(សៀមរាប)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបើកវេទិកាថ្នាក់តំបន់លើកទី៤ របស់មជ្ឈមណ្ឌលសហប្រតិបត្តិការ នៃអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តសៀមរាប។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានលើកឡើងថា លោកមានសេចក្តីសោមនស្សរីករាយជាអតិបរមា ដោយបានចូលរួមក្នុងពិធីបើកវេទិកាថ្នាក់ តំបន់លើកទី៤ របស់មជ្ឈមណ្ឌលសហប្រតិបត្តិការ នៃអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ី- ហ្វិកខាងលិច។

លោកក៏សូមថ្លែងអំណរគុណដល់អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ី- ហ្វិកខាងលិច ដែលបានជ្រើសរើសទឹកដីវប្បធម៌ប្រវត្តិសាស្ត្រអង្គរវត្ត នៃខេត្តសៀមរាបជាទីកន្លែងរៀបចំវេទិកាថ្នាក់តំបន់ លើកទី៤ ដ៏មានសារៈសំខាន់ បន្ទាប់ពីរយៈពេលជាង២ឆ្នាំ នៃការឆ្លើយតបចំពោះជំងឺរាតត្បាតជាសកលកូវីដ-១៩។

លោកថា កម្ពុជាបានបើកប្រទេសឡើងវិញទាំងស្រុងនូវសកម្មភាពសេដ្ឋកិច្ចសង្គម តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ ដែលសមិទ្ធផលទាំងនេះ កើតឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានការគាំទ្រពីអង្គការសុខភាពពិភពលោក និងដៃគូអភិវឌ្ឍន៍ទាំងអស់ ព្រមទាំងមានការចូលរួមរបស់សង្គមជាតិទាំងមូល ធ្វើឲ្យប្រទេសកម្ពុជាបានទទួលជោគជ័យលើសមរភូមិគ្រប់គ្រងឆ្លើយតប នឹងជំងឺកូវីដ-១៩ និងធានាបានភាពធនប្រព័ន្ធសុខាភិបាល ជាពិសេសការផ្តល់សេវាជាសារវ័ន្តនៅក្នុងប្រទេសរបស់ខ្លួន ប៉ុន្តែពិភពលោកអាចទទួលជោគជ័យទាំងស្រុង លើការប្រយុទ្ធនឹងជំងឺកូវីដ-១៩ លុះត្រាតែប្រទេសទាំងអស់រួមសហការ សាមគ្គីគ្នាជាធ្លុងមួយ។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានបន្តថា លោកជឿជាក់យ៉ាងមុតមាំថា វេទិការយៈពេល២ថ្ងៃនេះ នឹងផ្ដល់ឱកាសដល់លោក លោកស្រីទាំងអស់ ពិភាក្សាលើរបៀបវារៈដ៏មានសំខាន់មួយចំនួនដូចជា ការចូលរួមរបស់មជ្ឈមណ្ឌល សហប្រតិបត្តិ ការឆ្លុះបញ្ចាំងតួនាទីរបស់អង្គការសុខភាពពិភពលោក និងការរួមគ្នាពង្រឹងនវានុវត្តន៍ អេកូឡូហ្ស៊ី ដែលនឹងផ្តល់នូវធាតុចូលប្រកបដោយសក្តានុពល ក្នុងការជួយប្រទេសនានាក្នុងតំបន់ដូចជាកម្ពុជា ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យសម្រាប់អនាគតផងដែរទនភាពដែលកម្ពុជាជាប្រទេសគំរូសម្រាប់ប្រទេសមានធនធានតិច និងប្រទេស ដែលទើបជៀសផុតពីសង្គ្រាមអាចសម្រេចគោលដៅសុខភាពបានយ៉ាងឆាប់រហ័ស។

