(ភ្នំពេញ)៖ ក្នុងព្រឹត្តិការណ៍ដ៏វិសេសវិសាលនៅឯទីក្រុងឡុងដ៍ រថយន្ត Rolls-Royce VISION NEXT 100 ត្រូវបានបង្ហាញជាសាធារណៈ ដែលរថយន្តនេះកំណត់ពីនិយមន័យ នៃការធ្វើដំណើរនាពេលអនាគត ដែលមានឈ្មោះជាកូដថា 103EX ជា «រថយន្តចក្ខុវិស័យ» ពិតៗដំបូងគេបំផុត របស់ម៉ាកយីហោរថយន្ត Rolls-Royce ។
រថយន្ត Rolls-Royce VISION NEXT100 បង្ហាញពីចក្ខុវិស័យដ៏ទាក់ទាញ និងឆើតឆាយ នៃរថយន្តប្រណីតនាថ្ងៃអនាគតដែលផ្ដល់នូវ ការច្នៃទៅតាមបុគ្គលទាំងស្រុង មានការបើកបរដោយងាយស្រួល និងមានស្វ័យភាព តាមរយៈការរចនាដែលធានាផ្ដល់នូវ «ជម្រកដ៏អស្ចារ្យ» និង «ដំណើរមកដល់ដ៏អស្ចារ្យ» សម្រាប់អ្នកជិះ ។
លោក Torsten Müller-Ötvös អគ្គនាយកប្រតិបត្តិក្រុមហ៊ុនរថយន្ត Rolls-Royce បានថ្លែងថា «ថ្ងៃនេះ រថយន្ត Rolls-Royce ដែលជាម៉ាក យីហោប្រណីត ឈានមុខគេនៅលើពិភពលោក បានកំណត់ពីនិយមន័យ នៃរថយន្តប្រណីតនាពេលអនាគត ដែលដំណើរមកដល់ នៃរថយន្ត Rolls-Royce VISION NEXT 100 ចង្អុលបង្ហាញឲ្យឃើញច្បាស់ ពីអនាគតដ៏ភ្លឺត្រចះត្រចង់ នៃម៉ាកយីហោរបស់យើង ដែលក្នុងនោះ តម្រូវការផ្ទាល់ខ្លួនរបស់អតិថិជន របស់យើងដែលចង់បានការកែច្នៃពេញលេញ និងពិតៗ នឹងអាចសម្រេចបានតាមរយៈការ ច្របាច់បញ្ចូលគ្នារវាងបច្ចេកវិទ្យា ការរចនា និងទឹកដៃពិសេសពី Rolls-Royce» ។
លោក Giles Taylor នាយកផ្នែករចនាម៉ូត ក្រុមហ៊ុនរថយន្ត Rolls-Royce បានលើកឡើងថា «ជាមួយនឹងរថយន្ត Rolls-Royce VISION NEXT100 យើងមានការប្រុងប្រយ័ត្ន ក្នុងការមិនពឹងផ្អែកលើអតីតកាល ហើយយើងចង់មានការច្នៃប្រឌិតថ្មី តាមដែលអាចធ្វើបាន ហើយព្រមជាមួយគ្នានេះ គឺត្រូវធ្វើឲ្យប្រសើរជាងប្រវត្តិសាស្ត្រ ខាងរចនាម៉ូតនៃម៉ាកយីហោរបស់យើង»។
រថយន្ត Rolls-Royce VISION NEXT100 គឺគិតដល់តម្រូវការធ្វើដំណើរ របស់អតិថិជនទំនិញប្រណីតនាពេលអនាគត ដែលរថយន្តនេះ ត្រូវបានលេចចេញជារូបរាង បន្ទាប់ពីចំណាយពេលរាប់ខែក្នុងការសិក្សា និងពិគ្រោះយោបល់ជាមួយអតិថិជន របស់ក្រុមហ៊ុននាពេល បច្ចុប្បន្ន ហើយតំណាងឲ្យតម្រូវការ ដែលបានបញ្ជាក់យ៉ាងច្បាស់ពីអតិថិជន ដែលចង់បានការធានាថា ផែនការរបស់ក្រុមហ៊ុនសម្រាប់ការ ធ្វើដំណើរឯកជននាពេលអនាគត នឹងបន្តបញ្ចូលនូវចំណុចសំខាន់ៗ ដែលធ្វើឲ្យរថយន្ត Rolls-Royce ជារថយន្តពេញនិយមក្នុងចំណោម អតិថិជនដែលវ័យឆ្លាត និងដែលមានឥទ្ធិពលក្នុងពិភពលោក ក្នុងរយៈកាលមួយសតវត្សរ៍មកហើយ។
ជាមួយនឹងរថយន្ត Rolls-Royce VISION NEXT100 ក្រុមហ៊ុនផ្ដល់នូវការធានាទាំងនោះ ដល់អតិថិជនដ៏មានតម្លៃរបស់ខ្លួនទាំងពេល បច្ចុប្បន្ន និងអនាគត ដែល ក្រុមហ៊ុនបានប្រកាសដោយភាពជឿជាក់មុតមាំថា នៅថ្ងៃអនាគត Rolls-Royce ទាត់ចោលចំពោះគំនិត នៃការប្រើប្រាស់មធ្យោបានធ្វើដំណើរ ដែលគ្មានគុណភាព គ្រាន់តែអាចប្រើបាន និងមិនផ្ដល់នូវក្តីរំភើប។ តាមរយៈការស្វែងយល់ស៊ីជម្រៅ អំពីការគិត និងតម្រូវការទៅថ្ងៃក្រោយរបស់អតិថិជនខ្លួន ក្រុមហ៊ុនរថយន្ត Rolls-Royce បង្ហាញ នូវរថយន្តដែលទាក់ទាញដោយមាន ចក្ខុវិស័យក្នុងការប្រើប្រាស់ ដោយមិនបាច់ប្រឹង មានស្វ័យភាព មានភាពទូលាយ និងប្រណីតស្រស់ស្អាត ហើយមានលក្ខណៈខុសៗគ្នា ទៅតាមអតិថិជនម្នាក់ៗ៕