(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋជាង៣០០នាក់ រស់នៅស្រុកជលគីរី ខេត្តកំពង់ឆ្នាំង បាននាំគ្នាផ្ដិតមេដៃស្នើសុំអាជ្ញាធរខេត្ត កុំអនុញ្ញាតឲ្យមានការដាក់របាំងធ្នួសផ្ជិតព្រែកស្ទាក់ចាប់ត្រីចំនួន២កន្លែង ស្ថិតក្នុងឃុំពាមឆ្កោក ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង។

ពួកគាត់បានអះអាងថា ការអនុវត្តបែបនេះគឺមានផលប៉ះពាល់ដល់ការធ្វើនេសាទជាលក្ខណៈគ្រួសាររបស់ពួកគាត់ ម្យ៉ាងពួកគាត់ពិបាកក្នុងការធ្វើដំណើរ ព្រមទាំងចម្លងសត្វគោក្របីផងដែរ ហើយការអនុញ្ញាតឲ្យឈ្មួញដាក់ដៃស្ទាក់ ចាប់ត្រី តាមព្រែកខាងលើនេះ មិនដែលបានធ្វើការអភិវឌ្ឍក្នុងមូលដ្ឋានរបស់ពួកគាត់នោះឡើយ។

ពលរដ្ឋ១០នាក់ តំណាងឲ្យប្រជាពលរដ្ឋទាំង៣០៤នាក់ រស់នៅក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជល់គីរី នៅល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានជួបជាមួយក្រុមអ្នកសារព័ត៌មាន និងបានបង្ហាញលិខិតផ្ដិតមេដៃពួកគាត់ចំនួន ៣០៤នាក់ ដែលប្រឆាំងតវ៉ាមិនអនុញ្ញាតឲ្យសហគមន៍នេសាទអន្លង់មេត្រីសែនជ័យ លក់ឡូនេសាទ (ព្រែកបាណាកអតីតឡូលេខ១០) ឲ្យទៅឈ្មួញបោះរបាំងចាប់ត្រីបំពានសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល ដែលធ្វើឲ្យប៉ះពាល់ដល់ការនេសាទជាលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋ។

លោកស្រី ស្ដើង ណាក់ តំណាងប្រជានេសាទភូមិក្បាលកន្លង់ បានលើកឡើងថា កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា, លោក លីឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានដឹកនាំក្រុមការងាររបស់គាត់ ចុះមកហៅតំណាង ប្រជាពលរដ្ឋ៥នាក់ ទៅប្រជុំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឆ្កោក ដើម្បីជជែកពិភាក្សាបញ្ហាធ្វើព្រែកទាំង២ខាងលើនេះ។

តំណាងប្រជាពលរដ្ឋខាងលើ បានបញ្ជាក់ទៀតថា កាលពីឆ្នាំទៅ ប្រជាពលរដ្ឋបានឯកភាពឲ្យសហគមន៍លក់ឡូត៍នេសាទខាងលើនេះឲ្យឈ្មួញម្តងហើយ ប៉ុន្តែមិនឃើញសហគមន៍ប្រកាសឲ្យដឹងពីតម្លៃលក់ឡូត៍នេះទេ ហើយក៏មិនបានឃើញយកលុយកាក់លក់ឡូត៍ខាងលើនេះ មកកសាងអ្វីមួយនៅក្នុងមូលដ្ឋាននោះឡើយ។ ទើបឆ្នាំនេះប្រជាពលរដ្ឋបានឯកភាពគ្នាផ្តិតមេដៃស្នើសុំអាជ្ញាធរខេត្ត កុំអនុញ្ញាតឲ្យឈ្មួញធ្វើព្រែកទាំង២ខាងលើនេះ (គឺព្រែកអ៉ិនតាពេជ្រ និងព្រែកប្រណាក) ដែលព្រែកទាំង២នេះ បម្រើឲ្យប្រជាពលរដ្ឋចំនួន៣ភូមិ គឺភូមិអន្លង់មេ ត្រី ភូមិក្បាលកន្លង់ និងភូមិពាមឆ្កោក ស្ថិតក្នុងឃុំពាមឆ្កោក ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង។

ករណីនេះលោក ឡុង សុផាត ប្រធានសហគមន៍នេសាទអន្លង់មេត្រីសែនជ័យ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះឲ្យដឹងថា ព្រែកទាំង២នេះ គឺសហគមន៍ជាអ្នកធ្វើដែលមាន គណៈកម្មការសហគមន៍ចំនួន៩រូប ដើម្បីបានថវិកាខ្លះសម្រាប់ទ្រទ្រង់សហគមន៍ និងការពារបឹងអភិរក្ស (បឹងប្រា) ដែលជាបឹងការពារដោយសហគមន៍នេសាទ អន្លង់មេត្រីសែនជ័យ។

