(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ទៅប្រគល់ផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈកិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជូនអតីតយុទ្ធជនសោធននិវត្តន៍នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុក និងជាប្រធានកិត្តិយសមាគមអតីតយុទ្ធជនកម្ពុជា ស្រុកកំពង់ស្វាយ បានឡើងថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូរយកចិត្តទុកដាក់សុខទុក្ខនិងសាងសង់ផ្ទះជូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា លោកនាយចំណង់ ហួត រិទ្ធ មានអាយុ៤៧ឆ្នាំ បានចូលបម្រើកងទ័ពនៅឆ្នាំ១៩៩៣ នៅអង្គភាពកងវរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ហើយត្រូវបានត្រូវបានក្រសួងការពារជាតិដាក់ឱ្យចូលនិវត្តន៍តាមការកំណត់ឆ្នាំ២០២០។ លោកមានភរិយា និងកូននៅក្នុងបន្ទុកចំនួន៥នាក់ ដោយប្រកបមុខធ្វេីស្រែ​ និងដាំដំណាំរួមផ្សំដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ ដោយគួបផ្សំនិងប្រាក់បៀវត្ស ដែលរាជរដ្ឋាភិបាលបានផ្តល់ជូនប្រចាំខែ។ ដោយមើលឃើញពីជីវភាពរស់នៅរបស់គាត់ មានការលំបាកខ្វះខាត ពុំមានលទ្ធភាពសាងសង់ផ្ទះឱ្យបានសមរម្យដោយខ្លួនឯងបានទើបគណៈកម្មាធិការសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ សុំការសម្រេចសាងសង់ ផ្ទះអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ជូនគាត់នៅពេលនេះ ដែលជាខ្នងផ្ទះទី២២៥ ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តា ជញ្ជាំង ស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់។

ក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ ឧត្តមសេនីយ៍ទោសោម ស៊ុន បាននាំយកនូវអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតមាន៖ អង្ករចំនួន ៥០គីឡូក្រាម មីចំនួន២កេស ត្រីខ និងសម្ភារសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយព្រមទាំងថវិកាមួយចំនួនផងដែរ។

លោកនាយចំណង់ ហួត រិទ្ធ និងក្រុមគ្រួសារ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត និងសូមគោរព ជូនពរចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សូមបានជួបតែនិងពុទ្ធពរទាំងប្រាំប្រការ កុំបីឃ្លៀងឃ្លាតឡើយ និងបានប្តេជ្ញាចិត្តបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន លុះអវសាន្តជីវិត៕