(ព្រះសីហនុ)៖ កប៉ាល់យក្សមួយគ្រឿង បានដឹកគោរស់ប្រភេទពូជគោប្រាម៉ាន់ ពីប្រទេសអូស្ត្រាលី ចូលចតនៅកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ ទៅតាមការបញ្ជាទិញពីក្រុមហ៊ុនអេស អិល អិន មីតសឹបផ្លាយ ភីធីវ៉ាយ អិលធីឌី ដើម្បីកាប់យកសាច់ លក់ចែកចាយនៅក្នុងប្រទេសកម្ពុជា ដែលនេះគឺជាលើកទី១ហើយ ដែលក្រុមហ៊ុនបង្កើតទីសត្វឃាតនាំគោរស់ យកមកកាប់យកសាច់លក់ស្រស់ៗ នៅលើទីផ្សារ ខណៈកន្លងមកមានត្រឹមតែនាំសាច់គោក្លាស្សេ យកមកលក់ទ្រង់ទ្រាយតូចៗប៉ុណ្ណោះ។
លោក ប៊ុន វណ្ណរិទ្ធ តំណាងក្រុមហ៊ុនខាងលើបានប្រាប់អង្គភាព Fresh News នៅព្រឹកនេះថា គោឈ្មោលស្ទាវក្រៀវ ពូជគោប្រាម៉ាន់ នាំមកពីប្រទេសអូស្ត្រាលី នាពេលនេះ គឺមានចំនួនសរុប ២៧៦៦ក្បាលដឹកតាមកប៉ាល់ ដ៏ធំមួយឈ្មោះ Greyman Express បានចូលចត នៅផែក្រុងព្រះសីហនុ ដោយសុវត្ថិភាព នៅព្រឹកថ្ងៃទី១៧ មិថុនានេះទៅតាមការបញ្ជាទិញពីក្រុមហ៊ុន ក្រោមកិច្ចសហប្រតិបត្តិការជាមួយ ប្រទេសអូស្ត្រាលី។
លោកបានបន្ថែមថា «ក្នុងពេលដំបូងនេះ ប្រសិនបើសាច់គោដែលផលិតបាន មានការគាំទ្រក្នុងការទិញយកទៅទទួលទានច្រើន ក្រុមហ៊ុននឹងពង្រីកទីផ្សារចែកចាយ លក់ទៅប្រទេសជិតខាងបន្តទៀត»។
ក្រុមហ៊ុន អេស អិល អិន បានបោះទុនប្រមាណ៥០លានដុល្លារ កសាងហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រផលិតសាច់គោ (ទីសត្វឃាត) ដ៏ទំនើបជាលើកដំបូងនៅកម្ពុជា និងធំជាងគេនៅតំបន់អាស៊ាន ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិព្រែកទាល ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ។ ក្នុងនោះការនាំចូលគោរស់ពូជប្រាម៉ាន់ ពីប្រទេសអូស្ត្រាលី ដែលជាពូជល្បីនៅលើ ពិភពលោកនេះ ក្រៅពីកាប់យកសាច់ផ្គត់ផ្គង់ទីផ្សារនៅ ក្នុងប្រទេស ក្រុមហ៊ុនក៏ធ្វើការផ្គត់ផ្គង់ទីផ្សារ នៅបណ្ដាលប្រទេសមួយចំនួនទៀត ដូចជាចិន ថៃ វៀតណាម ជប៉ុន និងប្រទេសមួយចំនួនទៀតផងដែរ។
សូមជម្រាបថា សត្វគោទាំង២,៧៦៦ក្បាលខាងលើនេះ ត្រូវបាននាំចូលពីប្រទេសអូស្រ្តាលី កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ហើយបានមកដល់កំពង់ផែព្រះសីហនុ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ៕