(ភ្នំពេញ)៖ លោក ហុង សុខហួរ អតីតសមាជិព្រឹទ្ធសភាគណបក្ស សម រង្ស៊ី នៅម៉ោងប្រមាណជាង១០ព្រឹក ថ្ងៃទី១៧ ខែមិថុនានេះ ត្រូវបាននាំខ្លួនចេញពីសាលាដំបូងរាជធានីភ្នំពេញ ទៅកាន់ពន្ធនាគារវិញហើយ បន្ទាប់ពីចៅក្រមស៊ើបសួរ បញ្ចប់ការសាកសួរក្នុងនាម ជាសាក្សីក្នុងសំណុំរឿង ដែលបំបែកចេញពីសំណុំរឿងដើម ដែលចោទប្រកាន់លោកពីបទ ក្លែងបន្លំឯកសារសាធារណៈ និងញុះញុងបង្កឲ្យមានភាព វឹកវរដល់សន្តិសុខសង្គម។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា បានប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចថា នៅព្រឹកមិញនេះ លោក កោ វណ្ណឌី ជាចៅក្រមស៊ើបសួរ បានស្តាប់ចម្លើយរបស់លោក ហុង សុខហួរ ក្នុងនាមជាសាក្សី នៅក្នុងសំណុំរឿងផ្សេង ដែលបានបំបែកចេញពីសំណុំរឿងដើម ដែលចោទប្រកាន់លើលោក ហុង សុខហួរ ពីបទក្លែងឯកសារ សាធារណៈនិងញុះញុងនាំឲ្យមាន ភាពវឹកវរដល់សន្តិសុខសង្គម។ លោក ហុង សុខហួរ ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារវិញ ក្រោយពេលចៅក្រមសាកសួរចប់។
សូមបញ្ជាក់លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីឆ្នាំ២០១៥។ លោកត្រូវបានព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ បោទប្រកាន់ពីបទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារក្លែងសាធារណៈក្លែង និង បទញុះញង់បង្កឲ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលចែងឲ្យផ្ដន្ទាទោសតាមមាត្រា ៦២៩ មាត្រា ៦៣០ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការ ក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម បង្ហោះតាមទំព័រ Facebook លោក សម រង្ស៊ី។ តាមបទចោទប្រកាន់នេះ លោក សុខ ហួរ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ១០ឆ្នាំ៕