(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា កម្ពុជាជាប្រទេសគំរូសម្រាប់ប្រទេសមានធនធានតិច និងប្រទេសដែលទើបជៀសផុតពីសង្រ្គាម អាចសម្រេចគោលដៅសុខភាពបានយ៉ាងឆាប់រហ័ស។

ការថ្លែងដូច្នេះរបស់លោករដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវេទិកាថ្នាក់តំបន់លើកទី៤ របស់មជ្ឈមណ្ឌលសហប្រតិបត្តិការ នៃអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ី-ហ្វិកខាងលិច ដែលត្រូវបានរៀបចំក្នុងទម្រងហាយប្រីដ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប ដោយមានការចូលរួមពីលោកស្រីបណ្ឌិត Corinne Capuano នាយកគ្រប់គ្រងកម្មវិធី នៃអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច។

វេទិកានេះរៀបចំឡើង ក្នុងគោលបំណងចែករំលែកមេរៀនជាបទពិសោធន៍ ក្នុងចំណោមប្រទេសជាសមាជិក របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ជាពិសេសលើការងារថែទាំសុខភាពបឋម និងការទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ដែលមានអ្នកចូលរួមមកពីប្រទេស ជាសមាជិកអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលមានមជ្ឈមណ្ឌលសហប្រតិបត្តិការ សរុបជាង២០០នាក់។

នៅក្នុងពិធីបើកវេទិកាថ្នាក់តំបន់លើកទី៤នោះ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសរំលេចថា កម្ពុជាបានបើកប្រទេសឡើងវិញទាំងស្រុង នូវសកម្មភាពសេដ្ឋកិច្ចសង្គម តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ ដែលសមិទ្ធផលទាំងនេះ កើតឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងមានការគាំទ្រពីអង្គការសុខភាពពិភពលោក និងដៃគូអភិវឌ្ឍន៍ទាំងអស់ ព្រមទាំងមានការចូលរួមរបស់សង្គមជាតិទាំងមូល ធ្វើឱ្យប្រទេសកម្ពុជាបានទទួលជោគជ័យ លើសមរភូមិគ្រប់គ្រងឆ្លើយតបនឹងជំងឺកូវីដ-១៩ និងធានាបានភាពធនប្រព័ន្ធសុខាភិបាល ជាពិសេសការផ្តល់សេវាជាសារវ័ន្ត នៅក្នុងប្រទេសរបស់ខ្លួន ប៉ុន្តែពិភពលោកយើងអាចទទួលជោគជ័យទាំងស្រុង លើការប្រយុទ្ធនឹងជំងឺកូវីដ-១៩ លុះត្រាតែប្រទេសទាំងអស់ រួមសហការ សាមគ្គីគ្នាជាធ្លុងមួយ។

រដ្ឋមន្ត្រីក៏បានលើកឡើងបន្ថែមថា «យើងមានមោទនភាពដែលកម្ពុជា ជាប្រទេសគំរូសម្រាប់ប្រទេសមានធនធានតិច និងប្រទេស ដែលទើបជៀសផុតពីសង្រ្គាមអាចសម្រេចគោលដៅសុខភាពបានយ៉ាងឆាប់រហ័ស។ វឌ្ឍនភាព និងគំនិតច្នៃប្រឌិត ក្នុងការផ្តល់ហិរញ្ញប្បទានសុខាភិបាល និងការផ្តល់សេវា បានចូលរួមចំណែកដល់ការសម្រេច បានគោលដៅអភិវឌ្ឍន៍សហស្សវត្សផ្នែកសុខាភិបាល ដែលធ្វើឱ្យកម្ពុជាក្លាយ ទៅជាប្រទេសមួយ ក្នុងចំណោមប្រទេសមួយចំនួនតូច នៅលើពិភពលោក ដែលសម្រេចបាននូវសមិទ្ធផលនេះ»

