំណាយថវិកាដែលបានពីការលក់ឥណទានកាបូនស្ថិតក្នុងក្របខណ្ឌនៃការការពារ និងអភិរក្សធនធានធម្មជាតិ និងការជំរុញលើទេសចរណ៍ធម្មជាតិ។ ប៉មមើលទេស ភាពនេះ គឺជាមធ្យោបាយកម្សាន្តមួយបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរដែលមកទស្សនាឧទ្យានជាតិកែប បន្ថែមពីលើសម្រស់ធម្មជាតិ សត្វព្រៃ និងផ្លូវក្រវ៉ាត់ភ្នំដែលអាចដើរកម្សាន្ត និងហាត់ប្រាណរបស់មនុស្សទូទៅ។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ខេត្តកែបគឺជាខេត្តតែមួយគត់របស់កម្ពុជាដែលមានឧទ្យានជាតិនៅកណ្តាលក្រុង និងមានការទាក់ទាញភ្ញៀវទេសចរ បន្ថែមលើមុខម្ហូបជាពិសេសគ្រឿងសមុទ្រដ៏មានឱជារសឆ្ងាញ់។

លោករដ្ឋលេខាធិការបានអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិអញ្ជើញទស្សនាឧទ្យានជាតិកែប និងទស្សនាទេសភាពខេត្តកែបពីលើប៉មមើលទេសភាពដែលទើបសម្ពាធដាក់ឱ្យប្រើប្រាស់នេះ។

ជាមួយគ្នានេះ លោកបានស្នើឱ្យមន្ទីរបរិស្ថានខេត្តកែបដែលទទួលថែរក្សាក្នុងនាមរដ្ឋបាលខេត្តត្រូវយកចិត្តទុកដាក់ថែរក្សាការពារឱ្យបានល្អ និងត្រូវអនុវត្តវិធានការសុវត្ថិភាពនានាដើម្បីការពារសុវត្ថិភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យបានល្អបំផុត៕