(ព្រៃវែង)៖ លោក អ៊ីវ លាង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកបាភ្នំ និងមន្ត្រីមកពីថ្នាក់ជាតិ បានសំណូមពរដល់អាជ្ញាធរភូមិ-ឃុំ នៅតាមមូលដ្ឋាន និងក្រុមការងារទាំងអស់ ត្រូវបង្កើនសកម្មភាពការងារកាន់តែខ្លាំងឡើង សម្រាប់ការចុះជួយប្រជាពលរដ្ឋ និងជួយដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងមូលដ្ឋានដោយផ្ទាល់ ឱ្យកាន់តែមានប្រសិទ្ធភាព។

ការក្រើនរំឮកបែបនេះ របស់លោក អ៉ីវ លាង ក្នុងឱកាសដែលោកបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ការងារជាមួយអាជ្ញាធរដែនដី និងសំណេះសំណាលជាមួយប្រជាពលរដ្ឋមូលដ្ឋានសហគាមន៍ចំនួន ១៤ភូមិ និងលើកទិសដៅបន្តឆ្នាំ២០២២-២០២៣ រួមទាំងការកែលំអរបន្ថែមចំណុចខ្វះខាតថ្នាក់មូលដ្ឋានស្ថិតក្នុងឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃ២៦ ខែវិច្ឆិកា ឆ្នាំ២០២២។

បន្ទាប់ពីតំណាងអាជ្ញាធរដែនដីឡើងអានរបាយការណ៍បច្ចុប្បន្ន និងទិសដៅបន្តក្នុងឃុំរួចមក លោក អុីវ លាង ថ្លែងកោតសសើរដល់អាជ្ញធរដែនដី និងប្រជាពលរដ្ឋទាំងមូលកន្លងមកតែងតែសហការគ្នាបានយ៉ាងល្អធ្វើឱ្យភូមិ ឃុំ មានបរិស្ថានល្អស្អាត និងជំរុញឱ្យបន្តការខិតខំបន្ថែមទៀត ដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងការបោះឆ្នោតឆ្នាំ២០២៣ នាពេលដ៏ខ្លីខាងមុខ អនុលោមតាមឆន្ទៈរបស់ប្រជាពលរដ្ឋ។ល។

នាឱកាសនោះដែរលោកក៏ក្រើនរំលឹកថាបទពិសោធន៍របស់ប្រទេសមួយចំនួនដែលកំពុងកើតសង្គ្រាម គឺជាមេរៀនសម្រាប់ការយល់ដឹងរបស់យើងថា គោលនយោបាយផ្តោតលើការថែរក្សាសន្តិភាព គឺមានសារៈសំខាន់ ហើយការរក្សាអាយុជីវិតរបស់ប្រជាជន និងប្រទេសជាតិក៏រឹតតែជារឿងសំខាន់ និងត្រូវការចាំបាច់នូវថ្នាក់ដឹកនាំដែលមានទស្សនទាននយោបាយសន្តិភាព មានចក្ខុវិស័យវែងឆ្ងាយ និងមានពិសោធន៍គ្រប់គ្រាន់ដើម្បីធ្វើការសម្រេចជាយុទ្ធសាស្ត្រ សមស្របទៅនឹងកត្តាប្រវត្តិសាស្ត្រ ភូមិសាស្ត្រនយោបាយ និងការប្រែប្រួលដ៏ឆាប់រហ័សរបស់ពិភពលោក ដើម្បីការពារសន្តិភាព ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី។

លោក អ៉ីវ លាង បានបន្តថា ក្រោមដំបូលសន្តិភាព មានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំចុះជួយថ្នាក់ខេត្តព្រៃវែងទាំងមូល បានប្តេជ្ញាថែរក្សាសនិ្តភាព ដែលរកមកបានដោយលំបាកនេះឱ្យនៅឋិតឋេរគង់វង្សជូនប្រជាពលរដ្ឋបានយូរអង្វែងច្រើនជំនាន់ ទន្ទឹមនឹងនេះ ក៏នឹងបន្តពង្រីកឱកាសធ្វើឱ្យជីវភាពប្រជាជនកាន់តែប្រសើរឡើងថែមទៀត។

ឆ្លៀតក្នុងឱកាសនោះដែរ លោកក៏បានជំរុញដល់ប្រជាពលរដ្ឋដែលគ្រប់អាយុសូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជាពិសេសសូមបោះឆ្នោតគាំទ្រ នាឱកាសបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីបន្តរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ ដែលកំពុងមានដូចសព្វថ្ងៃនេះឱ្យបានគង់វង្ស។

គូសបញ្ចាក់ថាជារៀងសប្តាហ៍លោក និងក្រុមការងារមានឆន្ទៈខ្ពស់ប្រចាំការចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីដើម្បីលើកទឹកចិត្ត និងជំរុញតាមខ្នងផ្ទះឱ្យប្រជាពលរដ្ឋថែរក្សាអនាម័យបរិស្ថាន ក្នុងវឌ្ឍនភាពនៅឃុំបឹងព្រះ។

លោកបានលើកឡើងថា ក្រោមដំបូលសុខសន្និភាព ដែលមានសម្តេចតេជោ ហ៊ុន​ សែន ជាប្រមុខដឹកនាំ ធ្វើឱ្យប្រទេសមានការអភិវឌ្ឍរីកចម្រើនពីខេត្ត ស្រុក ក្រុង រហូតដល់ភូមិសហគមន៍ជាក់ស្តែងឃុំបឹងព្រះ រហូតមកដល់សព្វថ្ងៃ មានសាលារៀន វត្តអារាម ផ្លូវតាមភូមិ ប្រឡាយ អណ្តូងប្រើប្រាស់ទឹក ក្រុមការងារចុះជួយឃុំបានចូលចំណែកជួយជួសជុលបន្តកន្លែងផ្លូវសហគមន៍ ដែលខូចមួយចំនួន។

មួយផ្នែកទៀត លោកបានជំរុញដល់បងប្អូនប្រជាពលរដ្ឋកុំភ្លេចការងារបង្កបង្កើនផលស្រូវ និងដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីជួយបន្ថែមលើសេដ្ឋកិច្ចគ្រួសារ។ បងប្អូនខ្លះមួយចំនួនបានធ្វើចំណាកស្រុកទៅធ្វើការងារក្នុង និងក្រៅស្រុកផងនោះ គឺពង្រីកជីវភាពក្នុងគ្រួសារ៕