(ស្វាយរៀង)៖ សម្ដេចព្រះសង្ឃរាជាធិបតីគត្ដិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយកលោកជំទាវ ម៉ែនសំអនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា.ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងអភិបាលខេត្ត ព្រះសង្ឃ មន្ត្រី រាជការជុំវិញខេត្ត ប្រជាពុទ្ធបរិស័ទជាង ១០០០អង្គ/នាក់ បាននិមន្ត និងអញ្ជើញចូលរួមបូជាព្រះសពព្រះសាសនមុនី ជេត ឌិន ព្រះរាជាគណៈថ្នាក់ទោព្រះមេគណខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ នៅវត្តជម្ពូព្រឹក្សា ហៅវត្តថ្មី ស្ថិតក្នុងក្រុងស្វាយរៀង។
ព្រះសពសាសនមុនី ជេត ឌិន ព្រះមេគុណខេត្តស្វាយរៀង ប្រសូត្រនៅថ្ងៃសៅរ៍ ៥ កើត ខែទុតិយាសាធ ឆ្នាំម្សាញ់ ឯកសក័ពុទ្ធសករាជ២៤៧៣ ត្រូវនិងថ្ងៃទី១០ ខែសីហា ឆ្នាំ១៩២៩ នៅភូមិកោះដូនសយ (បច្ចុប្បន្នបញ្ចូលជាភូមិបន្លាស្អិត) ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀងក្នុងត្រកូលកសិករ មានបិតានាម ជេត ភាក់ និងមាតានាម ស្រី ឆែ មានបងប្អូនបង្កើត ៨នាក់។ ក្នុងមួយព្រះជន្មរបស់ព្រះអង្គសាងព្រះ ផ្នួសទាល់តែអស់អាយុសង្ហា ដើម្បីបម្រើព្រះពុទ្ធសាសនា។
ព្រះសាសនមុនី ជេត ឌិន បានទទួលព្រះអនិច្ចធម្មកាលពីថ្ងៃ១៥ កើត ខែមាឃ ឆ្នាំមមែ សប្តស័ក ព.ស ២៥៥៩ ត្រូវនិងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ ហើយព្រះសពតម្កល់ទុកធ្វើបុណ្យនៅវត្តជម្ពូព្រឹក្ស រយៈពេល៣ខែ ទើបបូជាព្រះសពនៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦។
លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន មានថ្លែងនៅក្នុងពិធីនោះថា ស្ថិតក្នុងបរិយាកាសដ៏ក្ដុកក្ដួលរំជួលចិត្ដ ខណៈដែលបានបាត់បង់នូវឧត្ដមបុគ្គល ជាទីគោរពស្រឡាញ់ បាត់បង់នូវព្រះគ្រូឧបជ្ឈាយ៍ ដ៏មានចំណេះវិជ្ជាជ្រៅជ្រះក្នុងវិស័យពុទ្ធចក្រ មានគុណធម៌ មានព្រហ្មវិហារធម៌ និងការសណ្ដោសប្រណីដល់សិស្សគណទាំងអស់ និងជានិមិត្ដរូប នៃស្រែបុណ្យដ៏ត្រជាក់សុខក្សេមក្សាន្ដ ចំពោះសាធុជនពុទ្ធបរិស័ទទាំងឡាយ គឺព្រះសាសនមុនី ជេត ឌិន ព្រះរាជាថ្នាក់ទោ និងជាព្រះមេគណខេត្ដស្វាយរៀង ដែលមួយព្រះជន្មរបស់ព្រះអង្គ គឺបូជាថ្វាយចំពោះព្រះពុទ្ធសាសនា នៃខេមរជន។
លោកស្រី ម៉ែន សំអន បានបន្តទៀតថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្ដី និងលោកស្រីផ្ទាល់ ថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅជាទីបំផុតប្រគេនចំពោះព្រះសង្ឃទូទាំងខេត្ដស្វាយរៀង ក៏ដូចជាព្រះសង្ឃនៅតាមបណ្ដាខេត្ដនានា រួមទាំងព្រះសង្ឃគង់នៅបរទេស ដែលជាសិស្សគណទាំងអស់ ដែលបានចំណាយធនធានផ្ទាល់ខ្លួនក្ដី តាមការអំពាវនាវក្ដី និង ចំណាយកម្លាំងកាយ កម្លាំងចិត្ដចូលរួមរៀបចំពិធីបុណ្យបង្សុកូលជាប្រចាំរៀងរាល់ថ្ងៃ គឺក្នុងមួយស្រុក និង ក្រុងមានចំនួន ៣ថ្ងៃ និងមានរហូតទៅដល់៦វេណ។ កាយវិការដ៏ប្រពៃនេះ ជាការបំពេញកត្ដញូមួយយ៉ាងធំធេង ចំពោះអ្នកមានគុណ ក៏ដូចជាគ្រូឧបជ្ឈាយ៍យាចារ្យ គឺព្រះសាសនមុនី ជេត ឌិន រាជាគណៈថ្នាក់ទោ និងជាព្រះមេគណខេត្ដរបស់យើង (នេះមិនគិតពីការចំណាយកម្លាំងទៅថែទាំ និង ចំណាយបច្ច័យផ្ទាល់ខ្លួន ក្នុងការព្យាបាលព្រះរោគព្រះអង្គក្នុងកំឡុងពេលព្រះអង្គកំពុងព្រះអាពាធ)។
មិនតែប៉ុណ្ណោះលោកស្រី ម៉ែន សំអន ក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ដ ក្រុង ស្រុក និងបណ្ដាអង្គភាព មន្ទីរស្ថាប័ននានា នៅជុំវិញខេត្ដ ដែលបានយកចិត្ដទុកដាក់ ជួយខ្នះខ្នែងតាំងពីពេល ដែលព្រះសាសនមុនី ជេត ឌិន ព្រះអង្គបានធ្វើព្រះអនិច្ចធម្មទៅកាលថ្ងៃទី១៥ កើត ខែមាឃ ឆ្នាំមមែ ព.ស ២៥៥៩ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយបានរៀបចំឲ្យមានការគោរពវិញ្ញាណក្ខន្ធព្រះអង្គ និងនិមន្ដព្រះសង្ឃបង្សុកូល បានគ្រប់អង្គភាពស្ថាប័ននានា នៅក្នុងទូទាំងខេត្ត៕