លោកបន្ដថា ចំណែកវឌ្ឍនភាព និងគំនិតច្នៃប្រឌិត ក្នុងការផ្តល់ហិរញ្ញប្បទានសុខាភិបាល និងការផ្តល់សេវា បានចូលរួមចំណែកដល់ការសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សផ្នែកសុខាភិបាល ដែលធ្វើឲ្យកម្ពុជា ក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូចនៅលើពិភពលោក ដែលសម្រេចបាននូវសមិទ្ធផលនេះ។ ដោយមានជំនួយបច្ចេកទេស និងហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍន៍ រាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើឲ្យប្រសើរឡើងយ៉ាងឆាប់រហ័សនូវហេដ្ឋារចនាសម្ព័ន្ធបន្តការខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល ដាក់បញ្ចូលកម្មវិធីការផ្ដល់ហិរញ្ញប្បទានផ្អែកលើលទ្ធផលការងារ និងការខិតខំពង្រឹងបទប្បញ្ញត្តិនានា។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានបន្ថែមទៀតថា ការិយាល័យតំណាងរបស់ WHO ប្រចាំកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩១។ ចាប់តាំងពី ពេលនោះមក WHO បាននិងកំពុងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល ដើម្បីលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ដោយគាំទ្រដល់ការអភិវឌ្ឍន៍ និងការអនុវត្តគោលនយោបាយ សុខភាពយ៉ាងមាំ និងផ្តល់ប្រឹក្សាបច្ចេកទេសក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈ និងការផ្ដល់ សេវាសុខភាពប្រកបដោយគុណភាព សមធម៌ និងចីរភាព។ យុទ្ធសាស្ត្រសហប្រតិបត្តិការសម្រាប់ប្រទេស របស់ WHO ត្រូវបានធ្វើឲ្យមានសង្កត់ភាពជាមួយផែនការយុទ្ធសាស្ត្រសុខាភិបាលរបស់រាជរដ្ឋាភិបាល កម្ពុជា ដើម្បីឈានទៅសម្រេចបានការគ្របដណ្ដប់សុខភាពជាសកល។

លោកបន្ដថា អង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជាបាននិងកំពុងជួយឧបត្ថម្ភ គាំទ្រវិស័យសុខាភិបាលនៅកម្ពុជាទាំងបច្ចេកទេស និងថវិកា ជាពិសេសក្នុងអំឡុងពេលនៃការរាតត្បាតដោយជំងឺកូវីដ-១៩ WHO បានផ្ដល់នូវការគាំទ្រ ទាំងការ ពង្រឹងសមត្ថភាពធនធានមនុស្ស ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការផ្គត់ផ្គង់លើការត្រៀមរៀបចំ និងឆ្លើយតបចំពោះការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ និងការពង្រឹងសមត្ថភាពស្នូលសម្រាប់គ្រប់គ្រងគ្រោះ- អាសន្ន និងការគំរាមកំហែងសន្តិសុខសុខភាព។ ការធានាសេវាសុខភាពជាសារវន្តអំឡុងពេលរាតត្បាតជំងឺជាសកល ដូចជា ការលុបបំបាត់ជំងឺគ្រុនចាញ់ជំហានចុងក្រោយ ជំងឺរបេង ជំងឺអេដស៍ និងជំងឺរលាក ថ្លើម ជំងឺដែលអាចបង្ការបានដោយវ៉ាក់សាំង ជំងឺមិនឆ្លងនិងការលើកកម្ពស់សុខភាព ការគ្របដណ្តប់ សុខភាពជាសកល តាមរយៈការផ្តោតឡើងវិញទៅលើការថែទាំសុខភាពបឋម។

លោកសាស្ត្រាចារ្យ បានបញ្ជាក់ថា មជ្ឈមណ្ឌលសហប្រតិបត្តិការរបស់អង្គការសុខភាពពិភពលោក បានផ្ដល់ការគាំទ្រទាំងដោយផ្ទាល់ និងដោយប្រយោលដល់ប្រទេសជាច្រើនក្នុងតំបន់។ មជ្ឈមណ្ឌលបានរួមចំណែកដល់ការងារ សំខាន់ៗរបស់អង្គការសុខភាពពិភពលោកនៅក្នុងតំបន់ និងនៅទូទាំងពិភពលោក ដូចជា មជ្ឈមណ្ឌលសហប្រតិបត្តិការរបស់អង្គការសុខភាពពិភពលោក សម្រាប់ការស្រាវជ្រាវ និងបង្អែក (WHO Collaborating Centre for Reference and Research) នៅប្រទេសអូស្ត្រាលី បានផ្ដល់ការបណ្ដុះបណ្តាល អំពីផ្ដាសាយធំទៅដល់បុគ្គលិកមន្ទីរពិសោធន៍កម្ពុជា។ WCC នៅប្រទេសជប៉ុន បានផ្ដល់ជំនួយផ្នែក បច្ចេកទេសដល់មន្ទីរពិសោធន៍បង្អែកសកល សម្រាប់ជំងឺគ្រុនស្វិតដៃជើង និងការធ្វើតេស្តរោគវិនិច្ឆ័យ សម្រាប់ប្រទេសនានារួមទាំងប្រទេសកម្ពុជាផងដែរ៕