លោកបានបញ្ជាក់ទៀតថា ព្រែកទាំង២ខាងលើនេះ សហគមន៍បានធ្វើតាំងពីឆ្នាំ២០១៤ ហើយត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុញ្ញាតច្បាប់ត្រឹមត្រូវ ចាប់ពីឆ្នាំ២០២០-២០២១ ដែលលិខិតអនុញ្ញាតច្បាប់នោះ មានសុពលភាពរហូតរយៈពេល៤ឆ្នាំ ដែលក្នុងមួយឆ្នាំ មានរយៈពេល៣ខ្នើត។ ទើបតែរយៈពេលប៉ុន្មានថ្ងៃនេះ មានប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រមាណ៣០០នាក់ បានផ្ដិតមេដៃតវ៉ាមិនឲ្យសហគមន៍ធ្វើការនេសាទ នៅព្រែកទាំង២ខាងលើនេះ តែក៏មានពលរដ្ឋនៅក្នុងសហគមន៍បានផ្ដិតមេដៃគាំទ្រ ឲ្យសហគមន៍បន្តធ្វើ ដែលមានចំនួនប្រហាក់ប្រហែលគ្នានេះផងដែរ។

ចំណែកលោក កែវ ម៉េត មេឃុំពាមឆ្កោក បានបញ្ជាក់ដែរថា ករណីខាងលើនេះលោកគ្រាន់តែបានដឹងថា មានប្រជាពលរដ្ឋផ្ដិតមេដៃមិនឲ្យមានការធ្វើរបាំងធ្នួសផ្ជិតព្រែកទាំង២ខាងលើនេះ។ បើតាមលោកដឹងក៏មាន ប្រជាពលរដ្ឋប្រហាក់ប្រហែលគ្នា បានផ្ដិតមេដៃគាំទ្រអនុញ្ញាតឲ្យសហគមន៍បន្តធ្វើព្រែកខាងលើនេះផងដែរ។ ចំណែកឯ មេដៃគេផ្ដិតដាក់ទៅខាងណាចំនួនប៉ុន្មាននោះ លោកអត់បានដឹងទេដោយសារតែគេ មិនបានឆ្លងកាត់តាមរយៈលោក។

ចំណែកភាគីម្ខាងទៀត ដែលបានផ្ដិតមេដៃមិនគាំទ្រឲ្យធ្វើព្រែកនោះ ពួកគាត់បានលើកឡើងថា ការអនុញ្ញាតឲ្យធ្វើព្រែកនេះ វាប៉ះពាល់ដល់ការចេញចូល ធ្វើដំណើររបស់ពួកគាត់ ពិសេសពិបាកដល់សត្វគោក្របីរបស់ពួកគាត់ ក្នុងការចម្លងយកទៅឃ្វាលផងដែរ។ ចំពោះច្បាប់អនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកក៏បានឃើញដែរ ដោយជំនាញបានយកមកបង្ហាញលោក ច្បាប់នោះបើតាមលោកដឹង គឺនៅមានសុពលភាពក្នុងឆ្នាំ២០២២នេះ តែរយៈពេល៣ខ្នើតទៀតតែប៉ុណ្ណោះ។

ដោយឡែក លោក ឈឹម ឈឿន ប្រធានសហព័ន្ធសហគមន៍នេសាទ បានឲ្យដឹងដែរថា ចំពោះកណីព្រែកដែលមានទំនាស់ខាងលើនេះ កន្លងទៅធ្លាប់បានធ្វើម្ដងមកហើយ តែកាលណោះមានបញ្ហាដោយសារមិនឯកភាពគ្នា ហើយក៏បានផ្អាកឈប់ធ្វើម្ដងរួចមកហើយ ទើបតែឆ្នាំទៅមិញ បានរៀបចំជាមួយគណៈកម្មការម្ដងទៀត ហើយក៏បានព្រមព្រៀងគ្នា ដោយអនុញ្ញាតឲ្យធ្វើរហូតដល់៤ឆ្នាំជាប់គ្នា ដោយបានរៀបចំសំណើរស្នើទៅថ្នាក់លើ ចាប់ពីភូមិ ឃុំ ស្រុក មន្ត្រីជំនាញជលផល មន្ទីរកសិកម្ម អាជ្ញាធរខេត្ត រហូតដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ក្រសួងកសិកម្ម ក៏បានចេញលិខិតអនុញ្ញាតឲ្យសហគមន៍នេសាទធ្វើការនេសាទ នៅរដូវបើកនេសាទតាមបណ្ដាព្រែកចំនួន១៦ ក្នុងខេត្តកំពង់ឆ្នាំង ដើម្បីបម្រើឲ្យសហគមន៍ចំនួន២៨សហគមន៍ តែក្នុងចំណោម១៦ព្រែកទាំងអស់ខាងលើនេះ ធ្វើបានតែ១៥ព្រែកតែប៉ុណ្ណោះ។

