(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានប្រាប់សមាគមធុរកិច្ចថៃ-កម្ពុជា ឱ្យចាប់យកឱកាសវិនិយោគនៅកម្ពុជា ដើម្បីទាញបានផលចំណេញ។

លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យលោក Voratat Tantimongkolsuk ប្រធានសមាគមធុរកិច្ចថៃ-កម្ពុជា ទើបតែងតាំងថ្មី, លោក Narumon (Nannie) Ringsuansin អតីប្រធានសមាគមធុរកិច្ចថៃ-កម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីជំរុញបរិយាកាសធុរកិច្ច ពាណិជ្ជកម្ម វិនិយោគ និងវិស័យសក្តានុពលផ្សេងៗទៀតរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើឡើង។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការអញ្ជើញមកទស្សនកិច្ចស្វែងយល់ និងចាប់យកនូវកាលានុវត្តភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅកម្ពុជា របស់គណៈប្រតិភូថៃនៅពេលនេះ។

លោករដ្ឋមន្ត្រី ចាត់ដំណើរទស្សនកិច្ចរបស់ប្រតិភូសមាគមធុរកិច្ចថៃ-កម្ពុជានៅកម្ពុជានាពេលនេះ នឹងជួយឱ្យលោកប្រធាន និងគណៈប្រតិភូ ជ្រាបច្បាស់ថែមទៀតពីសក្តានុពលរបស់កម្ពុជានាពេលបច្ចុប្បន្ន។

នៅចំពោះមុខថ្នាក់ដឹកនាំសមាគមធុរកិច្ចថៃ-កម្ពុជា លោក ប៉ាន សូរស័ក្តិ បានលើកបង្ហាញពីការធ្វើកំណែទម្រង់មួយចំនួនរបស់កម្ពុជា លើលិខិតូបករណ៍មួយចំនួនពាក់ព័ន្ធការធ្វើពាណិជ្ជកម្មនេះ ដើម្បីសម្រួលដល់ការធ្វើធុរកិច្ច។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មបានធ្វើកំណែទម្រង់ការផ្តល់សេវាសាធារណៈ និងបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ការចុះបញ្ជីក្រុមហ៊ុន និងការចុះបញ្ជីម៉ាក ឱ្យកាន់តែមានភាពងាយស្រួល មានតម្លាភាព និងប្រសិទ្ធភាព។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានបង្ហាញពីសក្តានុពល និងឱកាសរកផលចំណេញពីការធ្វើពាណិជ្ជកម្មនៅកម្ពុជា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជាជាមួយចិន និងកូរ៉េខាងត្បូង។ ជាពិសេសកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP។

លោករដ្ឋមន្ត្រីលើកទឹកចិត្តដល់អ្នកធ្វើធុរកិច្ចរបស់ថៃ ចូលមកវិនិយោគនៅកម្ពុជា ដើម្បីចាប់ឱកាសរកផលចំណេញពីកិច្ចព្រមព្រៀងទាំងនេះ។

លោក Voratat Tantimongkolsuk ប្រធានសមាគមធុរកិច្ចថៃ-កម្ពុជា បានថ្លែងអំណរគុណ និងសម្ដែងសេចក្ដីរីករាយ ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅរបស់លោករដ្ឋមន្ត្រីពាណិជ្ជកម្ម ក្នុងការចំណាយពេលវេលាដ៏មមាញឹក ទទួលជួបគណៈប្រតិភូធុរកិច្ចថៃ នាពេលនេះ។

លោកប្រធានសមាគម បានបន្តថា គោលបំណងនៃទស្សនកិច្ចរបស់គណៈប្រតិភូសមាគមធុរកិច្ចថៃ-កម្ពុជា នាពេលនេះ ដើម្បីស្វែងយល់បន្ថែមអំពីការបង្កើនឱកាសពាណិជ្ជកម្ម វិនិយោគ ពង្រីកបណ្តាញទីផ្សារ រវាងប្រទេសទាំងពីរបន្ថែមទៀត៕