(កំពងចាម)៖ រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកោះសូទិន និងលោកស្រី ទេព រង្ស៊ី ប្រធានកិត្តិយសក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំក្រុមគ្រូពេទ្យចុះទៅជួយពិនិត្យព្យាបាលជំងឺ និងចែកជូនវែនតា ម្ញូប ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងឃុំព្រែកតានង់ នៃស្រុកកោះសូទិន ខេត្តកំពង់ចាម។

លោក សៅ សំបូរ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកឡើងថា ក្នុងរយៈពេលកន្លងមកនេះ ក្រុមគ្រូពេទ្យបានចុះជួយធ្វើការពិនិត្យពិគ្រោះព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការនយោបាយ។

លោកថា សកម្មភាពការងារមនុស្សធម៍នាឱកាសនេះ សបញ្ជាក់នូវការយកចិត្តទុកដាក់គិតគូរ ពីសណាក់រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និងលោកស្រី លើបញ្ហាសុខទុក្ខ សុខមាលភាពរបស់ បងប្អូន ប្រជាពលរដ្ឋនៅមូលដ្ឋាន ភូមិ ឃុំ ទាំងអដ់ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម។

សកម្មភាពរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ បានបន្តកិច្ចការងារជាថ្មីនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ នៅឃុំពង្រ និង ថ្ងៃទី១៦ ខែតុលា នៅឃុំល្វេ ដោយបានធ្វើការពិនិត្យព្យាបាលជំងឺទូទៅ បាន៨៨៨នាក់ ពិនិត្យដកធ្មេញ បាន១០៥នាក់ ពិនិត្យវាស់ភ្នែក ជូនវែនតា ចំនួន២០៥នាក់ សរុបជារួមទាំង២ ឃុំ បានចំនួន១ ២៨០នាក់។

រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបញ្ជាក់ជូនថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលចុះមកនាពឹលនេះ មិនមែនជំនួស ពេទ្យបង្អែកស្រុក និងឃុំនោះទេ គ្រាន់តែ ចុះមកជួយពិនិត្យ ព្យាបាល និងផ្តល់ថ្នាំ ជូនតែបើសិនជាបងប្អូន មានជំងឺធ្ងន់មិនអាចធ្វើដំណើរទៅមន្ទីរខេត្តបានទេ គឺត្រូវទាក់ទងអាជ្ញាធរ ដែនដី ដើម្បីអោយពេទ្យបង្អែកស្រុកកោះសូទិន ដែលមាន ឡានពេទ្យប្រចាំការចំនួន ២ គ្រឿង អាចដឹកទៅកាន់មន្ទីរពេទ្យបាន ហើយក្រុមការងារឃុំក៏ជួយជាថវិកាខ្លះៗ ដើម្បីព្យាបាលជំងឺផងដែរ។

លោករដ្ឋមន្រ្តី បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវថែរក្សាសុខភាពអោយបានល្អ បើយើងមិនថែរក្សាបានល្អនោះទេ មេរោគនឹងចូលក្នុងខ្លួន បង្កជាជំងឺផ្សេងៗ។ ជាមួយនេះត្រូវអប់រំក្មេងៗ ឲ្យលាងដៃ បានស្អាតមុនញាំ នំ ចំណី និងអាហារផ្សេងៗ ពិសេសរក្សាអនាម័យសុខភាព មាត់ធ្មញ ដោយត្រូវធ្វើការដុះសម្អាតជាប្រចាំ បើមិនបានដុះសម្អាតទេ គួរ បៀបទឹកអំបិល ព្រឹក ម្តង ល្ងាចមួយដង ព្រោះវាមានសារប្រយោជន៍សម្រាប់សុខភាព មាត់ធ្មេញ បើយើងមានសុខភាពល្អហើយ គឺអាចបំពេញការងារ និងប្រកបរបររកស៊ី បានដោយរលូន។

ឆ្លៀតក្នុងកាសនេះដែរ រដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ បានអរគុណដល់លោក សៅ សំបូរ រួមជាមួយ ក្រុមកាងារគ្រូពេទ្យ និងនិសិ្សតគិលាននុបដ្ឋាក ដែលតែងតែបានចូលរួមគ្រប់ពេល ដោយស្មគ្រ័ចិត្ត ក្នុងការពិនិត្យព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋ ក្នុងស្រុកកោះសូទិន។

គួររំលឹកដែរថា យុទ្ធនាការចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ក្នុងស្រុកកោះសូទិន ចាប់ផ្តើមឡើងកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ ដែលមានក្រុមគ្រូពេទ្យស័្មគ្រចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ ចំនួន៥៨នាក់ ក្នុងនេះ១៣ នាក់ មានវត្តមានជាប្រចាំគឺ វេជ្ជបណ្ឌិត ទន្តបណ្ឌិត គ្រូពេទ្យ ទន្តគិលាននុបដ្ឋាក និងនិស្សិត ទន្តគិលាន ចំនួន៤នាក់។ រីឯ៤០នាក់ទៀត ជាគិលានុបដ្ឋាកយិកា ឆ្មប នៅមន្ទីរពេទ្យស្រុកកោះសូទិន មណ្ឌលសុខភាពទាំង ៧ និងបុគ្គលិកការិយាល័យ សុខាភិបាលស្រុកកោះសូទិន។

កម្មវិធីនៃការផ្តល់សេវា នាឱកាសនេះ រួមមាន ពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺទូទៅ មនុស្សចាស់ និងកុមារ ពិនិត្យជំងឺធ្មេញ ពិសេសដកធ្មេញ វាស់ភ្នែក ផ្តល់ជូនវ៉ែនតា ម្ញូប មើលជិត និងមើលឆ្ងាយ ដល់ចាស់ៗ ថែមទៀតផងដែរ។

