(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានបន្តស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកចំនួន៤នាក់ ដែលធ្វើសកម្មភាពប្លន់ទៅលើជនជាតិចិន តែមិនបានសម្រេច នៅចំំណុចអូរត្រាវ ស្រុកព្រះសីហនុ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលក៏បានឃាត់ខ្លួនអ្នកទទួលផលចោរកម្មចំនួន២នាក់បន្ថែមទៀត។
បើយោងតាមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលបណ្តាព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា៖ «កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងយើងបានឃាត់ជនសង្ស័យ១នាក់ទៀត ឈ្មោះ កេន គីម ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគគី ឃុំបិតត្រាំងស្រុកព្រៃនប់ ខេត្តព្រះសីហនុ»។
តាមការស្រាវជ្រាវ កម្លាំងយើងបង្ក្រាបឃាត់ខ្លួនបក្សពួកចំនួន៤នាក់ទៀតរួមមាន៖
*ទី១៖ ឈ្មោះ ភិន កក្កដា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឃាត់ខ្លួននៅចំណុចបន្ទប់ជួល ភូមិ១សង្កាត់១
*ទី២៖ ឈ្មោះ សុខ ឌី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពេញ ឃុំកាពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ឃាត់ខ្លួនបាននៅចំណុចលើភ្នំភូមិកំពេញឃុំកំពេញ ស្រុកស្ទឹងហាវ ទទួលផលចោរកម្ម
*ទី៣៖ ឈ្មោះ កែ គង្គា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួននៅចំណុចបន្ទប់ជួលក្នុងភូមិ១សង្កាត់១
*ទី៤៖ ឈ្មោះ ឆេង ស្រីកា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃនប់ ឃុំព្រៃនប់ ខេត្តព្រះសីហនុ ឃាត់ខ្លួនបាននៅចំណុចលើភ្នំភូមិកំពេញឃុំកំពេញ ស្រុកស្ទឹងហាវ ទទួលផលចោរកម្ម។
បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត វត្ថុតាងដែលត្រូវរឹបអូសរួមមាន៖ ម៉ូតូចំនួន៣គ្រឿង (១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រះសីហនុ 1G-០៨១៩, ម៉ាកអ៊ែរប្លែត ពណ៌សលាយក្រហម គ្មានផ្លាកលេខ, ម៉ាកហុងដាប៊ីត ពណ៌សលាយខៀវ គ្មានផ្លាកលេខ, កាំបិតបុ័ងតោចំនួន២, កូនកាំបិតតូចចំនួន៣, ដំបងឆក់១, ម៉ាឡេត១, ដង្កាប់១, សោរលេខ១០ចំនួន១, សោរខ្សៀសម្រាប់ដោះប៊ូសុីម៉ូតូ១, សោអក្សរអិល១, ទូរសព្ទ័ចំនួន២គ្រឿង, ម្សៅសថ្លាសង្ស័យសារធាតុញៀនចំនួន៦កញ្ចប់ និងដែកកេះ១។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