(ភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបង្ហោះវីដេអូអបអរសាទរខួប ៤ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោលវត្តស្វាយអណ្ដែត ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (២៨ វិច្ឆិកា ២០១៨ - ២៨ វិច្ឆិកា ២០២២)។

ល្ខោនខោល ឬល្ខោនពាក់របាំងមុខ ជាប្រភេទសិល្បៈទស្សនីយភាពរបស់ខ្មែរមួយ ដែលមានអាយុកាលអំឡុងសតវត្សរ៍ទី៩ (តាមរយៈចម្លាក់លឹប នៅតាមជញ្ជាំងអង្គរ)។ លក្ខណៈពិសេសរបស់ល្ខោនខោលគឺ សម្ដែងតែនៅក្នុងរឿងរាមកេរ្តិ៍ខែ្មរតែមួយគត់ (មិនយករឿងអ្វីផ្សេងមកសម្ដែងឡើយ) ហើយអ្នកសម្តែងសុទ្ធតែជាមនុស្សប្រុស (ទោះបីជាតួអង្គស្រីក៏យកប្រុសមកសម្តែងដែរ)។

ការសម្ដែងក្នុងល្ខោនដ៏ចំណាស់របស់ខ្មែរនេះ គឺកំដរដោយវង់ភ្លេងពិណពាទ្យ រួមបញ្ចូលទាំងអ្នកពោលរៀបរាប់អំពីដំណើររឿង ហើយតួអង្គធ្វើកាយវិការតាមសម្ដីអ្នកពោលនោះ។

គួរបញ្ជាក់ផងដែរថា នេះជាឆ្នាំទី៤ហើយ ដែលអង្គការយូណេស្កូសម្រេចដាក់បញ្ចូល ល្ខោនខោល របស់កម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ៕