(ភ្នំពេញ)៖ ជាថ្មីម្តងទៀត នៅថ្ងៃនេះលោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនមួយ ដើម្បីជូនប្រជាពលរដ្ឋកម្ពុជា បានដឹងនិងជ្រាបកាន់តែច្បាស់អំពីការ ធ្វើចលនាដែលនាំឲ្យមានការធ្វើបដិវត្តន៍ ផ្តួលរំលំរដ្ឋាភិបាល និងបំផ្លិចបំផ្លាញប្រទេសជាតិ ឲ្យធ្លាក់ក្នុងរណ្តៅសង្គ្រាម។
លោក ផៃ ស៊ីផាន លើកឡើងថា «ធ្វើយុទ្ធនាការប្រឆាំង និងផ្តួលរំលំរដ្ឋាភិបាលគឺគេប្រើប្រាស់ពាក្យ៥ម៉ាត់៖ ផ្តួលរំលំរបបផ្តាច់ការ (១) បក្សពួកនិយម (២) ពុករលួយ (៣) សង្គមអយុត្តិធម៌ (៤) លក់ដីឲ្យយួន (៥) ពាក្យទាំង៥ម៉ាត់នេះ គឺជាស្មារតីនៃយុទ្ធនាការបំផុសបំផុល បែងចែកប្រជាពលរដ្ឋ រវាងរាស្ត្រ និងរដ្ឋ។ រីឯរាស្ត្រដែលនៅជាមួយរដ្ឋ ឬធ្វើការបម្រើរដ្ឋ គេលាបពណ៌ថា ជាអ្នកក្បត់ជាតិ។ ឯរាស្ត្រគាំទ្រចលនារបស់គេ ឬបក្សពួករបស់គេ គេប្រើពាក្យអ្នកស្នេហាជាតិ»។
លោក ផៃ ស៊ីផាន បានអះអាងថា នេះជាដំណឹងបន្ថែមមួយទៀត សំរាប់គណបក្សសង្គ្រោះជាតិ (CNRP) ដើម្បីផ្លាស់ប្តូរយុទ្ធសាស្រ្ត និងបំណងអាក្រក់របស់ខ្លួន ដែលយកសារជាតិផ្លាស់ប្តូរ តាមរយៈផែនការបដិវត្តន៍។ លោកបានបន្តថា ការលើកឡើងនេះបានបន្តពីលោកបណ្ឌិត ម៉ី កល្យាន ក៏បានបញ្ចេញមតិនៅលើ ទំព័រសារព័ត៌មានភ្នំពេញប៉ុស្តិ៍នៅថ្ងៃនេះ «កម្ពុជាត្រូវការការវិវត្ត មិនត្រូវការបដិវត្តន៍ទេ»។ លោក ផៃ ស៊ីផាន យល់ឃើញថា «លោក សម រង្ស៊ី ជាមេបដិវត្តន៍ក្នុងសម័យកាលនេះ»។
រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តីលោក ផៃ ស៊ីផាន បានបញ្ចេញទស្សនៈ និងរៀបរាប់យ៉ាងដូច្នេះថា៖ សូមរំលឹកផងដែរ កាលនោះបដិវត្តន៍មួយ នៅក្នុងឆ្នាំ១៩៧០ ដែលហែកហួររវាងអ្នកនយោបាយពណ៌ក្រហម និងពណ៌ខៀវ និន្នាការសហរដ្ឋអាមេរិក ដែលធ្វើយុទ្ធនាការតាមស្មារតីប្រឆាំង ផ្តួលរំលំលើរបបសង្គមរាស្ត្រនិយមរបស់សម្តេចតា ដោយគេលើកឡើងថា ផ្តួលរំលំរបបផ្តាច់ការ (១) បក្សពួកនិយម (២) ពុករលួយ (៣) សង្គមអយុត្តិធម៌ (៤) លក់ដីឲ្យយួន (៥) ពាក្យទាំង៥ម៉ាត់នេះ គឺជាស្មារតីនៃយុទ្ធនាការបំផុសបំផុល បែងចែកប្រជាពលរដ្ឋ រវាងរាស្ត្រ និងរដ្ឋ។ រីឯរាស្ត្រដែលនៅជាមួយរដ្ឋ ឬធ្វើការបម្រើរដ្ឋ គេលាបពណ៌ថា ជាអ្នកក្បត់ជាតិ។ ឯរាស្ត្រគាំទ្រចលនារបស់គេ ឬបក្សពួករបស់គេ គេប្រើពាក្យអ្នកស្នេហាជាតិ។
តាមរយៈស្មារតីនេះទាំងសង្គ្រាមចិត្តសាស្ត្រ ជាមួយនឹងការកសាងបណ្តាញ និងសកម្មភាព ក៏ធ្វើឲ្យមានបដិវត្តន៍មួយនៅក្នុងខែមីនា ឆ្នាំ១៩៧០ ដោយក្រុម មាននិន្នាការនិងគាំទ្រ ដោយសហរដ្ឋអាមេរិក។ ហើយស្មារតី និងសារជាតិនៃពាក្យទាំង៥ ម៉ាត់ខាងលើនេះ ក៏បង្កឲ្យមានបដិវត្តន៍បន្តបន្ទាប់។ រីឯ បច្ចុប្បន្នកាលនេះពាក្យទាំង៥ម៉ាត់នេះ ត្រូវបានប្រើប្រាស់ជាសាធារណៈ និងចំហដោយពេញមាត់ដោយ CNRP គ្រប់ទីកន្លែង របស់ក្រុមនេះ ជាពិសេសបុគ្គល សម រង្ស៊ី ជានិច្ចកាលបានប្រើពាក្យទាំង៥ម៉ាត់ខាងលើ នោះពោលទៅកាន់ ឬញុះញង់សាធារណជនទាំងក្នុងប្រទេស និងក្រៅប្រទេស។
នេះជាការកត់សម្គាល់របស់ខ្ញុំ។ ហើយបែបបទការងាររបស់ សម រង្ស៊ី ក៏បង្ហាញឲ្យខ្ញុំយល់ច្បាស់ដូចគ្នា នឹងប្រវត្តិសាស្ត្រសម័យកាលសង្គមរាស្ត្រនិយម ដែលក្រុមបដិវត្តន៍ទាំងអស់នោះ បានបោះបង់កាតព្វកិច្ច ក្នុងការចូលរួមជាមួយនឹងរដ្ឋ ដើម្បីបំពេញបន្ថែមក្នុងកិច្ចការពង្រឹងការអភិវឌ្ឃន៍របស់ជាតិ ក៏ដូចជាកិច្ចការពារអធិបតេយ្យ និងឯករាជ្យរបស់ជាតិ។
សូមជម្រាបផងដែរ ការបំផ្លាញឯកភាពជាតិ និងសាមគ្គីជាតិ គឺមិនត្រឹមតែរបប លន់ នល់ ឬខ្មែរក្រហមនោះទេ ឪពុករបស់ សម រង្ស៊ី លោក សម សារី ក៏បានចូលរួមប្រឆាំងនឹងរបបសម្តេចតា ដែលឲ្យអាទិភាពដល់សហរដ្ឋអាមេរិក កាន់កាប់ជោគវាសនារបស់ជាតិយើងទាំងអស់គ្នា តែងតែនិយាយថា សង្គមរាស្ត្រនិយមមានភាពរីកចម្រើនជាមួយ នឹងការខំប្រឹងប្រែងរបស់សម្តេចតា ក្នុងកិច្ចការពារឯករាជ្យ និងអធិបតេយ្យ និងបូរណភាពទឹកដី ក៏ប៉ុន្តែ ហេតុដូចម្តេចរបបនោះត្រូវបានផ្តួលរំលំទៅវិញ ដោយក្រុមបដិវត្តន៍ទាំងអស់នោះ ពុំបានចូលរួមកសាងអ្វីទាំងអស់នោះទេ ក៏ប៉ុន្តែគេចំណាយពេលច្រើនក្នុង ការស្វែងរកភាពអវិជ្ជមាន ដែលកើតមាននៅក្នុងរយៈពេលនៃការអភិវឌ្ឃន៍ ក៏ដូចជាកំណែទម្រង់រស់រវើករបស់សម្តេចតា និងយកពាក្យ៥ម៉ាត់ខាងលើ ជាចំណុចសង្គ្រាមចិត្តសាស្ត្រ ក្នុងការផ្តួលរំលំរបបសម្តេចតា។ នេះជាមេរៀនប្រវត្តិសាស្ត្រ សម្រាប់យុវជន និងប្រជាពលរដ្ឋ ក្នុងសម័យកាលនេះ។
ខ្ញុំផ្ទាល់ មានជំនឿជឿជាក់ថា យើងខ្ញុំមិនអនុញ្ញាតជាដាច់ខាតនូវរាល់រូបភាព ដែលកើតមាននៅសម័យសម្តេចតា មិនឲ្យកើតមានស្ថានភាពបែបនេះនោះទេ ក៏ដូចជារាល់តម្លៃខ្ពស់យ៉ាងណាក៏ដោយ គឺដើម្បីថែរក្សាជានិច្ចនូវផលប្រយោជន៍នៃដំណើរការកសាងជាតិ ឲ្យស្ថិតនៅជាប្រក្រតី គឺដាច់ខាតដើម្បី ផលប្រយោជន៍ព្រះមហាក្សត្រ និងផលប្រយោជន៍របស់ប្រជាជាតិកម្ពុជាទាំងមូល ត្បិតបដិវត្តន៍កើតឡើងនៅឆ្នាំ១៩៧០ និងជាបន្តបន្ទាប់មក គឺជាមេរៀនប្រវត្តិសាស្ត្រ មិនត្រឹមតែខាតបង់ជីវិតមនុស្សប៉ុណ្ណោះទេ ក៏ប៉ុន្តែឱកាសក្នុងការកសាងជាតិ ត្រូវបាត់បង់ផងដែរ។
អស់រយៈកាលជិត៣៨ឆ្នាំ គឺចាប់ផ្តើមពី ៧មករា ១៩៧៩ ជាមួយការលះបង់គ្រប់បែបយ៉ាងទើបយើងមានថ្ងៃនេះ។ ការលះបង់របស់យើងទាំងអស់គ្នា គ្រប់បែបយ៉ាងក្នុងការរំដោះជីវិតរំដោះ និងកសាងសេរីភាពមហាជន ដើម្បីស្វែងរក និងរក្សាជម្រើស នៃអនាគតផ្ទាល់របស់ប្រជាពលរដ្ឋប្រាសចាក ពីការបំផ្លិចបំផ្លាញពី អ្នកនយោបាយល្មោភអំណាច យកឈាមខ្មែរដើម្បីជោគជ័យរបស់ខ្លួន រួមជាមួយនឹងការជ្រៀតជ្រែកពីបរទេស និងបង្វែរ ឬ ឆក់ប្លន់ឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ ដើម្បីកសាងអនាគតរបស់ខ្លួន ឲ្យឋិតនៅក្នុងភាពក្សេមក្សាន្ត និងរីកចម្រើនតាមទាន់ប្រទេសជិតខាង និងអរិយប្រទេសនានា ក្នុងលោក។ អត្ថបទបន្ត ពីឯកឧត្តមបណ្ឌិត ម៉ី កល្យាន ក៏បានបញ្ចេញមតិ នៅលើទំព័រសារព័ត៌មានភ្នំពេញប៉ុស្តិ៍ កម្ពុជាត្រូវការការវិវត្ត មិនត្រូវការបដិវត្តន៍ទេ៕