សម្រាប់លោក លី ឡា នាយខណ្ឌដ្ឋបាលជលផលកំពង់ឆ្នាំងវិញ នៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា បានបញ្ជាក់ថា ការបោះធ្នួសធ្វើឡូត៍នេសាទខាងលើនេះ គឺក្រសួងកសិកម្ម បានឯកភាពរួចហើយដែលមានលិខិតអនុញ្ញាតត្រឹមត្រូវ ប៉ុន្តែនៅក្នុងលិខិតអនុញ្ញាតិទាំង២នេះ ដែលមានខ្លឹមសារដោយផ្អែកតាមមាត្រា៩ និងមាត្រា៣០ នៃច្បាប់ជលផល ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចអនុញ្ញាត្តឲ្យគណៈកម្មការសហគមន៍នេសាទខេត្តកំពង់ឆ្នាំង ធ្វើរបាំងធ្នួសនៅក្នុងតំបន់នេសាទសហគមន៍ ដែលបានគ្រប់គ្រងថែរក្សា និងការពាររបស់គណៈកម្មការផ្ទាល់ ដើម្បីចាប់ត្រីធ្វើប្រហុក ផ្អក និងលក់យកថវិកាសម្រាប់ទ្រទ្រង់ដំណើរការអភិវឌ្ឍសហគមន៍នេសាទ។

លិខិតទីមួយរបស់ក្រសួងចុះ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០បន្ទាប់ មកនៅឆ្នាំ២០២១ សហគមន៍បានស្នើសុំអនុញ្ញាត្តធ្វើរបាំងធ្នួសបន្តទៀត ក្រសួងបានអនុញ្ញាតឲ្យចាប់ត្រីបន្តទៀតរយៈពេល៣ខ្នើត ក្នុងឆ្នាំ២០២១ តាមលិខិតចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។ ដោយផ្អែកតាមលិខិតអនុញ្ញាតទាំង២ខាងលើនេះ បានអនុញ្ញាតឲ្យសហគមន៍ចាប់ត្រីបម្រើផលប្រយោជន៍ដើម្បីអភិវឌ្ឍន៍សហគមន៍ មិនបានអនុញ្ញាតឲ្យលក់ឡូត៍នេសាទទៅឲ្យឈ្មួញនោះទេ។

ជុំវិញករណីខាងលើនេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ករណីដែលមានប្រជាពលរដ្ឋ ផ្ដិតមេដៃតវ៉ាមិនឲ្យធ្វើការនេសាទទៅលើព្រែកទាំង២ខាងលើនេះ លោកនឹងមិនទាន់អនុញ្ញាតឲ្យធ្វើជាបណ្ដោះអាសន្ន រង់ចាំការដោះស្រាយសិន។

លោកបញ្ជាក់ថា បើតាមបញ្ជារបស់លោកអភិបាលខេត្ត ត្រូវធ្វើការស្រាវជ្រាវឡើងវិញ នូវស្នាមមេដៃប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ទាំងស្នាមមេដៃអ្នកគាំទ្រឲ្យសហគ មន៍នេសាទធ្វើ និងស្នាមមេដៃក្រោយ ដែលពួកគាត់មិនគាំទ្រឲ្យធ្វើឲ្យធ្វើ។ ពិសេសត្រូវធ្វើការស្រាវជ្រាវឲ្យបានច្បាស់លាស់អំពីផលប៉ះពាល់ ដល់ប្រជានេសាទក្នុងមូលដ្ឋាន ដែលពួកគាត់មានចំនួនរហូតជាង៣០០នាក់ បានផ្ដិតមេដៃមិនគាំទ្រឲ្យធ្វើ។

លោកបានបញ្ជាក់ទៀតថា ចំពោះលិខិតអនុញ្ញាតឲ្យសហគមន៍នេសាទ ធ្វើការនេសាទទៅលើព្រែកនៃឡូត៍នេសាទមួយចំនួន ក្នុងខេត្តកំពង់ឆ្នាំង របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខាងលើនេះ នៅក្នុងអត្ថន័យ និងខ្លឹមសាររបស់លិខិតអនុញ្ញាតនោះ គឺនៅតែមានសុពលភាពនៅឡើយ។ តែទោះជាយ៉ាងនេះក្តី លោកបានធ្វើសំណើថ្មីមួយទៀតស្នើ សុំលោករដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្មីរួចហើយ ដើម្បីសុំឲ្យសហគមន៍នេសាទបន្តធ្វើទៅឆ្នាំនេះ និងឆ្នាំក្រោយៗទៀត តែក្រសួងមិនទាន់មានការឆ្លើយតបនៅឡើយ៕