អង្គការសុខភាពពិភពលោក បាននិងកំពុងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល ដើម្បីលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ដោយគាំទ្រដល់ការអភិវឌ្ឍន៍ និងការអនុវត្តគោលនយោបាយសុខភាពយ៉ាងមាំ និងផ្តល់ប្រឹក្សាបច្ចេកទេស ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈ និងការផ្តល់សេវាសុខភាព ប្រកបដោយគុណភាព សមធម៌ និងចីរភាព។

ដោយមានជំនួយបច្ចេកទេស និងហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍន៍ រាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើឱ្យប្រសើរ ឡើងយ៉ាងឆាប់រហ័ស នូវហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស បន្តការខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់គុណភាព សេវាសុខាភិបាល ដាក់បញ្ចូលកម្មវិធីការផ្តល់ហិរញ្ញប្បទាន ផ្អែកលើលទ្ធផលការងារ និងការខិតខំពង្រឹងបទប្បញ្ញតិ្តនានា និងការធ្វើទំនើបកម្ម នវានុវត្តន៍បច្ចេកវិទ្យាឌីជីថល។

លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណ ដល់អង្គការសុខភាពពិភពលោក ដែលបានចូលរួមចំណែកអភិវឌ្ឍន៍ វិស័យសុខាភិបាលនៅកម្ពុជា ជាក់ស្តែងយុទ្ធសាស្រ្តសហប្រតិបតិ្តការសម្រាប់ប្រទេសរបស់ WHO ត្រូវបានធ្វើឱ្យមានសង្គត់ភាពជាមួយផែនការយុទ្ធសាស្រ្តសុខាភិបាល របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់ សុខភាពជាសកល។

អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បាននិងកំពុងជួយឧបត្ថម្ភ គាំទ្រវិស័យសុខាភិបាលនៅកម្ពុជា ទាំងបច្ចេកទេស និងថវិកា ជាពិសេសក្នុងអំឡុងពេលនៃការរាតត្បាតដោយជំងឺកូវីដ-១៩ WHO បានផ្តល់នូវការគាំទ្រ ទាំងការពង្រឹងសមត្ថភាពធនធានមនុស្ស ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការផ្គត់ផ្គង់៖ ១៖ការត្រៀមរៀបចំ និងឆ្លើយតបចំពោះការរាតត្បាតជា សកលនៃជំងឺកូវីដ-១៩ និងការពង្រឹងសមត្ថភាពស្នូលសម្រាប់គ្រប់គ្រងគ្រោះអាសន្ន និងការគំរាមកំហែង សន្តិសុខសុខភាព ២៖ ការធានាសេវាសុខភាពជាសារវ័ន្ត អំឡុងពេលរាតត្បាតជំងឺជាសកល ដូចជា ការលុបបំបាត់ជំងឺគ្រុនចាញ់ជំហានចុងក្រោយ ជំងឺរបេង ជំងឺអេដស៍ និងជំងឺរលាកថ្លើម ជំងឺដែលអាចបង្ការបានដោយវ៉ាក់សាំង ជំងឺមិនឆ្លងនិងការលើកកម្ពស់សុខភាព ការគ្របដណ្តប់សុខភាពជាសកល តាមរយៈការផ្តោតឡើងវិញទៅលើការថែទាំសុខភាពបឋម។

លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានគូសបញ្ជាក់បន្ថែមថា មជ្ឈមណ្ឌលសហប្រតិបត្តិការ របស់អង្គការសុខភាពពិភពលោក បានផ្តល់ការគាំទ្រទាំងដោយផ្ទាល់ និងដោយប្រយោលដល់ប្រទេសជាច្រើនក្នុងតំបន់។ មជ្ឈមណ្ឌលបានរួមចំណែកដល់ការងារសំខាន់ៗ របស់អង្គការសុខភាពពិភពលោក នៅក្នុងតំបន់របស់យើង និងនៅទូទាំងពិភពលោក ដូចជាមជ្ឈមណ្ឌលសហប្រតិបត្តិការរបស់អង្គការសុខភាពពិភពលោក សម្រាប់ការស្រាវជ្រាវ និងបង្អែក (WHO Collaborating Centre for Reference and Research) នៅប្រទេសអូស្រ្តាលី បានផ្តល់ការបណ្តុះបណ្តាលអំពីផ្តាសាយធំទៅដល់បុគ្គលិក មន្ទីរពិសោធន៍កម្ពុជា។ WCC នៅប្រទេសជប៉ុន បានផ្តល់ជំនួយផ្នែកបច្ចេកទេសដល់មន្ទីរពិសោធន៍បង្អែកសកល សម្រាប់ជំងឺគ្រុនស្វិតដៃជើង និងការធ្វើតេស្តរោគវិនិច្ឆ័យសម្រាប់ប្រទេសនានារួមទាំងប្រទេសកម្ពុជាផងដែរ។

លោកបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានសម្តែងនូវការកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដែលបានឆ្លើយតប និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយជោគជ័យ ដែលអាចឱ្យកម្ពុជាបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ។ លោកអគ្គនាយកបានថ្លែងអំណរគុណកម្ពុជា ដែលបានអនុញ្ញាតទទួលធ្វើជាម្ចាស់ផ្ទះវេទិកាលើកទី៤នេះ ដែលបានអាក់ខានតាំងពីឆ្នាំ២០២០។ លោកអគ្គនាយក ក៏បានគូសរំលេចនូវតួនាទីដ៏មានសារៈសំខាន់របស់មជ្ឈមណ្ឌលសហប្រតិបត្តិការទាំងចំនួន ៨០០នៃប្រទេសជាសមាជិកចំនួនជាង៨០ ទូទាំងពិភពលោក និងប្រមាណ២០០កន្លែង នៅតំបន់ប៉ាស៊ីហ្វិកខាងលិច។

លោកស្រីបណ្ឌិត Jakab អគ្គនាយករងអង្គការសុខភាពពិភពលោកថ្នាក់កណ្តាល និងជាមន្រ្តីទទួលបន្ទុកអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច បានគូសរំលេចថា ទស្សនៈវិស័យរបស់អង្គការសុខភាពពិភពលោក ស្តីពីអនាគតសម្រាប់ទាំងអស់គ្នា ត្រូវបានអនុម័តដោយ ប្រទេសជាសមាជិកតំបន់ប៉ាស៊ីហ្វិកខាងលិច កាលពីឆ្នាំ២០១៩ ហើយត្រូវបាននឹងកំពុងជំរុញការអនុវត្តជាក់ស្តែង។

លោកស្រីបណ្ឌិត Corinne Capuano នាយកគ្រប់គ្រងកម្មវិធី នៃអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច បានថ្លែងអំណរគុណក្រសួងសុខាភិបាលកម្ពុជា ដែលបានសហការគាំទ្រ អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច រៀបចំវេទិកាថ្នាក់តំបន់លើកទី៤ របស់មជ្ឈមណ្ឌលសហប្រតិបត្តិការ នៃអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច។

លោកស្រីនាយកគ្រប់គ្រងកម្មវិធី បានរំលឹកអំពីអាទិភាពដែលបានលើកឡើងតាំងពីវេទិកាលើកទី១ រួមមាន៖ សន្តិសុខសុខភាព (ភាពស៊ាំឱសថប្រឆាំងមេរោគ) ជំងឺមិនឆ្លងនិងភាពចាស់ជរា ការប្រែប្រួលអាកាសធាតុ សុខភាពនិងបរិស្ថាន ការធានាមិនឱ្យនរណាម្នាក់ត្រូវបានបោះបង់ចោលដោយមិនទទួលបានសេវាថែទាំសុខភាព អាចសម្រេចបានលុះត្រាតែមានការគាំទ្រ ជំរុញការអនុវត្តដោយតម្រៀបតម្រឹមជាមួយផែនការ និងគោលនយោបាយសុខាភិបាលរបស់ប្រទេសជាសមាជិកនីមួយៗ៕