សម្រាប់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលបានចុះពិនិត្យព្យាបាលជំងឺត្រូវរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជូនជាថវិកា សម្រាប់ការងារធ្វើក្នុង ១ ឃុំ ១ លានរៀល សរុប ៨ ឃុំ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម។ ក្នុងឱកាសនេះដែរ លោក ឡុង សេង អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងលោកស្រី បានផ្តល់នូវថ្នាំវីតាមីន Omega -3 ចំនួន ២០ កំប៉ុង សម្រាប់ចែកជូនប្រជាពលរដ្ឋ មកពិនិត្យព្យាបាលជំងឺ។ ជាមួយគ្នានេះដែរ លោកស្រី ខៀវ ទេព រង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយស ក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ សម្រាប់បំពេញការងារ ក្នុង១ ឃុំ១ លានរៀល សរុប ៨ ឃុំ អស់ចំនួន៨លានរៀល។

ដោយឡែកនៅព្រឹកថ្ងៃដដែលនេះដែរ រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកជំទាវសាស្រ្តចារ្យឱសថបណ្ឌិត ខៀវ ទេពរង្ស៊ីកាញារីទ្ធ ប្រធានកិត្តិយសនៃសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ និងក្រុមការងារចុះមូលដ្ឋានស្រុកកោះសូទិន បានអញ្ជើញជួបសំណេះសំណាល និងចែកជូននូវអំណោយដល់កុមារកំព្រា អាយុក្រោម១៣ ឆ្នាំចុះ នៅក្នុងឃុំព្រែកតានង់ ខេត្តកំពង់ចាម។

តាមរបាយការណ៍លើកឡើងរបស់ ជា ឡៃហេង មេឃុំ ព្រែកតានង់ បានលើកឡើងពីសភាពការណ៍រួមទូទាំងឃុំ មានលក្ខណៈល្អប្រដើរ។ ឃុំព្រែកតានង់ មានប្រជាពលរដ្ឋ ចំនួន៣,០២៩គ្រួសារ ស្មើចំនួនមនុស្ស១០,៧០៦ នាក់ ស្រី ៥,៥២៧នាក់។ កុមារកំព្រាអាយុ១៣ ឆ្នាំចុះ សរុបចំនួន ១៧៦ នាក់ ស្រី៨៣នាក់ ។ ដោយឡែកកុមារកំព្រាចំនួន ៦៩ នាក់ ក្នុងនោះស្រី៣០ នាក់ ត្រូវបានទទួល បានអំណោយពីរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកជំទាវ។

រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានលើកឡើងនូវប្រសាសន៍ផ្តាំផ្ញើពីប្រមុខថ្នាក់ដឹកនាំ រដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ជូនចំពោះ អាជ្ញាធរដែនដី មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋ ក្នុងឃុំ ព្រែកតានង់ ក៏ដូចជានៅទូទាំងស្រុក កោះសូទិន ខេត្តកំពង់ចាម ជាពិសេសការនឹករលឹកគិតគួរពីទុក្ខ និងការរស់នៅរបស់ក្មួយៗ ចៅៗ ជាកុមារកំព្រា ទាំងអស់នាពេលនេះ។

រដ្ឋមន្រ្តី បានផ្តល់នូវមតិយោបល់ល្អៗមួយចំនួនដល់ ក្មួយៗ ចៅៗ កុមារកំព្រា ត្រូវប្រឹងប្រែងសិក្សារៀនសូត្រ ឲ្យបានពូកែ មានចំណេះដឹង គោរពវិន័យសាលា និងស្តាប់គ្រូពន្យល់ណែនាំ ទើបការសិក្សាទទួលបានលទ្ធផល និងជោគជ័យ។ លោកបានជម្រាបជូនដែរថា បច្ចុប្បន្ន ថ្នាក់នាំ អ្នកជំនួញធំៗ យើងមួយចំនួន ក៏ជាកូនកំព្រាឪពុក ម្តាយ ផងដែរ តែដោយសារពួកគាត់ប្រឹងប្រែងសិក្សារៀនសូត្រ និងប្រឹងប្រែងប្រកបរបររកស៊ីបំពេញកិច្ចការងារ ទើបធ្វើឲ្យមាន មុខមាត់ កិត្តយស ក្នុងសង្គម មានជីវភាពធូរ ហើយមានខ្លះទៀតជាកូនកំព្រា បានក្លាយឧកញ៉ា មានប្រាក់រាប់លានដុល្លាថែមទៀតផង។

អំណោយដែលរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកស្រី ចែកជូនដល់ កុមារកំព្រាទាំង៦៩ នាក់នាពេលនេះ គឺក្នុងម្នាក់ៗ ទទួលបាន៖ មីជាតិ១កេស, ទឹកត្រី ២ដប, ទឹកស៊ីអ៊ីវ ២ដប, ស្ករស១គីឡូក្រាម, ប៊ីចេង ០,២៥ក្រាម, អំបិល ១គីឡូក្រាម, សៀវភៅ ១២០ទំព័រ ៣ក្បាល, ប៊ិច ២ដើម, អង្ករ០១បេ ថវិកា២០,០០០រៀល។ ដោយឡែក សម្រាប់ឃុំព្រែកតានង់ ១ លានរៀល ប្រធានភូមិ ទាំង ១៣ ក្នុងម្នាក់ ៥ ម៉ឺនរៀល៕